38.8 C
Phnom Penh

រដ្ឋាភិបាល​កាត់​បន្ថយ​តម្លៃ​ប្រើប្រាស់​ទឹក​សម្រាប់​ពលករ​ចំណាក​ស្រុក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​ថា បន្ទាប់ពី​ការ​ផ្តួចផ្តើម​គំនិត​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ឲ្យ​បញ្ចុះ​តម្លៃ​អគ្គិសនី​សម្រាប់​ពលករ​ចំណាក​ស្រុក​មក រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កំណត់​អត្រា​តម្លៃ​ទឹក​ថ្មី​សម្រាប់​ពលករ​និង​និស្សិត​ដែល​រស់​នៅ​ក្នុង​បន្ទប់​ជួល។

ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ទប់​ស្កាត់​ម្ចាស់​ផ្ទះ​ជួល​មិន​ឲ្យ​កេង​ចំណេញ​ពី​ការ​លក់​ទឹក​បន្ត រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ (រ.ទ.ស.ភ.) និង​សាលា​ក្រុង​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ដាក់​កម្រិត​ថា​ម្ចាស់​ផ្ទះ​ជួល​ត្រូវ​បង់​ថ្លៃ​ប៉ុន្មាន​ក្នុង​ទឹក​មួយ​ម៉ែត្រ​គូប និង​អត្រា​តម្លៃ​ដែល​ពួលគេ​ត្រូវ​លក់​បន្ត​ទៅ​ឲ្យ​អ្នក​ជួល​បន្ទប់​ស្នាក់​នៅ។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា “ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​នឹង​លក់​ទឹក​ក្នុង​មួយ​ម៉ែត្រ​គូប​តម្លៃ​១.០៣០​រៀល ហើយ​ម្ចាស់​ផ្ទះ​ជួល​អាច​លក់​ទឹក​ឲ្យ​កម្មករ​កាត់ដេរ​ក្នុង​តម្លៃ​១.២០០​រៀល។ ក្នុង​ពេល​កន្លង​មក ម្ចាស់​ផ្ទះ​ជួល​បាន​កំណត់​តម្លៃ​ដោយ​ខ្លួន​ឯង ដល់​ទៅ​២.០០០ ឬ​២.៥០០​រៀល”។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ដឹង​ថា ម្ចាស់​ផ្ទះ​ជួល​ចង់​លក់​​ក្នុង​តម្លៃ​ខ្ពស់​ជាង​នេះ ប៉ុន្តែ​ឥឡូវនេះ​ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​កំណត់​តម្លៃ​សម្រាប់​ពួកគេ ដូច្នេះ​ពួកគេ​ត្រូវតែ​ធ្វើ​តាម​ដើម្បី​កម្មករ​កាត់ដេរ”។

លោក ឃួង ស្រេង បាន​មាន​ប្រសាសន៍​ថា រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​និង​សាលា​ក្រុង​នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​ពិភាក្សា​អំពី​គម្រោង​យក​តម្លៃ​ថ្មី​នេះ​ជាមួយ​ម្ចាស់​ផ្ទះ​ជួល​និង​រក​ពាណិជ្ជករ​ដែល​ចង់​ធ្វើ​ជា​ឈ្មួញ​កណ្តាល។

លោក បាន​មាន​ប្រសាសន៍​ទៀត​ថា “យើង​កំពុង​ព្យាយាម​រក​ពាណិជ្ជករ​ដើម្បី​រៀបចំ អាង​ទឹក និង​ចាប់​ផ្តើម​លក់​ទឹក​ឲ្យ​កម្មករ​តាម​តម្លៃ​ថ្មី​នេះ”។ លោក​បាន​បន្ថែម​ថា ការ​អនុវត្ត​អត្រា​តម្លៃ​ថ្មី​នេះ​មិន​ទាន់​ធ្វើ​ឡើង​ភ្លាមៗ​ទេ។

លោក​អភិបាល​រង​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា “រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​មិន​អាច​ធ្វើ​បាន​រហ័ស​ដូច​អគ្គិសនី​កម្ពុជា​ទេ ពីព្រោះ​អាងទឹក​ពិបាក​រៀបចំ​ធ្វើ​ជាង​កុងទ័រ​ភ្លើង”។

កាលពី​សប្តាហ៍​មុន អគ្គិសនី​កម្ពុជា​បាន​ចាប់​ផ្តើម​ការ​រៀបចំ​ដាក់​ប្រអប់​ភ្លើង ដើម្បី​ឲ្យ​អ្នក​ជួល​បង់​វិក្កយបត្រ​អគ្គិសនី​របស់​ខ្លួន​ដោយ​ផ្ទាល់​ទៅ​អគ្គិសនី​កម្ពុជា ក្នុង​អត្រា​តម្លៃ​រវាង​៦១០​ទៅ​៨២០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។

លោក កែវ​​​ រតនៈ​​​ អគ្គនាយក​​​អគ្គិសនី​​​កម្ពុជា​បាន​មាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​ថា ម្ចាស់​ផ្ទះ​ជួល​ពីមុន​មក​បាន​យក​តម្លៃ​២.៥០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង។ អគ្គិសនី​កម្ពុជា​មាន​ផែនការ​ចំណាយ​ប្រាក់​ប្រហែល​ពីរ​លាន​ដុល្លារ​សម្រាប់​ប្រអប់​អគ្គិសនី​៤០.០០០​តាម​បន្ទប់​ផ្ទះ​ជួល​នៅ​ទូទាំង​ប្រទេស​កម្ពុជា៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស