លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍កាលពីម្សិលមិញថា បន្ទាប់ពីមើលឃើញការវិវឌ្ឍគួរឲ្យកត់សម្គាល់រយៈពេលជាងពីរទសវត្សរ៍ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ដែលផ្តល់មូលនិធិដោយប្រទេសផ្តល់ជំនួយ ប្រធានមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានចូលនិវត្តចំពេលដែលមានការផ្ទុះឡើងនៃមេរោគនេះនៅក្នុងខេត្តបាត់ដំបងដែលមិនធ្លាប់មានពីមុនមក។
ទោះជាយ៉ាងណា លោក ម៉ម ប៊ុនហេង បានអះអាងថា ការចូលនិវត្តរបស់លោក មាន ឈីវុន ដែលជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ចាប់តាំងពីឆ្នាំ១៩៩៨មក ដោយសារតែអាយុរបស់លោក ហើយមិនទាក់ទងនឹងការផ្ទុះឡើងនូវមេរោគអេសដ៍កាលពីពេលថ្មី ៗនេះឡើយ ដែលក្នុងនោះអ្នកភូមិ២៣០នាក់ក្នុងឃុំរកាត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគអេដស៍ចាប់តាំងពីចុងខែវិច្ឆិកាមក។
លោក ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា “នៅពេលគាត់ចាស់ គាត់ត្រូវចូលនិវត្តអ៊ីចឹងហើយ”។ លោកវេជ្ជបណ្ឌិត ឈីវុន បានមានប្រសាសន៍ថា លោកបានលាឈប់១០ថ្ងៃ មកហើយ ដោយសារអាយុរបស់លោក ដែលលោកបានបដិសេធមិនប្រាប់អ្នកយកព័ត៌មានឡើយ។
លោកបានមានប្រសាសន៍ថា “ការចូលវិវត្តរបស់ខ្ញុំមិនពាក់ព័ន្ធនឹងការផ្ទុះឡើងនូវមេរោគ អេដស៍ឡើយ។ ៦០ឆ្នាំគឺជាអាយុចូលនិវត្ត។ ហេតុអ្វីបានជាអ្នកត្រូវសួរអាយុរបស់ខ្ញុំ? វាជាបញ្ហារបស់ខ្ញុំ”។
លោកវេជ្ជបណ្ឌិត មាន ឈីវុន នឹងត្រូវជំនួសដោយលោក លី ពេញស៊ុន ដែលជាអនុប្រធានរបស់លោកយូរមកហើយ ដែលលោកបានលើកឡើងថា អតីតប្រធានរូបនេះនឹងបន្តបម្រើការក្នុងតួនាទីជាទីប្រឹក្សា។
លោកវេជ្ជបណ្ឌិត លី ពេញស៊ុន បានមានប្រសាសន៍ថា “លោក ឈីវុន បានចូលនិវត្តប៉ុន្តែ គាត់នៅតែជាទីប្រឹក្សាក្រសួងសុខាភិបាលដដែល។ គាត់នៅតែចូលរួមក្នុងការសើុបអង្កេតជាមួយក្រសួងពាក់ព័ន្ធនឹងករណីក្នុងឃុំរកា”។
ចាប់តាំងពីផ្ទុះឡើង កាលពីខែធ្នូ លោកវេជ្ជបណ្ឌិត ឈីវុន បានដឹកនាំការប្រឹងប្រែងឆ្លើយតបរបស់រដ្ឋាភិបាលរួមទាំងការស្ទង់មតិដែលបានបញ្ចប់កាលពីខែមុន បានរកឃើញថា ភាគច្រើននៃមេរោគនេះទំនងជាឆ្លងតាមការចាក់ថ្នាំ ឬការព្យួរសេរ៉ូម។
ក្នុងរយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីលោកវេជ្ជបណ្ឌិត ឈីវុន បានធ្វើជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អត្រាឆ្លងមេរោគអេដស៍បានថយចុះជាលំដាប់ពីកម្រិតឆ្លងរាលដាលកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលមេរោគអេដស៍ និងជំងឺអេដស៍បានឆ្លងដល់ប្រជាជនខ្មែរ១,៧ភាគរយ ចាប់ពីអាយុ១៥ឆ្នាំដល់៤៩ឆ្នាំ មកតិចជាង០,៧ភាគរយសព្វថ្ងៃនេះ។
ទោះជាយ៉ាងណា បន្ទាប់ពីពឹងផ្អែកលើការឧបត្ថម្ភពីអន្តរជាតិស្ទើរតែទាំងស្រុងរយៈពេលពីរទសវត្សរ៍មក រដ្ឋាភិបាលប្រឈមនឹងការកាត់មូលនិធិពីម្ចាស់ជំនួយមួយចំនួនក្នុងចំណោមម្ចាស់ជំនួយធំៗ រួមមានមូលនិធិសាកលប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ ដែលបានផ្តល់ប្រាក់២៥២ដុល្លារចំពោះការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០០៣មក៕សារុន