41.3 C
Phnom Penh

ឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង​ សារ៉ាត់​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​ឪពុក​​​ម្តាយ​​​ឧត្តម​​​សេនីយ៍​​​ ថោង សារ៉ាត់ ដែល​​​កំពុង​​​តាម​​​ចាប់ខ្លួន​​​ពី​​​បទ​​​សម្របសម្រួលឲ្យ​មាន​​​​ការ​​​សម្លាប់​​​លោក អឹុង ម៉េង​​​ជឺ ពាណិជ្ជករ​​​ម្នាក់​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​នោះ​​​ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សៅរ៍​​​ដែល​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មាន​​​អាវុធ​​​ខុស​​​ច្បាប់ នេះ​​​បើ​​​​យោង​​​តាម​​​មេធាវី​​​​​​របស់​​​ពួក​​គាត់​​​។

លោក ថោង​​​ ចំរើន ឪពុក​​​របស់​​​ឧត្តម​​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ និង​​​អ្នកស្រី កែវ សាវី ជា​​​ម្តាយ​​​របស់​​​គាត់​​​ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃស​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​៧ ខែធ្នូ បន្ទាប់​​​ពី​​​ការ​​​ឆ្មក់​​​ចូល​​​របស់​​​នគរ​​​បាល​​​ជា​​​ច្រើន​​​លើក​​​នៅ​​​ភូមិ​​​គ្រឹះ​​​របស់​​​ក្រុម​​​គ្រួសារ​​​នេះ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ហើយ​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​ខុស​​​ច្បាប់​​​មួយ​​​ចំនួន​​​។ ឧត្តម​​​សេនីយ៍ទោ ថោង សារ៉ាត់ កំពុង​​​រត់​​​គេ​​​ចខ្លួន​​​នៅ​​​ឡើយ​​​។

លោក ម៉ុន កែវស៊ីវីន មេធាវ​​​ី​​​តំណាង​​​លោក ថោង ចំរើន និ​​​ងអ្នកស្រី កែវ សាវី បាន​​​មានប្រសាសន៍​​​ថា ឪពុក​​​ម្តាយ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ ថោង សារ៉ាត់ ត្រូវ​​​បាន​​​ដោះ​​​លែង​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ពីព្រោះ​​​ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ លី សុខ​​​ឡេង បាន​​​សម្រេច​​​ដោះ​​​លែង​​​ពួក​​​គាត់​​​ឲ្យ​​​នៅ ក្រៅ​​​ឃុំ​​​ដោយសារ​​​បញ្ហា​​​សុខ​​​ភាព​​​ ខណៈ​​​ដែល​​​សាក​​​សួរ​​​ពួកគាត់​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍។

លោក កែវស៊ីវីន បាន​​​មាន​​​ប្រសាសន៍​​​ថា “ចៅ​​​ក្រម​​​ស៊ើប​​​សួរ លី សុខ​​​ឡេង បាន​​​កោះ​​​ហៅ​​​ពួកគាត់​​​ឲ្យ​​​មក​​​តុលាការ​​​ដើម្បី​​​សាក​​​សួរ​​​បន្ត ហើយ​​​នៅ​​​ថ្ងៃ​​​នោះ​​​លោក​​​ឃើញ​​​ថា ពួក​​​​​​គាត​​​់​​​ទាំង​​​ពីរ​​​មាន​​​បញ្ហា​​​សុខភាព​​​”។

លោក​​​បាន​​​បន្ថែម​​​ថា “ឪពុក​​​របស់​​​ឧត្តម​​​សេនីយ៍ទោ ថោង សារ៉ាត់​​​ មាន​​​បញ្ហា​​​ភ្នែក ​​​ជំងឺ​​​ផ្លូវ​​​ចិត្ត និ​​​ង​​​ជំងឺ​​​ទឹក​​​នោម​​​ផ្អែម។ អ្នកស្រី​​​ កែវ សារី មានសម្ពាធឈាម​ខ្ពស់​​នៅ​​​ពេល​​​គាត់​​​ខឹង។ នោះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ចៅ​​​ក្រម​​​សម្រេច​​​ដោះ​​​លែង​​​ពួក​​​គាត់​​​។ ចៅក្រម​​​ សុខ​​​ឡេង​​​​​​​​​​​​ មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។

លោក កែវសីុវិន បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​តុលាការ​​​ដដែល​​​ ហើយ​​​នឹង​​​​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេសបាន​​​​ ប្រសិន​​​បើ​​​ពួក​​​គាត់ទៅ​​​ជា​​​មួយ​​​មេធាវី​​​របស់​​​ខ្លួន​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍ ថា “ប្រសិន​​​បើ​​​ពួក​​គាត់​​​ចង់​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ពួ​​​ក​​​គាត់​​​ត្រូវ​​​​​​ជម្រាប​​មេធាវី​​​របស់​​​ខ្លួន​​​ ហើយ​​​មេធាវី​​​របស់​​​ពួក​​​គាត់​​​នឹង​​​ជូន​​​ដំណឹង​​​ទៅ​​​តុលាការ​​​។ មេធាវីទាំង​​​នោះ​​​តែ​​​ង​​​តែ​​​ទៅ​​​ជាមួយ​​​ពួកគាត់ជា​​​និច្ច ហើយ​​​ពួក​​​គាត់​​​នឹង​​​បង្ហាញ​​​ខ្លួន ​​​ប្រសិន​​​បើ​​​តុលាការ​​​តម្រូវ”។

បើ​​​ទោះ​​​ជា​​​នគរ​​​បាល​​​​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​យ៉ាង​​​តិច​​​១០​​​ដើម​​​ក្នុង​​​ការ​​​ឆែក​​​ឆេរ​​​ផ្ទះ​​​របស់​​​ប្តី​​​ប្រពន្ធ​​​នេះ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រួម​​​មាន​​​កាំភ្លើង​​​អាកា-៤៧ បី​​​ដើម​​​ និង​​​កាំ​​​ភ្លើង​​​ខ្លី​​​មួយ​​​ដើម អំឡុ​​​ងការ​​​ឆ្មក់​​​ចូល​​​កាល​​​ពី​​​ខែ​​​មុន​​​ក៏​​​ដោយ​​​ ក៏​​​លោក កែវ​​​ស៊ីវីន បាន​​​មាន​​​ប្រសាសន៍​​​ថា មាន​​​តែ​​​កាំ​​​ភ្លើង​​​បួន​​​ដើម​​​ប៉ុណ្ណោះ​​​ជា​​​កម្ម​​​សិទ្ធិ​​​របស់​​​កូន​​​ក្តី​​​​​​លោក​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គាត់ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មាន​​​អាវុធ​​​ខុស​​​ច្បាប់​​​ប៉ុន្តែ​​​ពួក​​​គាត់​​​ មាន​​​ឯកសារ​​​ស្រប​​​ច្បាប់​​​សម្រាប់​​​អាវុធ​​​ទាំង​​​នោះ​​​ ដែល​​​អនុញ្ញាត​​​ដោយ​​​ក្រសួង​​​ការពារ​​​ជាតិ​​​ពីព្រោះ​​​ម្តាយ​​​របស់​​​លោក ថោង​​​ សារ៉ាត់ ជា​​​វរសេនីយ៍​​​ទោ ហើយ​​​ឪពុក​​​របស់​​​លោក​​​វរ​សេនីយ៍​​ត្រី​​​”។ លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​កាល​​​​ពីម្សិលមិញ​​​៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស