27 C
Phnom Penh

នគរបាល​ចាប់ខ្លួន​បុគ្គលិក​កាស៊ីណូម្នាក់​ពីបទ​ចាប់បង្ខាំង​អ្នកលេង​ល្បែង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីថ្ងៃ​​​សុក្រ នគរ​​​បាល​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​ចាប់​​​ខ្លួន​​​បុគ្គលិក​​​​​​កាស៊ីណូ​​​ Roxy ក្នុង​​​ក្រុង​​​បាវិត​​​ ដែល​​​តាម​​​ចោទ​​​ពី​​​បទចាប់បង្ខាំង​​​អ្នក​​​លែង​​​ល្បែង​​​ម្នាក់​​​ដែល​​​មិន​​​អាច​​​រក​​​ប្រាក់​​​សង​​​បាន​​​ចំនួន​​​១០.០០០ដុល្លារ​​​ ដែល​​​កាស៊ីណូ​​​បាន​​​ឲ្យ​​​នាង​​​ខ្ចី។

លោក ម៉ៅ ភិន​​​ភិរម្យ​​​ នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាវិត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ង្វៀន ធីហួង​​​ផា អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម ដែល​​​ធ្វើ​​​ការ​​​នៅ​​​កាស៊ីណូ​​​នេះ​​​បាន​​​ឲ្យជន​​​រង​​​គ្រោះ​​​ខ្ចី​​​ប្រាក់​​​ ហើយ​​​បាន​​​ចាប់​​​នាង​​​បង្ខាំង​​​ក្នុង​​​បន្ទប់​​​មួយនៅ​​​កាស៊ីណូ​​​នេះ​​​នៅ​​​ពេល​​​នាង​​​ចាញ់​​​ប្រាក់​​​អស់ ហើយ​​​មិនអាច​​​រក​​​ប្រាក់​​​សង​​​បាន​​​។

លោក ភិនភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​រងគ្រោះ​​​ឈ្មោះ ត្រួង​​ ធីង្វៀន អាយុ​​​៣៣​​​ ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម​​​សញ្ជាតិ​​​អូស្ត្រាលី​​​ត្រូវ​​​បាន​​​បង្ខំឲ្យទូរស័ព្ទ​​​ទៅ​​​សាច់​​​ញាតិ​​​របស់​​​ខ្លួន​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ ហើយ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់​​​សង​​​បំណុលនោះ​​​ជំនួស​​​នាង​​​។ ប៉ុន្តែ ជា​​​ជាង​​​យក​​​ប្រាក់​​​មក​​​ជា​​​មួយ ​​​សាច់​​​ញាតិ​​​បាន​​​សុំ​​​ឲ្យ​​​ក្រសួង​​​មហាផ្ទៃ​​​កម្ពុជា​​​ជួយ​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពី​​​ករណី​​​ចាប់​​​បង្ខាំង​​​នេះ ពីព្រោះ​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​នគ​​​របាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​ បន្ទាប់​​​ពី​​​ជន​​​រង​គ្រោះ​​​បាន​​​ទូរស័ព្ទ​​​ទៅ​​​គ្រួសារ​​​នាង​​​ឲ្យ​យក​​​ប្រាក់​មក​​​សង​​​​​​​ម្ចាស់​​​បំណុល​​​។ នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​សហការ​​​ជាមួយ​​​ការិយាល័យ​​​របស់​​​ខ្ញុំ​​​​​​ ហើយ​​​បាន​​​ឃាត់​​​ខ្លួន​​​ស្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​”។

លោក​​​ ភិន​​​ភិរម្យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ធី​​​ង្វៀន ត្រូវ​​​បាន​​​ដោះ​​​លែង​​​នៅ​​​ថ្ងៃ​​​ដដែល​​​ ប៉ុន្តែ​​​ មិន​​​ដឹង​​​ថា ហេតុការណ៍​នេះ​​​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​ណា​​​នោះទេ​​​ ឬ​​​ថា តើ​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ធ្វើ​​​បាប​​​អំឡុង​​​ការ​​​ចាប់​​​បង្ខាំង​​​ ឬ​​​យ៉ាង​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា ធីង្វៀន បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀតណាម​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​នាង​​​វិញ​​​ហើយ​​​។

នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា ករណី​​​បែប​​​នេះ​​​គ្មាន​​​អ្វី​​​ចម្លែក​​​ក្នុង​​​ក្រុង​​​បាវិត​​​ឡើយ​​​ ដែល​​​កាស៊ីណូ​​​ភាគ​​​ច្រើន​​​បាន​​​ល្បួង​​​អ្នក​​​លែង​​​ល្បែង​​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​តាម​​​ព្រំដែន​​​ឲ្យ​មកលេង​ជាប់​​​មិន​ដាច់​​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា ករណី​​​ភា​​គ​​​ច្រើន​​​ត្រូ​​​វបាន​​​ដោះ​​​ស្រាយ​​​មុន​​​ពេល​​​នគរ​​​បាល​​​មក​​​អន្តរាគមន៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ឃើញ​​​ថា មាន​​​ករណី​​​បង្ខាំង​​​មនុស្ស​​​ជា​​​​​​ច្រើន​​​ ប៉ុន្តែ ជន​​​រង​​​គ្រោះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​វិញ បន្ទាប់​​​ពី​​​ក្រុម​​​គ្រួសារ​​​បង់​​​ប្រាក់​​​ដល់​​​ម្ចាស់​​​បំណុល​​​”។

លោក អិុន បូរ៉ា នាយ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ធីហួង​​​ផា ត្រូវ​​​បាន​​​នាំ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ស្ត្រី​​​រូប​​​នេះ​​​មិន​​​ទាន់​​​បាន​​​ចោទ​​​ប្រកាន់​​​នៅឡើយ​ទេ​​។ ឥឡូវ​​​នេះ​​​នាង​​​ស្ថិត​​​ក្នុង​​​ការ​​​ឃុំ​​​ខ្លួន​​​នៅ​​​​​​ក្រសួង​​​មហាផ្ទៃ។ យើង​​​កំពុងសហការ​​​ជាមួយ​​​ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​សាក​​​សួរ​​​នាង​​​”៕សារុន​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស