30.1 C
Phnom Penh

ការ​គ្មាន​សញ្ជាតិ​ធ្វើ​ឲ្យ​ជនជាតិ​​ភាគ​តិច​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​​រសាត់​អណ្ដែត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភូមិ​កណ្ដាល​,​ ខេត្ត​កំពង់ឆ្នាំង-ទោះបីជា​ពួកគេ​​រស់​នៅ​ក្នុង​ផ្ទះ​អណ្ដែត​ទឹក​​តាម​បណ្ដោយ​ច្រាំង​ទន្លេ​សាប​ក្ដី ក៏​​មាន​តិច​តួចប៉ុណ្ណោះ​ក្នុង​ចំណោម​អ្នកភូមិជនជាតិ​ភាគ​តិច​វៀតណាម​​ជិត​២.៥០០​នាក់​ដែល​រស់​នៅ​ទីនេះ ​អាច​ហៅ​កម្ពុជា​ថា ជា​ផ្ទះ​របស់​ខ្លួន​។​Vietnamese

ដូច​​អ្នកជិត​ខាង​​របស់​ខ្លួន​ជា​ច្រើន​ទៀត​នៅ​ក្នុង​ភូមិ​កណ្ដាល ខេត្ត​កំពង់ឆ្នាំ​ដែរ លោក​ ង្វៀន វ៉ាន់ហុង អាយុ​៥៩​ឆ្នាំ​​បាន​រស់​នៅ​លើ​ទន្លេសាប​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ នៅពេល​​គាត់​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​រត់​​ភៀស​ខ្លួន​ពី​របប​ខ្មែរ​ក្រហម​១ទសវត្សរ៍​​មុន​នោះ។ ប៉ុន្តែ​នៅ​ពេល​គាត់​​ត្រឡប់​មក​វិញ​ សញ្ជាតិ​កម្ពុជា​របស់​គាត់​​ត្រូវ​គេ​លែង​ទទួល​ស្គាល់​ទៅ​ហើយ។

បុរស​រូប​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​សប្ដាហ៍​​មុន​ថា ​”ខ្ញុំ​​បាន​ស្នើ​សុំ​សញ្ជាតិ​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៨២​ម្លេ៉ះ ប៉ុន្តែ​រដ្ឋាភិបាល​មិន​ធ្វើ​ឲ្យ​ទេ”។

ដោយ​កើត​​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​មាន​ឪពុក​ម្ដាយ​ជាជន​ជាតិ​វៀតណាម​ដែល​សុទ្ធ​តែ​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​គ្នា គាត់​និយាយ​ថា គាត់​មាន​សិទ្ធិ​ទទួល​បាន​សញ្ជាតិ​។ គាត់​បាន​លើក​ឡើង​បន្ថែម​ថា “យើង​កើត​នៅ​ទីនេះ ដូច្នេះ​យើង​គួរ​តែ​មាន​សញ្ជាតិ​។ យើង​ចង់​រស់​នៅ​ទីនេះ​រៀងរហូត​”។

នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០​ ទស្សនៈ​ប្រឆាំង​​ជនជាតិ​វៀតណាម​ដ៏ខ្លាំង​ក្លា​បាន​ចាប់​ផ្ដើម​​​រីក​រាល​ដាល​ទូទាំង​ប្រទេស​កម្ពុជា​ក្រោម​​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក លន់ នល់ ​​ជា​ហេតុ​បង្ខំ​ឲ្យ​ជន​ជាតិ​វៀតណាម​រាប់​សែន​នាក់​​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម​។ នៅ​ពេល​ខ្មែរ​ក្រហម​ចាប់​ផ្ដើម​​ឡើង​កាន់​អំណាច​ ជនជាតិ​វៀតណាម​ស្ទើរ​តែ​ទាំង​អស់​​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ត្រូវ​បាន​បណ្ដេញ​ចេញ​ទាំង​បង្ខិត​បង្ខំ ឬ​ក៏​សម្លាប់​ចោល​។

បន្ទាប់ពី​កង​កម្លាំង​វៀតណាម​បាន​ផ្ដួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ជន​ភៀស​ខ្លួន​វៀតណាម​បាន​ចាប់​ផ្ដើម​​​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ជា​បណ្ដើរៗ ប៉ុន្តែ​ពួកគេ​ជា​ច្រើន​បាន​បាត់​បង់​សញ្ជាតិ​របស់​ខ្លួន​។

ជនជាតិ​វៀតណាម​រាប់​ពាន់​នាក់​​​បាន​សាងសង់​ផ្ទះ​អណ្ដែត​ទឹក​​លើ​ទន្លេ​សាប ដោយ​សារ​តែ​វា​​ចំណាយ​អស់​តិច និង​មាន​លទ្ធភាព​ជាង​ការ​តាំង​លំនៅ​លើ​ដីគោក​ ហើយ​​ម្យ៉ាង​ប្រសិន​បើ​គ្មាន​សញ្ជាតិ​ទេ​នោះ ច្បាប់​មិន​អនុញ្ញាត​ អ្នក​ដែល​វិល​ត្រឡប់​មក​វិញ​ទិញ​ដី​ឡើយ។ ហើយ​ដោយ​មិន​អាច​រក​កន្លែង​ផ្សេង​ធ្វើ​ការ​បាន​ គ្រួសារ​ជាច្រើន​បាន​ប្រកប​មុខ​របរ​ជា​អ្នក​នេសាទ​លើ​ទន្លេ​នេះ​។

​កាលពី​ឆ្នាំ​២០១២ សៀវភៅ​កំណត់​ត្រា​​ពិភព​លោក​​នៃ​​​ទីភ្នាក់​ងារ​​​កណ្ដាល​ស៊ើបអង្កេត​​ (CIA World Factbook) បាន​ប៉ាន់​ប្រមាណ​ថា ជនជាតិ​វៀតណាម​មាន​ប្រហែល​៥ភាគ​រយ​នៃ​ប្រជាជន​​សរុប​របស់​កម្ពុជា​ ពោល​គឺ​មាន​ចំនួន​ប្រមាណ​៧៥០.០០០​នាក់។ កំណត់​ត្រា​នេះ​មិន​បាន​ធ្វើ​ការ​បែង​ចែក​​រវាង​​ជនជាតិភាគ​តិច​វៀតណាម ជនជាតិ​វៀតណាម និង​ជន​អន្តោប្រវេសន៍​វៀតណាម​នោះ​ទេ។

លោក សុខ ផល អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ដែល​បាន​​ចាប់​ផ្ដើម​ធ្វើ​ជំរឿន​ទូទាំង​ប្រទេស​លើ​ជនបរទេស​កាលពី​ខែ​សីហា បាន​មាន​ប្រសាសន៍​កាលពី​​​សប្ដាហ៍​មុន​​ថា ​លោកមិន​​ដឹង​ថា​​ពេល​នេះ​មាន​ជនជាតិភាគ​តិច​វៀតណាម​ប៉ុន្មាន​នាក់​រស់​នៅ​កម្ពុជា​ទេ។

ជនបរទេស​ដែល​រស់​នៅ​កម្ពុជា​

នៅ​ក្នុង​បទ​សម្ភាស​កាលពី​សប្ដាហ៍​មុន ជនជាតិ​ភាគ​តិច​វៀតណាម​​​ប្រហែល​១០​នាក់ ដែល​រស់​នៅ​លើ​ទន្លេ​សាប​បាន​និយាយ​ថា ពួកគេ​គ្មាន​សញ្ជាតិ​កម្ពុជា​ទេ ហើយ​ក៏​មិន​ដឹង​ថា ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​វា​ដែរ​។

លោក ង្វៀន វ៉ាន់​ហ្សាវ អាយុ​៧៣​ឆ្នាំ ដែល​កំពុង​សម្រាក​​លើ​អង្រឹង​លើ​ផ្ទះ​អណ្ដែត​ទឹក​របស់​ខ្លួនបាន​និយាយ​ថា គាត់​មាន​ឪពុក​ម្ដាយ​ជា​ជនជាតិ​វៀតណាម និង​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៤៣​។

បុរស​នេសាទ​វ័យ​ចំណាស់​រូប​នេះ​និយាយ​ថា គាត់​និង​គ្រួសារ​របស់​គាត់​បាន​រត់​គេច​ពី​របប​ខ្មែរ​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៥ ហើយ​​មិន​បាន​វិល​ត្រឡប់​មក​វិញ​រហូត​ដល់​ឆ្នាំ​១៩៩៥។ ចាប់​តាំង​ពី​រស់​នៅ​លើ​ទន្លេ​សាប​មក គាត់​និយាយ​ថា ការ​ខ្វះ​​សញ្ជាតិ​កម្ពុជា​បាន​ធ្វើ​ឲ្យ​​ប៉ះពាល់​​ស្ទើរ​តែគ្រប់​ទិដ្ឋភាព​នៃ​ជីវិត​រស់​នៅ​របស់​គាត់​។

គាត់​និយាយ​ថា “យើង​គ្មាន​សញ្ជាតិ​ទេ ដូច្នេះ​ហើយ​យើង​គ្មាន​សិទ្ធិ​ដូច​ប្រជាជន​កម្ពុជា​ឡើយ​។ គេ​គិត​ថា យើង​ជា​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ហើយ​គេ​មើល​ងាយ​យើង”។

គាត់​ក៏​បាន​និយាយ​ដែរ​ថា ការ​គ្មាន​អត្តសញ្ញាណ​ប័ណ្ណ​​ចេញ​ដោយ​រដ្ឋាភិបាល ដែល​ទាំង​គាត់​​កូនៗ​របស់​គាត់​ និង​ចៅៗ​របស់​គាត់​គ្មាន​នោះ​ គឺ​​ពិបាក​រក​ការ​ងារ​ធ្វើ​ណាស់​។ គាត់​និយាយ​ថា ” បើ​យើង​មាន​អត្តសញ្ញាណប័ណ្ណ​វា​ងាយ​ស្រួល​ច្រើន​ក្នុង​ការ​រក​ការ​ងារ​ធ្វើ និង​​បើក​របរ​រក​ស៊ី​”។

គាត់​លើក​ឡើង​ថា គាត់​មិន​ដែល​បាន​​ព្យាយាម​ដាក់​ពាក្យ​សុំ​សញ្ជាតិ​កម្ពុជា​ទេ ពីព្រោះ​​មិន​ដែល​មាន​អ្នក​ណា​ប្រាប់​គាត់​​ឲ្យ​​ធ្វើ​ដូច្នេះ​។ ហើយ​គាត់​ព្រួយ​បារម្ភ​ថា ការ​លើក​ឡើង​​ពី​បញ្ហា​នេះ​ជា​មួយ​អាជ្ញាធរ​ គឺមាន​តែ​បង្ក​បញ្ហា​​សម្រាប់​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ​។

គាត់​និយាយ​ថា “ខ្ញុំ​បារម្ភ​ខ្លាច​ពួកគេ​បណ្ដេញ​គ្រួសារ​របស់​ខ្ញុំ និង​ខ្ញុំ​ចេញ​”។ គាត់​បញ្ជាក់​​ថា គាត់​មាន​សញ្ជាតិ​វៀតណាម។ ប៉ុន្តែ​ខណៈ​គាត់​ព្រួយបារម្ភ​អំពី​អនាគត​របស់​គ្រួសារ​គាត់ គាត់​ក៏​និយាយ​ដែរ​ថា គាត់​គិត​ថា​ខ្លួន​ឯង​មាន​សំណាង​។ គាត់​និយាយ​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ ពីព្រោះ​ចៅស្រី​របស់​ខ្ញុំ​បាន​ចូល​រៀន​នៅ​សាលា​​បឋម​សិក្សា​ ហើយ​សាលា​ឲ្យ​លុយ​នាង​២.០០០​រៀល​ក្នុង​មួយ​ថ្ងៃ”។

សាលា​ដែល​ចៅស្រីរបស់​លោក ង្វៀន វ៉ាន់ហ្សាវ ចូល​រៀន​គឺ​សាលា​បឋម​សិក្សា​សាមគ្គី​ទើប​បើក​ថ្មី​ ជា​​ស្ថាប័ន​​សាធារណៈ​មួយ​ដែល​ត្រូវ​បាន​សាង​សង់ និង​ដំណើរ​ការ​​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​អង្គការ​សិទ្ធិ​ជនជាតិ​ភាគ​តិច​ហៅ​កាត់​ថា MIRO ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​ផ្ដល់​ជំនួយ​ដល់​សហគមន៍​ជនជាតិ​ភាគ​តិច​វៀតណាម និង​ខ្មែរ​កម្ពុជា​ក្រោម​។

លោក សួន ប៊ុតម៉ៅ ​នាយកស្ដីទី​អង្គការ​ MIRO បាន​លើក​ឡើង​ថា កុមារ​វៀតណាម​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រៀន​នៅ​តាម​សាលា​រដ្ឋ​ទេ ​ដោយ​​សារ​តែ​ពួកគេ​គ្មាន​សំបុត្រ​កំណើត​។ ប៉ុន្តែ​នៅ​ក្នុង​ភូមិ​កណ្ដាល​ មន្ត្រី​មូលដ្ឋាន​​ផ្ដល់​លិខិត​បញ្ជាក់​ទទួល​ស្គាល់​កុមារ​ទាំង​នេះ​ថា ជា​អ្នក​ស្រុក​បណ្ដោះ​អាសន្ន​ ដោយ​អនុញ្ញាត​ឲ្យ​ពួកគេ​​ចូល​រៀន​នៅ​សាលា​រដ្ឋ​ក្នុង​ភូមិ​។

លោក​បាន​លើក​ឡើង​ទៀត​ថា ” ខណៈ​កុមារ​វៀតណាម​ភាគ​ច្រើន​ចូល​រៀន ​​ថ្នាក់​ក្រៅ​ប្រព័ន្ធ​ដែល​បង្រៀន​ដោយ​គ្រូ​ជនជាតិ​វៀតណាម​ដែល​គ្មាន​លក្ខណៈ​សម្បត្តិ​គ្រប់​​គ្រាន់ កន្លែង​ទំនេរ​ទាំង​៤៧​​កៅអី​នៅ​សាលា​បឋម​សិក្សា​សាមគ្គី​ មានស​ិស្ស​ចូល​រៀន​ពេញ ​នៅ​ពេល​ត្រីមាស​ដំបូង​​របស់​ខ្លួន​បាន​ចាប់​ផ្ដើម​កាលពី​ខែ​កញ្ញា។ លោក​បាន​លើក​ឡើង​បន្ត​ទៀត​​ថា ” មុន​ពេល​សាលា​នេះ​បើក​ដំណើរ​ការ​​ ឪពុក​ម្ដាយ​ជនជាតិ​វៀតណាម​មិន​ជឿ​ជាក់​លើ​គម្រោង​របស់​យើង​ទេ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ ពួកគាត់​សប្បាយ​ចិត្ត​ណាស់​”។

ការ​ក្រាល​គ្រឹះ

ច្បាប់​អនុម័ត​ក្នុង​ឆ្នាំ​១៩៩៦​របស់​កម្ពុជា​ស្ដីពី​សញ្ជាតិ​ចែង​ថា ដើម្បី​​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​អាច​ទទួល​បាន​សញ្ជាតិ​កម្ពុជា​បាន​​ បេក្ខជន​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ទាំង​អស់​ត្រូវ​តែ​ចេះ​អាន​ចេះ​សរសេរ​អក្ស​ខ្មែរ ​បង្ហាញ​ពីការ​​យល់​ដឹងអំ​ពី​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ និង​បញ្ជាក់​ថា ពួកគេ​បាន​បន្ត​រស់​នៅ​​ក្នុង​ប្រទេស​នេះ​យ៉ាង​ហោច​ណាស់​៧ឆ្នាំ។

លោក​ សួន ប៊ុតម៉ៅ បាន​មាន​ប្រសាសន៍​ថា សាលា​របស់​លោក​នឹង​​ជួយ​​សិស្ស​វៀតណាម​របស់​ខ្លួនឲ្យ​​​បំពេញ​លក្ខណ​​សម្បត្តិ​ទាំង​ពីរ​នេះ​។ លោក​លើក​ឡើង​ថា “​ពេល​នេះ​ពួកគាត់​អាច​ទៅ​រៀន​បាន សិក្សា​ពី​វប្បធម៌​របស់​កម្ពុជា និង​​រៀន​ភាសា​ខ្មែរ​”។

លោក​ស្រី ង្វៀន លីម៉ា មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​អូស្ត្រាលី ដែល​តំណាង​ឲ្យ​ជនជាតិ​ភាគ​តិច​វៀតណាម​នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម​ បាន​គូស​បញ្ជាក់​ថា ឯកសារ​សាលា​ក៏​​អាច​ប្រើ​ប្រាស់​បាន​ដែរ​​ដើម្បី​បញ្ជាក់​ថា សិស្ស​វៀតណាម​ជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

លោកស្រី​​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួកគេ​បាន​ទៅ​រៀន​ សាលា​អាចជួយ​ពួកគេ​​ឲ្យ​​ទទួល​បាន​ឯកសារ​ដូច​ជា​សំបុត្រ​កំណើត​ជាដើម​​”។

លោកស្រី​បាន​ពន្យល់​ថា សំបុត្រ​កំណើត​​ផ្ដល់​សិទ្ធិ​​ដល់​ជនជាតិ​វៀតណាម​ស្រដៀង​នឹង​សិទ្ធិ​របស់​ប្រជាពល​រដ្ឋខ្មែរ​ដែរ ដូចជា​សិទ្ធិ​បើក​អាជីវកម្ម​និង​ធ្វើការ បោះ​ឆ្នោត និង​ទិញ​ដី​ជាដើម​។ ” វា​ជួយ​ដល់​ការ​រស់​នៅ​របស់​ពួកគេ និង​កំណត់​ថា​តើ​ពួកគេ​ជា​អ្នក​ណា​ និង​ថាតើ​ពួកគេ​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឬយ៉ាង​ណា​”។ ប៉ុន្តែ​លោក​ស្រី​បាន​លើក​ឡើងថា ខណៈ​ទទួល​បាន​សំបុត្រ​កំណើត​ដែល​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​ការ​ទទួល​បាន​សញ្ជាតិ​ពេញ​លេញ​នោះ​ គឺ​នៅ​កៀក​នឹង​ជនជាតិ​ភាគ​តិច​វៀតណាម​ភាគ​ច្រើន​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ដំណើរ​ការ​ផ្សេង​ទៀត​គឺ​វា​ពិបាក​។ លោកស្រី​មាន​ប្រសាសន៍​ថា លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការ​សុំ​សញ្ជាតិ​មិន​ច្បាស់​លាស់​ទេ ​ហើយ​ក៏​គ្មាន​អ្នក​យល់​ច្បាស់​ដែរ​ សូម្បី​តែ​អាជ្ញាធរ​ក៏មិន​យល់​ដែរ​​។

លោកស្រី​​មាន​ប្រសាសន៍​ថា “សូម្បី​មក​ដល់​ថ្ងៃ​នេះ ​ខ្ញុំ​កំពុង​​ស្វែង​រក​អនុក្រឹត្យ [ពាក់​ព័ន្ធ​នឹង​​អន្តោប្រវេសន៍ និង​សញ្ជាតិ​] ដែល​មិន​ទាន់​បាន​ចុះ​ផ្សាយ​ជាសាធារណៈ​​នៅ​ឡើយ​។ ច្បាប់​​នេះ​ផ្ទាល់ គឺ​ពិបាក​ប្រើ​ប្រាស់​ ហើយ​វា​ត្រូវ​បាន​អនុវត្ត​ដោយ​ព្រាវៗ​​”។

លោក ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួង​មហាផ្ទៃ ដែល​ទទួល​បន្ទុក​ចេញ​អត្តសញ្ញាណ​ប័ណ្ណ​ និង​សំបុត្រ​កំណើត បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​ពាក្យ​សុំ​លិខិត​ស្នាម​ទាំង​ពី​នេះ​​មាន​លក្ខណៈ​ងាយៗ​។

លោក​មាន​ប្រសាសន៍​ថា “សម្រាប់ជនបរទេស​ដែល​រស់​នៅលើ​ទឹក​ដី​​កម្ពុជា​ស្រប​ច្បាប់ ពួកគេ​អាច​ស្នើ​សុំ​សញ្ជាតិ​បាន។ ពួកគេ​ត្រូវ​តែ​បំពេញ​ទម្រង់បែបបទ”។

ទោះ​ជាយ៉ាង​ណា លោក ថៃ ស្រុង តំណាង​សហគមន៍​ជនជាតិ​វៀតណាម​នៅ​ក្នុង​ភូមិ​កណ្ដាល បាន​លើក​ឡើង​ថា ការ​ចំណាយ​លើ​ការ​ដាក់​ពាក្យ​សុំ​សញ្ជាតិ​ គឺ​ហួស​ពី​សមត្ថភាព​ដែល​សមាជិក​គ្រួសារ​ភាគច្រើន​នៅ​ក្នុង​សហគមន៍​របស់​គាត់​អាច​បង់​បាន​។ គាត់​បាន​និយាយ​ទៀត​ថា មន្ត្រី​មូលដ្ឋាន​​​បាន​ប្រាប់​គាត់​ថា តម្លៃ​ដាក់ពាក្យ​ស្នើ​សុំ​មាន​ចំនួន​៧៥០.០០០រៀល​​ ឬប្រហែល​១៨៥ដុល្លារ​ក្នុង​មនុស្ស​ម្នាក់។

លោក​បាន​បន្ត​ថា “សម្រាប់​យើង​ដែល​ជាគ្រួសារ​ក្រីក្រ​ យើង​គ្មាន​លទ្ធភាព​ទេ។ យើង​គួរ​តែ​មាន​សិទ្ធិ​ដូច​គ្នា​ ប៉ុន្តែ​សិទ្ធិ​ទាំង​នោះ​លម្អៀង​ទៅ​រក​ប្រជា​ជន​កម្ពុជា។ សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ខ្វល់​អំពី​សញ្ជាតិ​ទេ ប៉ុន្តែ​ខ្ញុំ​បារម្ភ​ជួស​ក្មេង​ៗ​ជំនាន់​ក្រោយ​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស