37.3 C
Phnom Penh

មនុស្ស​​​បួន​​​នាក់​​​ត្រូវ​​ចោទ​​​ប្រកាន់់​​ក្នុង​​​ករណី​​​ព្រួត​​​សម្លាប់​​​មនុស្ស​​​នៅ​​​កំពង់​​​ស្ពឺ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​បួន​​​នាក់​​​នឹង​​​ត្រូវ​​​ចោទ​​​ប្រកាន់​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​ជុំ​​​វិញ​​​ការ​​​ចូល​​​រួម​​​ក្នុង​​​សកម្មភាព​​​ព្រួត​​​វាយ​​​បុរស​​​មាន​​​សតិ​​​មិន​​​គ្រប់​​​ម្នាក់​​​​​​ និង​​​ដុត​​​​​​សម្លាប់​​​ទាំង​​​រស់​​​យ៉ាង​​​សាហាវ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​។

លោក យឹម​​​ វ៉ន នាយ​​​បុ៉ស្តិ៍​​​នគរ​​​បាល​​​ឃុំ​​​ត្រពាំង​​​គង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នក​​​ភូមិ​​​ប្រហែល​​​៥០​​​នាក់​​​នៅ​​​ក្នុង​​​​​​ឃុំ​​​របស់​​​លោក​​​ បាន​​​ព្រួត​​​វាយ​​​បុរស​​​ម្នាក់​​​ឈ្មោះ​​​ ទួន ពុទ្រា អាយុ​​​២៨​​​ឆ្នាំ ដែល​​​ពួកគេ​​​សង្ស័យ​​​ថា​​​ជា​​​ចោរ​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ភូមិ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​រង​​​គ្រោះ​​​ពី​​​បទ​​​ព្យាយាម​​​លួច​​​គោ​​​មួយ​​​ក្បាល​​​ និង​​​ម៉ូតូ​​​​​​មួយ​​​គ្រឿង​​​​​​ នៅ​​​ពេល​​​អ្នក​​​ភូមិ​​​​​វាយ​​​ដំ​​​ជន​​​រង​​​គ្រោះ​​​រហូតដល់​​​ជន​​​រង​​​គ្រោះ​​​រង​​​របួស​​​ធ្ងន់​​​ ហើយ​​​អាជ្ញាធរ​​​ប្រហែល​​​ល១០​​​នាក់​​​បាន​​​ព្យាយាម​​​រារាំង​​​អ្នក​​​ភូមិ​​​”។

លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ទៀត​​​ថា ពេល​​​នោះ​​​ ស្រាប់​​​តែ​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ងាក​​​ទៅ​​​រក​​​មន្ត្រី​​​នគរ​​​បាល​​​ដែល​​​បាន​​​ព្យាយាម​​​ជួយ​​​អន្តរាគមន៍​​​។ លោក​​​បាន​​​​​​បញ្ជាក់​​​ថា “អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ឆ្កួត​​​ហើយ​​​ សូម្បី​​​យើង​​​ជា​​​នគរ​​​បាល​​​ ក៏​​​ពួក​​​គេ​​​នៅ​​​តែ​​​ចង់​​​សម្លាប់​​​ជន​​​រង​​​គ្រោះ​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​មក​​​ អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​​​​អូស​​​បុរស​​​នេះ​​​ចម្ងាយ​​​១៥០ម៉ែត្រ​​​ចូល​​​ទៅ​​​វាល​​​ស្រែ​​​ ចង​​​ជន​​​រង​​​គ្រោ​​​ះ​​​នឹង​​​ដើម​​​ត្នោត​​​ ហើយ​​​ដុត​​​ទាំង​​​រស់​​​។ ជន​​​សង្ស័យ​​​បី​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​ កង​​​ សាន អាយុ​​​៣០​​​ឆ្នាំ ឈ្មោះ អឿន សាត អាយុ​​​២៦​​​ឆ្នាំ និង​​​ឈ្មោះ ភឿន ភឿន អាយុ​​​២៨​​​ឆ្នាំ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​ស្រុក​​​សំរោង​​​ទង​​​​​​នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។

