30 C
Phnom Penh

កម្មករ​​​និយាយ​​​ថា​​​ រោង​ចក្រ​​​ចាក់​សោ​កម្មករ​នៅ​ខាង​ក្នុង​រោង​ចក្រ​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​សហជីព​ និង​​អតីត​កម្មករ​​បាន​និយាយ​កាលពី​ម្សិលមិញ​ថា រោងចក្រ​កាត់​ដេរ​ដែល​គ្រប់​គ្រង​ដោយ​ជន​​​ជាតិ​ចិន​​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ បាន​ចាក់​សោ​កម្មករ​ប្រហែល​៣០០​នាក់​រយៈពេល​ពីរ​ម៉ោង​កាលពី​ព្រឹក​ថ្ងៃ​ពុធ ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​ទទួល​យក​​ប្រាក់ខែ​ដែល​ត្រូវ​កាត់​បន្ថយ មុន​​ពេល​រោងចក្រ​​បិទ​ដំណើរ​ការ​ដោយ​សារ​តែ​ខាត​បង់​ហិរញ្ញវត្ថុ។

ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ថា អ្នក​​​គ្រប់​គ្រង​រោងចក្រ​ Kui Xing ដែល​ដេរ​សម្លៀក​បំពាក់​សម្រាប់​ដេក​យប់ បាន​ចាក់​សោ​កម្មករ​​ឲ្យ​នៅ​ក្នុង​រោងចក្រ​នៅ​ម៉ោង​ប្រហែល​៩ព្រឹក នៅ​ពេល​ពួកគេ​មក​បើក​ប្រាក់​ខែ​របស់​ខ្លួន​ ហើយ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចេញ​​​ទេ​រហូត​ដល់​ម៉ោង​១១ព្រឹក នៅ​ពេល​កម្មករ​​​ភាគ​​​ច្រើន​បាន​ផ្ដិត​មេដៃ​លើ​ឯកសារ​។ នគរ​បាល​​បាន​ឈរ​ជើង​នៅ​ខាង​ក្រៅ​រោងចក្រ​នេះ​ពេញ​មួយ​ព្រឹក។

លោក​​ រី សិទ្ធីណែត មន្ត្រី​សហជីព​សេរី​​​កម្ម​នៅ​រោងចក្រ​នេះ​បាន​មាន​ប្រសាសន៍​ថា “កម្មករ​ប្រហែល​៣០០​នាក់​ត្រូវ​បាន​រោងចក្រ​ចាក់​សោ​ ដើម្បី​បង្ខំ​ឲ្យ​ពួកគេ​​ទទួល​យក​ប្រាក់​ខែ​ និង​ប្រាក់​កម្រៃ​របស់​ខ្លួន ​ពីព្រោះ​​​ពួកគេ​​បាន​និយាយ​ថា ពួកគេ​មិន​អាច​បើក​ដំណើរ​ការ​រោងចក្រ​េនះ​តទៅ​ទៀត​បាន​ទេ​”។

លោក​បាន​​​មាន​ប្រសាសន៍​ថា “អាជ្ញាធរ​​ស្លៀក​ឯកសណ្ឋាន​ជា​នគរ​បាល ដែល​មួយ​ចំនួន​តូច​នៅ​ក្នុង​រោងចក្រ និង​មួយ​ចំនួន​ទៀត​ឈរ​នៅ​ខាង​ក្រៅ​រោងចក្រ ខណៈដែល​រោង​​​ចក្រ​នេះ​បាន​ចាក់​សោ​ទ្វារ​ ហើយ​មិន​​បាន​អនុញ្ញាត​ឲ្យ​កម្មករ​ចេញ​​”។

លោក ជា មុនី ប្រធាន​សហជីព​សេរី​​​កម្ម​ករ​បាន​បន្ថែម​ថា បែប​បទ​ដែល​ចុះ​ហត្ថលេខា​ដោយ​កម្មករ​ដើម្បី​ទទួល​យក​ប្រាក់​នោះ ​ត្រូវ​បាន​សរសេរ​ជា​អក្សរ​​​ចិន។

អ្នកស្រី​​​ សេន ប៊ុនថា អាយុ​៤៣​ឆ្នាំ ដែល​បាន​និយាយ​ថា គាត់​បាន​ធ្វើ​ការ​នៅ​រោងចក្រ​ Kui Xing នេះ​១០ឆ្នាំ​មក​ហើយ​នោះបាន​រៀបរាប់​ពី​ហេតុការណ៍​នោះ​ថា ជា​ការ​គំរាម​កំហែង​។

អ្នកស្រី​ ប៊ុនថា បាន​និយាយ​ថា “រោងចក្រ​បាន​ចាក់​សោ​​​ទ្វារ​ ហើយ​បាន​បង្ខំ​ឲ្យ​កម្មករ​ទទួល​យក​ប្រាក់​​​នោះ ហើយ​ប្រសិន​បើ​ពួកគាត់​មិន​ទទួល​យក​​​ទេ​​​នោះ ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​ចេញ​​​ឡើយ ហើយ​មិន​បើក​ប្រាក់​ខែ​ឲ្យ​យើង​ទៀត ដូច្នេះ​កម្មករ​ភាគ​ច្រើន​បាន​ទទួល​យក​ប្រាក់​​​នោះ”។

អ្នកស្រី​បាន​និយាយ​ថា “រោងចក្រ​បាន​ផ្ដល់​ឲ្យ​យើង​៥៥០​ដុល្លារ​សម្រាប់​អ្វីៗ​ទាំង​អស់”។ អ្នកស្រី​បាន​បន្ថែម​ថា រោងចក្រ​​​មិន​​បើក​ប្រាក់​ខែ ប្រាក់​បន្ថែម​ផ្សេងៗ និង​ប្រាក់​ប្រចាំ​ឆ្នាំ​ដល់​​​អ្នកស្រី​​​សរុប​ចំនួន​២.៤០០​ដុល្លារ​។

លោក ហ៊ុន សុផល នាយ​ប៉ុស្តិ៍​សង្កាត់​ច្បារ​អំពៅ​១​បាន​បញ្ជាក់​ថា មន្ត្រី​របស់​លោក​ត្រូវ​បាន​ដាក់​ឲ្យ​ឈរ​ជើង​នៅ​រោងចក្រ Kui Xing ប៉ុន្តែ​បាន​និយាយ​ថា ដោយសារ​​​កម្មករ​៤០​នាក់​បាន​​ធ្វើ​ការ​តវ៉ា។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គ្រាន់​តែ​ទៅ​​​ទីនោះ​ដើម្បី​ការ​ពារ​កម្មករ​​​តែ​​​ប៉ុណ្ណោះ​​​ ពីព្រោះ​ពួក​គេ​បាន​តវ៉ា​ ឬ​​​ធ្វើ​កូដកម្ម​ ហេតុ​​​ដូច្នោះ​ហើយ​យើង​ត្រូវ​ព្យាយាម​ទប់​ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា”។ លោក​បាន​បន្ថែម​ថា លោក​មិន​ជឿ​ថា កម្មករ​ត្រូវ​គេ​គាប​​​សង្កត់​​​​ឲ្យ​ទទួល​យក​ប្រាក់​ដែល​ត្រូវ​បាន​កាត់​បន្ថយ​នោះ​ឡើយ​។ លោក​បាន​បន្ថែម​ថា “កម្មករ​ទាំង​អស់​បាន​ទទួល​យក​ប្រាក់​នោះ…។ រោងចក្រ​មិន​បាន​បាន​​​ចាក់​សោ​ឬ​​​បង្ខំ​ឲ្យ​កម្មករ​ទទួល​យក​ប្រាក់​នោះ​ឡើយ”។

រោងចក្រ​ Kui Xing ទំនង​ជា​មិន​មាន​លេខ​ទូរស័ព្ទ​​​ទាក់​​​ទង​​​ឡើយ ហើយ​មិន​មែន​ជា​សមា​​​ជិក​របស់​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ឡើយ ដែល​រោងចក្រ​នាំចេញ​ទាំង​អស់​តម្រូវ​ឲ្យ​ចូល​ជាសមាជិក ប៉ុន្តែ​លោក សិទ្ធីណែត ដែល​ជា​​​មន្ត្រី​សហជីព​បាន​លើក​ឡើង​ថា រោង​​​ចក្រ​នេះ​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន Sun Sky។

លោក សុខ ខេង អាយុ​៥០​ឆ្នាំ ជា​សន្តិសុខ​នៅ​រោងចក្រ​ Kui Xing បាន​និយាយ​ថា របស់​របរ​របស់​រោង​​​ចក្រ​ត្រូវ​បាន​​រើ​ទៅ​រោង​​​ចក្រ​ Sun Sky បន្ទាប់​​​ពី​រោង​​​ចក្រ​នេះ​បាន​បិទទ្វារ​។ លោក​ សុខ ខេង បាន​​​និយាយ​ថា “រោងចក្រ​បាន​ដឹក​ក្រណាត់ និង​ម៉ាស៊ីន​ដេរ​ទៅ​រោងចក្រ​ Sun Sky មុន​ពេល​រោងចក្រ​នេះ​បាន​បិទ​​​ទ្វារ ហើយ​លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​មិន​​​ជឿ​ថា កម្មករ​​​ត្រូវ​គេ​បង្ខំ​ឡើុយ។

លោក​បាន​បន្ថែម​ថា “យើង​មិន​បាន​ចាក់​សោ​​​ទ្វារ​ទេ យើង​គ្រាន់​តែ​បិទ​ទ្វារ​ ហើយ​រោងចក្រ​មិន​បាន​បង្ខំ​កម្មករ​ឲ្យ​ទទួល​យក​ប្រាក់​នោះ​ឡើយ​”។

តំណាង​រោងចក្រ​ Sun Sky ដែល​ជា​សមាជិក​របស់​សមាគម​​រោង​​​ចក្រ​​​កាត់​ដេរ​នៅ​កម្ពុជា មិន​អាច​ទាក់​ទង​បាន​ទេ​កាលពី​ម្សិលមិញ ហើយ​លោក កែន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ​៕ សារុន (រាយ​​​ការណ៍​បន្ថែម​ដោយ Alex Willemyns)​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស