38.1 C
Phnom Penh

អង្គការ​មិនមែន​រដ្ឋា​ភិបាល​សម្តែង​កង្វល់​ជុំវិញ​សំណើ​ហាមឃាត់ ​លើ​ការប្រើ​ពាក្យ​​ប្រមាថមាក់ងាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​ អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំបួនបាន​សម្ដែង​កង្វល់​ថា ច្បាប់ដែល​​ស្នើ​ឡើង​រារាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​កុំ​ឲ្យ​ផ្ដល់​បទ​សម្ភាស​ឬចេញ​សេចក្ដី​ថ្លែង​ការណ៍​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ “ជេរ​ប្រមាថ​” នោះ នឹង​ត្រូវ​ប្រើ​ដើម្បី​បំបិទ​​សំឡេង​របស់​ខ្លួន​។

គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​នេះ​កំពុង​ព្រាង​​ច្បាប់​បោះ​ឆ្នោត​ជាតិ​ដែលមានការ​កែប្រែ​ ហើយ​លើក​ឡើង​ថា ច្បាប់​នេះ​គឺ​ចាំបាច់​ដើម្បី​ធានា​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​នៅ​ជា​អព្យាក្រឹត​អំឡុង​រ​យៈពេលធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ផ្លូវ​ការ​។

សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​កាលពី​ម្សិលមិញ ហើយ​ចុះ​ហត្ថលេខា​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ អង្គការ​អាដហុក អង្គការ​សមធម៌​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​លើក​ឡើង​ថា ការ​រារាំង​នេះ​នឹង​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​។

សេចក្ដី​ថ្លែងការណ៍​ដដែល​នេះ​លើក​ឡើង​ថា “ខណៈ​ដែល​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​មិន​ពេញលេញ​ ការ​រឹត​ត្បិត​អាច​ត្រូវអនុវត​្ត​នៅពេល​ចាំ​បាច់​ដើម្បី​បម្រើ​ដល់​គោល​បំណង​ស្រប​ច្បាប់ រីឯការ​រារាំង​មិន​ឲ្យ​ផ្ដល់​បទ​សម្ភាស​តាម​បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទំនង​ជាមាន​បំណង​ការ​ពារ​រដ្ឋាភិបាល និង​សមាជិក​គណបក្ស​នយោបាយ​​ពីការ​រិះគន់​តែ​ប៉ុណ្ណោះ”។

សេចក្ដី​ថ្លែងការណ៍​នេះ​បន្ត​ថា “ការ​ប្រើ​ពាក្យ​សម្ដី​មិន​ច្បាស់​លាស់​ដែល​​ផ្ដន្ទាទោស​​ចំពោះ ់​’​ការជេរ​ប្រមាថ​’ គណបក្ស​នយោបាយ​ ឬ​បេក្ខជន​ នឹង​ផ្ដល់​ឱកាស​ច្រើន​ក្នុង​​ការ​បក​ស្រាយ​ទូលំ​ទូលាយ​របស់​អាជ្ញាធរ​ដើម្បី​ប្រើ​សិទ្ធិ​បង្ក្រាប​ទៅ​លើ​សំឡេង​ប្រឆាំង​”។

សេចក្ដី​ថ្លែង​ការណ៍​នេះ​បន្ថែម​ថា “ការ​អនុវត្ត​វិធានការ​បែប​នេះ​​នឹង​ប្រើ​ដើម្បី​​រារាំង​ដល់​ការ​ពិភាក្សា​ដេញ​ដោល​ជា​សាធារណៈ​ ប៉ះពាល់​ដល់​សិទ្ធិ​របស់​ប្រជាពល​រដ្ឋតាម​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​​នយោបាយ​ និង​ប៉ះពាល់​ដល់​តួនាទី​ស្រប​ច្បាប់​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ឲ្យ​អាជ្ញាធរ​សាធារណៈទទួលខុសត្រូវ​ជា​ដើម​”។

លោក គួយ ប៊ុនរឿន មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ការ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ ប៉ុន្តែ​លោក​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​ជឿថា ​ការ​រិះគន់​ផ្អែក​លើ​ភ័ស្តុ​តាង​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​​អំឡុង​យុទ្ធនាការ​ឃោសនា ​មិន​ត្រូវ​ចាត់​ថា ជា​​ “​ប្រមាថមាក់ងាយ​​” ឡើយ។

លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​បាន​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ចរចា​ ក៏​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ផង​ដែរ​ថា លោក​មិន​គិតថា ការ​កំណត់​ពាក្យ​
“ការ​ជេរ​ប្រមាថ” អាច​ត្រូវ​បាន​​បក​ស្រាយ​ទូលំទូលាយ​ដើម្បី​បំបិទ​សំឡេង​​អង្គការ​មិន​មែន​រដ្ឋាភិបាល​ឡើយ​ ដោយ​លើក​ឡើង​ថា អត្ថន័យ​របស់​ពាក្យ​នេះ​មាន​រួច​ហើយ​នៅ​ក្នុង​ច្បាប់​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពិត​មែន ​​’ការប្រមាថមាក់ងាយ​​​’ ចំាឲ្យគាត់ទៅមើល​ក្រមព្រហ្មទណ្ឌ។ នៅ​ពេល​​និយាយ​ពី​ ‘ប្រមាថមាក់ងាយ​’ ត្រូវ​​មើល​និយមន័យ​​ប្រមាថ​មាក់ងាយក្នុង​ក្រម​ព្រហ្មទណ្ឌគេនិយាយ​បែបម៉េច ហើយ​ប្រសិន​បើ​មានទោស​ យើងត្រូវ​មើលវាត្រូវគេអនុវត្តយ៉ាងម៉េច​”៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស