41.3 C
Phnom Penh

លោក​ ហ៊ុន សែន និយាយ​ការ​ពារ​គម្រោង​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ស្ទឹង​ឆាយ​អារ៉ែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​​​ការ​​​ការ​​​ពារ​​​ថ្មី​​​បំផុតរបស់​​​​​​រដ្ឋាភិបាល​​​​​​អំពី​​​គម្រោង​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​​​​កណ្តាល​​​ភ្នំ​​​ក្រវាញ​​​ដែលមាន​ការ​អភិវឌ្ឍតិចតួច​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ច្បាប់​​​បាន​​​និយាយ​​​សម្រាល​​​អំពី​​​ផល​​​ប៉ះ​​​ពាល​​​់​​​របស់​គម្រោង​​​នេះ​​​ទៅ​​​លើ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​រាប់​​​រយ​​​គ្រួសារ​​​ដែល​​​នឹង​​​ផ្លាស់​​​ទី​​​លំនៅ​​​ ហើយ​បាន​លើកឡើង​​ថាវា​ទំនងជា​ផ្ត​ល់​​ផល​ប្រយោជន​៍។

លិខិត​​​ដែល​​​ចុះ​​​ថ្ងៃ​​​១៥​​​ខែ​​​មករា ហើយ​​​ទទួល​​​បាន​​​កាល​​​ពីម្សិល​​​មិញ​​​ ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​របស់​​​លោកស្រី  តែ​​​ ច័ន្ទ​​​មុនី សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​​​​ឲ្យ​​​ពិចារណា​​​លុប​​​ចោល​​​គម្រោង​​​នេះ​​​ដែល​​​​​​នឹង​​​បង្ខំ​​​ឲ្យ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង ជាង​​​១.៣០០នាក់​​​បោះ​​​បង់​​​ដី​​​ដូន​​​តា​​​របស់​​​ខ្លួន​​​ និ​​​ងធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​ផ្ទៃ​​​ដី​​​ទំហំ​​​៩.៥០០​​​ហិកតា​​​ដែល​​​ជា​​​ជម្រក​​​របស់​​​សត្វ​​​​ដែល​​​រង​​​ការ​​​គំរាម​​​កំហែង​​​​​ប្រហែល​​​៣០​​​ប្រភេទ។

នៅ​​​ក្នុង​​​លិខិត​​​នោះ លោក ហ៊ុន សែន បាន​​​ប្រាប់​​​សមាជិក​​​សភា​​​រូ​​​ប​​​នោះ​​​ថា ទំនប់​​​វារី​​​អគ្គិសនី​​​នឹង​​​ជន់​​​លិច​​​ដី​​​ដែល​​​គ្រួសារ​​​អ្នកភូមិ​​​ប្រើ​​​ប្រាស់​​​សម្រាប់​​​ការ​​​បរបាញ់​​​សត្វ និង​​​​​​ធ្វើស្រែ​ចម្ការ​​​​​។

លោក​​​បាន​​​លើក​​​ឡើង​​​ថា ក្រៅ​​​ពី​​​នោះ​​​​”ការអនុវត្ត​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​អារ៉ែង នឹង​​​មិន​​​ប៉ះ​​​ពាល់​​​ដល់​​​ប្រពៃណី​​​ និង​​​វប្បធម៌​​​របស់​​​សហគមន៍ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ឡើយ​​​”។

បើ​​​ទោះ​​​ណា​​​ជា​​​មាន​ការ​​​ធានា​​​អះ​​​អាង​​​ដដែលៗ​​​របស់​​​រដ្ឋាភិបាល​​​បែបនេះក៏​​​ដោយ​​​ ក៏​​​គ្រួសារ​​​អ្នកភូមិ និង​​​អង្គការ​​​បរិស្ថាន​​​ដែល​​​ចង់​​​ឲ្យលុប​​​ចោល​​គម្រោង​​​នេះ​​​ បារម្ភ​​​ថា ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ស្ងាត់ៗ​​​ ហើយ​​​អាច​​​ចាប់​​​ផ្តើម​​​នៅ​​ពេល​​​ណា​​​មួយ។

ក្រុមហ៊ុន Sinohydro Resources ជា​​​ក្រុមហ៊ុន​​​ចិន​​​ដែល​​​ចង់​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​សន្យា​​​ជា​​​មួយក្រុម​​​ហ៊ុន​​​សាង​​​សង់​​​ចិន​​​រួច​​​ហើយ​​​។