លោក ចាន់​​​ ឌី មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​​​ចាប់​​​ខ្លួន​​​បាន​​​ជន​​​សង្ស័យ​​​ម្នាក់​​ទៀត​​​ឈ្មោះ​​​ អៀម សាហុន អាយុ​​​៣០​​​​​​ឆ្នាំ​​​ នៅ​​​ព្រឹក​​​ដដែល​​​នោះ​​​។

លោក ទួន ឆាយ ដែល​​​ត្រូវ​​​ជា​​​បង​​​ប្រុស​​​របស់​​​ជន​​​រង​​​គ្រោះ​​​បាន​​​និយាយ​​​ថា ទួន​​​ ពុទ្រា បាន​​​បាត់​​​ខ្លួន​​​ពី​​​ផ្ទះ​​​របស់​​​គាត់​​​​​​នៅ​​​ក្នុង​​​ស្រុក​​​អង្គ​​​ស្នួល​​​ ខេត្ត​​​កណ្តាល​​​ កាល​​​ពី​​​ប្រហែល​​​ពីរ​​​សប្តាហ៍​​​មុន​​​ ហើយ​​​ទើប​​​តែ​​​​​​ឈប់​​​លេប​​​ថ្នាំ​​​សរសៃ​​​ប្រសាទ​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប៉ុណ្ណោះ​​​។

គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា “យើង​​​បាន​​​បាត់​​​​​​វា​​​​​​ប្រហែល​​​ពីរ​​​សប្តាហ៍​​​មុន ហើយ​​​បន្ទាប់​​​មក​​​យើង​​​ក៏​​​បាន​​​​​​ដឹង​​​​​​ថា វា​​​​​​ស្លាប់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​។ មុន​​​ពេល​​​យើង​​​បាន​​​បាត់​​​​​​វា​​​ វាមិន​​​បាន​​​លេប​​​​​​ថ្នាំ​​​សរសៃ​​​ប្រសាទ​​​ទេ​​​។ អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​ និង​​​ជន​​​សង្ស័យ​​​ដែល​​​ត្រូវ​​​​​​​​​បាន​​​ចាប់​​​ខ្លួន​​​​​​​​​​​​​​​​​ពិត​​​ជា​​​សាហាវ​​​ណាស់។ ទោះ​​​បី​​​​​​ជា​​​វាធ្វើ​​​អ្វី​​​មិន​​​ល្អ​​​ក៏​​​ដោយ​​​ ក៏​​​​​​គួរ​​​តែ​​​បញ្ជូន​​​វា​​​​​​​​​ទៅ​​​នគរ​​​បាល​​​ ពួកគេ​​​មិន​​​គួរ​​​សម្លាប់វា​​​នោះ​​​ទេ​​​ វា​​​អយុត្តិធម៌​​​សម្រាប់​​​ប្អូន​​​ប្រុស​​​​​​ខ្ញុំ​​​”។

ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​នឹង​​​ត្រូវ​​​​​​បញ្ជូន​​​ខ្លួន​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់ស​​​្ពឺ​​​នៅ​​​ព្រឹក​​​ថ្ងៃ​​​សៅ​​​រ៍ ដើម្ប​ី​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់ នេះ​​​បើ​​​យោង​​​តាម​​​លោក ចាន់ ឌី និង​​​លោក សំ សាក់​​​ នាយ​​​រង​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​​​​ខេត្ត​​​ដែលបាន​​​លើ​​ក​​​ឡើង​​​ថា ​​​មន្ត្រី​​​មាន​​​សមត្ថកិច្ច​​​កំពុង​​​សើុប​​​អង្កេត​​​​​​តាម​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​អ្នក​​​ផ្សេង​​​ទៀត​​​ដែល​​​ចូល​​​រួម​​​ជា​​​មួយ​​​ក្រុម​​​ជន​​​ល្មើស​​​នេះ​​​៕សុខុម

​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស