កាលពីម្សិលមិញ អង្គការសង្គមស៊ីវិលចំនួនប្រាំបួនបានសម្ដែងកង្វល់ថា ច្បាប់ដែលស្នើឡើងរារាំងអង្គការមិនមែនរដ្ឋាភិបាលកុំឲ្យផ្ដល់បទសម្ភាសឬចេញសេចក្ដីថ្លែងការណ៍អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ដែលត្រូវបានចាត់ទុកថា ជាការ “ជេរប្រមាថ” នោះ នឹងត្រូវប្រើដើម្បីបំបិទសំឡេងរបស់ខ្លួន។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបច្ចុប្បន្ននេះកំពុងព្រាងច្បាប់បោះឆ្នោតជាតិដែលមានការកែប្រែ ហើយលើកឡើងថា ច្បាប់នេះគឺចាំបាច់ដើម្បីធានាថា អង្គការមិនមែនរដ្ឋាភិបាលត្រូវនៅជាអព្យាក្រឹតអំឡុងរយៈពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ។
សេចក្ដីថ្លែងការណ៍ដែលចេញកាលពីម្សិលមិញ ហើយចុះហត្ថលេខាដោយអង្គការសិទ្ធិមនុស្សក្នុងស្រុករួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការអាដហុក អង្គការសមធម៌កម្ពុជា និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានលើកឡើងថា ការរារាំងនេះនឹងបង្ហាញពីគ្រោះថ្នាក់ ប្រសិនបើត្រូវបានអនុវត្ត។
សេចក្ដីថ្លែងការណ៍ដដែលនេះលើកឡើងថា “ខណៈដែលសិទ្ធិក្នុងការបញ្ចេញមតិមិនពេញលេញ ការរឹតត្បិតអាចត្រូវអនុវត្តនៅពេលចាំបាច់ដើម្បីបម្រើដល់គោលបំណងស្របច្បាប់ រីឯការរារាំងមិនឲ្យផ្ដល់បទសម្ភាសតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានទំនងជាមានបំណងការពាររដ្ឋាភិបាល និងសមាជិកគណបក្សនយោបាយពីការរិះគន់តែប៉ុណ្ណោះ”។
សេចក្ដីថ្លែងការណ៍នេះបន្តថា “ការប្រើពាក្យសម្ដីមិនច្បាស់លាស់ដែលផ្ដន្ទាទោសចំពោះ ់’ការជេរប្រមាថ’ គណបក្សនយោបាយ ឬបេក្ខជន នឹងផ្ដល់ឱកាសច្រើនក្នុងការបកស្រាយទូលំទូលាយរបស់អាជ្ញាធរដើម្បីប្រើសិទ្ធិបង្ក្រាបទៅលើសំឡេងប្រឆាំង”។
សេចក្ដីថ្លែងការណ៍នេះបន្ថែមថា “ការអនុវត្តវិធានការបែបនេះនឹងប្រើដើម្បីរារាំងដល់ការពិភាក្សាដេញដោលជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋតាមរដ្ឋធម្មនុញ្ញក្នុងការចូលរួមយ៉ាងសកម្មក្នុងនយោបាយ និងប៉ះពាល់ដល់តួនាទីស្របច្បាប់របស់អង្គការសង្គមស៊ីវិលក្នុងការឲ្យអាជ្ញាធរសាធារណៈទទួលខុសត្រូវជាដើម”។
លោក គួយ ប៊ុនរឿន មន្ត្រីគណបក្សសង្គ្រោះជាតិដែលបានដឹកនាំគណបក្សប្រឆាំងក្នុងការព្រាងច្បាប់បោះឆ្នោតថ្មី មិនអាចទាក់ទងបានទេកាលពីម្សិលមិញ ប៉ុន្តែលោកបានលើកឡើងកាលពីថ្ងៃច័ន្ទថា លោកជឿថា ការរិះគន់ផ្អែកលើភ័ស្តុតាងពីអង្គការមិនមែនរដ្ឋាភិបាលអំឡុងយុទ្ធនាការឃោសនា មិនត្រូវចាត់ថា ជា “ប្រមាថមាក់ងាយ” ឡើយ។
លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជាក្នុងការចរចា ក៏បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទផងដែរថា លោកមិនគិតថា ការកំណត់ពាក្យ “ការជេរប្រមាថ” អាចត្រូវបានបកស្រាយទូលំទូលាយដើម្បីបំបិទសំឡេងអង្គការមិនមែនរដ្ឋាភិបាលឡើយ ដោយលើកឡើងថា អត្ថន័យរបស់ពាក្យនេះមានរួចហើយនៅក្នុងច្បាប់កម្ពុជា។
លោកបានមានប្រសាសន៍ថា “ពិតមែន ’ការប្រមាថមាក់ងាយ’ ចំាឲ្យគាត់ទៅមើលក្រមព្រហ្មទណ្ឌ។ នៅពេលនិយាយពី ‘ប្រមាថមាក់ងាយ’ ត្រូវមើលនិយមន័យប្រមាថមាក់ងាយក្នុងក្រមព្រហ្មទណ្ឌគេនិយាយបែបម៉េច ហើយប្រសិនបើមានទោស យើងត្រូវមើលវាត្រូវគេអនុវត្តយ៉ាងម៉េច”៕ សារុន