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ធានា​​​អះ​​​អាង​​​ប្រាប់​​​លោកស្រី ច័ន្ទមុនី នៅក្នុង​​​លិខិត​​​របស់​​​លោក​​​ថា កំពុង​ធ្វើការ​​​សិក្សា​​​សមិទ្ធ​​​លទ្ធភាព​​​​​​នៅឡើយ ហើយ​​​នឹង​​​ជូន​​​ដំណឹង​​​​​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​អំពី ថា តើ​​​ត្រូវ​​​បន្ត​​​គម្រោង​​​នេះ​​​ឬយ៉ាង​​​ណា​​​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បច្ចុប្បន្ន​​​នេះ​​​គម្រោង​​​នេះ​​​កំពុង​​​ធ្វើ​​​ការ​​​សិក្សា ហើយ​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​ពិនិត្យ​​​ចុង​​​ក្រោយ​​​នៅ​​​ឡើយ​​​ទេ។ រាជ​​​រដ្ឋាភិបាល​​​ នឹង​​​មិន​​​អភិវឌ្ឍ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​ក្នុង​​​តំបន់​​​អារ៉ែង​​​ឡើយ​​​ ប្រសិន​​​បើ​ការ​​​សិក្សា​​​បង្ហាញ​​​ថា ការ​​​បាត់​​​បង់​​​បណ្តាល​​​មក​​​ពី​​​ការ​​​អភិវឌ្ឍ​​មាន​ទំហំ​​​ធំ​​នោះ បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ផល​​​ប្រយោជន៍​​​សេដ្ឋកិច្ច​​​ និង​​​​​​អត្ថប្រយោជន៍​​​​​ផ្សេង​​​ៗ​​​ទៀត។

លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ផល​​​ប្រយោជ​​​ន៍​​​ផ្សេង​​​ៗ​​​ទាំង​​​នោះ​​​នឹង​​​រួម​មាន​​​ចំណូល​​​ពន្ធ​​​ដែល​​​បាន​​​មក​​​ពី​​​ការ​​​​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ ការ​​​បង្កើត​​​ការ​​​ងារ​​​សម្រាប់​​​អ្នក​​​ភូមិ​​​ កាលានុវត្តភាព​​​ទេសចរណ៍​​​ធម្មជាតិ និង​​​ការ​​​កាត់​​​បន្ថយ​​​ការ​​​បំភាយ​​​ឧស្ម័ន​​​ផ្ទះ​​​កញ្ចក់​​​​​​នៅ​​​ពេល​​​អ្នក​​​ភូមិ​​​បាន​​​ប្តូរ​​​ពី​​​ការ​​​ដុត​​​ធ្យូង​​​​​​ទៅ​​​ប្រើ​​​ប្រាស់​​​ថាម​​​ពល​​​វារីអគ្គិសនីនោះ។

រដ្ឋាភិបាល​​​បាន​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​មួយ​​​ចំនួន​​​​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ ហើយ​​​កំពុង​​​បន្ត​​​សាង​​​សង់​​​បន្ថែម​​​ទៀត​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​អគ្គិសនី​​​ដែលមាន​តម្លៃខ្ពស់នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចុះ​​​ថោក​​​។ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឆាយ​​​អារ៉ែង​​​អាច​​​បន្ថែម​​​សមត្ថភាព​​​ថាម​​​ពល​​​កម្លាំង​​​១០៨​​​មេហ្គាវ៉ាត់​​​បន្ថែម​​​ទៀត​​​។

យោង​​​តាម​​​អង្គការ​​​អភិរក្ស​​​អន្តរ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​ជាតិ​​​ដើម​​​ភា​​​គ​​​តិច​​​ជងនៅ​​​ក្នុង​​​ជ្រលង​​​នោះ​​​ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​ជា​​​សហគមន៍​​​មួយ​​​ក្នុង​​​ចំណោម​​​សហគមន៍​​​ចុង​​​ក្រោយ​របស់​ក្រុម​ជន​ជាត​ិ​ដើម​ភាគតិច​​​​ដែល​​​នៅ​​​សេសសល់​​​។ ពួកគាត់​​​បាន​​​រស់​​​នៅ​​​ទី​​​នោះ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ ហើយ​​​ក្រៅ​​​ពីជីវភាព​​​រស់​​​នៅ​​​​​របស់​​​ខ្លួន​​​ ពួកគាត់​នឹង​​​បាត់​​​បង់​​​ទាំង​​​ដី​​​ព្រៃ​​​ដូន​​​តារបស់ខ្លួន​ និង​​​កន្លែង​​​កប់​​​សព​​​ ប្រសិន​​​បើ​​​កន្លែង​​​នេះ​​​ត្រូវ​​​បាន​​​ជន់លិច​​​នោះ ។

រដ្ឋាភិបាល​​​មិន​​​ទាន់​​​បាន​​​ដោះ​​​ស្រាយ​​​រក​​​កន្លែង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​សម្រាប់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ជង​​​នៅ​​​ឡើយ​​​ទេ ប្រសិន​​​បើ​​​ពួក​​​គាត់​​​បង្ខំ​​​ឲ្យ​​​ចាក​​​ចេញ​​​នោះ​​​។ប៉ុន្តែ​ លោក អាឡិច កុងសាឡែស​ ដាវីដ​​​សុន សហស្ថាបនិក​​​អង្គការ​​​ Mother Nature ជា​​​អង្គការ​​​មួយ​​​ក្នុង​​​ចំណោម​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ជួយ​​​សហគមន៍​​​​​ត​​​ស៊ូ​​នឹង​​​ការ​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនីនេះ​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ ការ​​​ធ្វើបែបនេះ​ក្នុង​ការ​បណ្តេញ​​​នាពេល​​​កន្លង​​​មក​​​ជាប្រផ្នូល​មិន​ល្អ​សម្រាប់​គ្រួសារអ្នក​​​ភូមិ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​ត្រូ​​​វ​​​បណ្តេញ​​​ចេញ​​​ដោយ​​​បង្ខំ​​​ទៅ​​​កាន់​​​កន្លែង​​​តាំងទីលំនៅថ្មី​​​​ ធ្វើ​​​ឲ្យ​​​ពួក​​​គាត់​​​កាន់តែក្រីក្រ​​​។ គ្មាន​​​ទឹក​​​ ដី​​​គ្មាន​​​ជីជាតិ​​​ គ្មានផ្លូវ​ទៅកាន់ទី​​​ផ្សារ​​​ គ្មាន​​​ផ្លូវ​​​ដើរ​​​ទៅ​​​រក​​​​​​ថ្នាំ​​​បុរាណ​​​ អាហារ​​​ ឬ​​​សម្ភារ​​​សម្រាប់​​​សាង​​​សង់​​​ជា​​​ដើម”។

សកម្មជន​​​បរិស្ថាន​​​រូប​​​នេះ​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​សន្យា​​​​​​ផ្តល់​​​ការ​​​ងារ​​​របស់​​​លោក ហ៊ុន សែន ដល់​​​គ្រួសារ​​​អ្នក​​​ភូមិផងដែរ ​​​ប្រសិន​​​បើ​​​​​​គម្រោង​​​នេះ​​​ត្រូវ​​​បាន​​​ដំណើរការ​ទៅមុខ​នោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តាមការ​​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​ទំនប់​​​វារី​​​អគ្គិសនី​​​ដែល​​​កំពុង​​​សាង​​​សង់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា ឃើញ​​​ថា​​​ការ​​​ងារ​​​ភាគ​​​ច្រើន​​​ពិត​​​ជា​​បាន​​​​ទៅ​​​ឲ្យ​​​អ្នក​​​ខាង​​​ក្រៅ​​​ដូច​​​ជា​​​ជន​​​ចំណាកស្រុក​​​មក​​​ពី​​​តំបន់​​​ដទៃ​​​ទៀត និង​​​ជន​​​ជាតិ​​​ចិន​​​រាប់​​​រយ​​​នាក់…មិន​​​មែន​​​​​​ដល់​​​ប្រជា​​​ជន​​​ដែល​​​រស់​​​នៅ​​​ក្បែរ​​​នោះ​​​ឡើយ​​​”។

លោកស្រី ច័ន្ទមុនី លេខា​​​នៃ​​​គណៈកម្មការ​​​កសិកម្ម​​​រដ្ឋសភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​បាន​​​ទទួល​​​លិខិត​​​របស់​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ហើយ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​វាគួរ​​​តែ​​​បាន​​​ទៅលើគ្រួសារ​​​​អ្នក​​​ភូមិ​​​រស់​​​នៅ​​​ក្នុង​​​ជ្រលង​​​នេះ មិន​ថា​ទំនប់វារីអគ្គិសនី​នេះ​ត្រូវ​បាន​សាងសង់​ឬយ៉ាងណានោះឡើយ​​​៕សារុន​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស