28.4 C
Phnom Penh

គណបក្ស​ទាំងពីរ​លើក​ឡើង​ថា បម្រាម​លើ​ការ​ “ជេរប្រមាថ” មិន​ប៉ះពាល់​ដល់ ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​ការងារ​​​កំណែ​​​ទម្រង់​​​ការ​​​បោះ​​​ឆ្នោត​​​មក​​​ពី​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​បន្ត​​​ការ​​​ចរចា​​​ កាល​​​ពី​​​ម្សិល​​​មិញ បន្ទាប់​​​ពី​​​បាន​​​លុប​​​ចោល​​​ជំនួប​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ដោយ​​​មន្ត្រី​​​មក​​​ពី​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​និយាយ​​​ការ​​​ពារ​​​ការ​លើកឡើង​​​ដ៏​​​ចម្រូង​​​ចម្រាស​​ក្នុងការ​ហាម​​​ឃាត់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​មិន​​​ឲ្យ​​​​​​”ជេរប្រមាថ​​​” គណបក្ស​​​នានា​​​អំឡុង​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​។

លោក គួយ​​​ ប៊ុន​​​​​​រឿន ​​​ប្រធាន​​​ក្រុម​​​ចរចា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ការ​​​ចរចា​​​នោះ​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បន្ទាប់​​​ពី​​​កិច្ច​​ប្រជុំ​​​​​​នៅ​​​រដ្ឋ​​​សភា​​​ថា ក្រុម​​​ទាំង​​​ពីរ​​​បាន​​​ព្រាង​​​មាត្រា​​​ចំនួន​​៤៥​​​នៃ​​​ជំពូក​​​ក្នុង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ ការ​​​រាប​​​់​​​សន្លឹក​​​ឆ្នោត​​​ និង​​​ការ​​​ប្រមូល​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែនៅ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជំុវិញ​​​បម្រាម​​​ស្តី​​​ពី​​​ការ​​​ជេរ​​​ប្រមាថ។

លោក គួយ​​​ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មាន​​​ចំណុច​​​មួយ​​​ដែល​​​យើង​​​មិន​​​ទាន់​​​បាន​​​ឈាន​​​ដល់​​​ការ​ព្រម​​​ព្រៀង​​​រួម​​​​​នៅឡើយ។ វា​​​គឺ​​​បញ្ហា​​​អព្យាក្រឹតភាព ការ​មិន​​​លម្អៀង​​​របស់​​​សង្គម​​​ស៊ីវិល​​​អំឡុងការ​​​បោះ​​​ឆ្នោត​​​ ការ​​​រាប់​​​សន្លឹក​​​ឆ្នោត និង​​​ការ​​​ប្រមូល​​​​លទ្ធផល​​​បោះ​​​ឆ្នោត​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​នឹង​​​ព្យាយាម​​​ឲ្យ​​​អស់​​​ពី​​​លទ្ធភាព​​​ដើម្បី​​​រៀប​​​ច​​​ំ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ឲ្យ​​​បាន​​​ល្អ​​​ដោយ​​​អនុញ្ញាត​​​ឲ្យ​​​គណបក្ស​​​នានា​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ ហើយ​​​យន្ត​​​ការ​​​បោះ​​​ឆ្នោត​​​អាច​​​ត្រូវ​​​គេ​​​ចាត់​​​វិធាន​​​ការ ហើយ​​​សម្តែង​​​មតិ​​​របស់​​​ខ្លួន​​​តាម​​​ស្មារតី​​​នៃ​​​ក្រម​​​សីលធម៌ វិជ្ជា​​​ជីវៈ និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​”។

លោក​​​ គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិន​​​បើ​​​ គ.ជ.ប. រៀប​​​ចំ​​​យន្ត​​​ការ​​​មិន​​​ត្រឹម​​​ត្រូវ​​​  ឧទាហរណ៍ ការ​ចុះឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​មិន​​​ត្រឹម​​​ត្រូវ ឬពួក​​​គេ​​​ចុះ​​​ឈ្មោះ​​​អ្នក​​​ដែល​​​គ្មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត ឬ​​​ចុះឈ្មោះ​​​ជន​​​បរទេស នោះមនុស្ស​​​គ្រប់​​​រូប​​​រួម​​​ទាំង​​​សង្គម​​​ស៊ីវិល​​​ផង​​​អាច​​​ធ្វើ​​​ការ​​​រិះ​​​គន់​​​បាន”។

លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​ ប៊ិន​​​ ឈិន ដែល​​​ដឹក​​​នាំ​​​គណបក្ស​​​កាន់​​​អំណាច​​​ក្នុង​​​ការ​​​ចរចា​​​នេះ​​​ក៏​​​បាន​​​និយាយ​​​​​​ការ​​​ពារ​​​បម្រាម​​​លើ​​​ “ការ​​​ជេរ​​​ប្រមាថ” ​​​អំឡុង​​​យុទ្ធនាការ​​​ឃោស​​នា​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ ប៉ុន្តែ​ទំនង​ជា​ធ្វើកា​របកស្រាយ​ទូលំទូលាយ​ពី​បែបបទ​ដែលខ្លួន​ចាត់​វិធានការ​។

លោក ប៊ិន ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា “តាមពិត​ ​​ពួក​​​គេ​​​អាច​​​វិភាគ​​​បាន​​​…ប៉ុន្តែ ពួក​​​គេ​​​ត្រូវ​​​គិត​​​មុន​​​ពេល​​​ចេញ​​​សេចក្តី​​​ប្រកាស​​​។ ​​​មាន​​​ន័យ​​​ថា ប្រសិន​​​បើ​​​ពួក​​​គេ​​​ឃើញ​​​មាន​​​ភាព​​​មិន​​​ប្រក្រតី​​​នៅការ​​​ិយាល័យ​​​បោះ​​​ឆ្នោត​​​មួយ ប៉ុន្តែ និយាយ​​​ថា វា​​​កើត​​​ឡើង​​​នៅ​​​ទូទាំង​​​ប្រទេស​នោះ ពួក​​​គេ​​​ហាក់​​​ដូច​​​ជា​​​លម្អៀង​​​ហើយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​មែន​រារាំង​​​ពួកគេ​​​មិន​​​ឲ្យ​​​និយាយ​​​នោះ​​​ទេ​​​។ ប៉ុន្តែ ពួក​​​គេ​​​ត្រូវ​​​និយាយ​​​អ្វី​​​ដែល​​​ពិត​​​​​ និង​​​​មិន​​​លម្អៀង។ គេ​​​អាច​​​ចេញ​​​សេចក្តី​​ថ្លែង​​​ការ​​​ណ៍មិន​​​លម្អៀងបាន​​​​ ប៉ុន្តែ មិន​​​មែន​​​ក្នុង​​​បំណង​​​អាក្រក់​​​ឡើយ​​​”៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស