មន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា តុលាការខេត្តស្វាយរៀងបានចោទបុរសបីនាក់ពីបទរំលោភនិងជួញដូរមនុស្ស បន្ទាប់ពីបានចាប់ខ្លួនពួកគេកាលពីសប្តាហ៍មុន ពីបទចាប់ពង្រត់កម្មករកាត់ដេរជំទង់ពីរនាក់ និងបង្ខំឲ្យធ្វើជាស្រីពេស្យានៅបៀរហ្គាឌិនមួយកន្លែង។
លោក ហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងបានមានប្រសាសន៍ថា ព្រះរាជអាជ្ញារង កៀង សុន្ទរោ បានចោទពួកគេកាលពីថ្ងៃសៅរ៍។
ដោយមិនអធិប្បាយច្រើន លោក ប៊ុនជា បាននិយាយថា “យើងកំពុងស៊ើបអង្កេតករណីនេះនៅឡើយ” ។
លោក នាត សារឿន ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្ត បានមានប្រសាសន៍ថា យើងបានទទួលបណ្តឹងអំពីមនុស្សបាត់ខ្លួនកាលពីថ្ងៃអង្គារពីគ្រួសាររបស់ក្មេងស្រីអាយុ១៧ឆ្នាំនិងគ្រួសាររបស់ក្មេងស្រីអាយុ១៨ឆ្នាំ អ្នកទាំងពីរធ្វើការនៅរោងចក្រកាត់ដេរក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ានហាថានក្រុងបាវិត។ លោកបានឲ្យដឹងទៀតថា គ្រួសាររបស់ជនរងគ្រោះបាននិយាយថា អ្នកទាំងពីរបានបាត់ខ្លួនកាលពីថ្ងៃទី៣១ខែមករា។
លោក សារឿន បាននិយាយថា ពេលទទួលពាក្យបណ្តឹងនៅថ្ងៃដដែលនោះ មន្ត្រីរបស់លោកបានតាមរកស្ត្រីទាំងពីរនាក់នៅបៀរហ្គាឌិន តូ រ៉ូ និង ខេធីវី ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
លោកបាននិយាយថា “បន្ទាប់ពីយើងបានទទួលពាក្យបណ្តឹងភ្លាម យើងបានចាប់ផ្តើមការស៊ើបអង្កេត។ យើងបានរកឃើញជនរងគ្រោះនៅ ខេធីវី”។
យោងតាមលោក សារឿន បានឲ្យដឹងថា នៅពេលនគរបាលសាកសួរបន្ទាប់ពីការសង្គ្រោះពួកគេ ជនរងគ្រោះបាននិយាយថា ពួកនាងត្រូវបានរំលោភនិងឃុំខ្លួនដោយបុរសបីនាក់ ដែលបានបង្ខំឲ្យពួកនាងដេកជាមួយបុរសផ្សេងទៀតដែរ។
លោក សារឿន បាននិយាយថា ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ សួង ពី អាយុ៣១ឆ្នាំ ម៉ី រស្មី អាយុ៣៨ឆ្នាំ និង ម៉ី ម៉ាលី អាយុ៣៨ឆ្នាំ នៅបៀរហ្គាឌិននោះកាលពីថ្ងៃអង្គារ។ លោកបានបន្ថែមថា បច្ចុប្បន្នជនសង្ស័យកំពុងត្រូវឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត។
លោក ម៉ុន លីដា អ្នកស៊ើបអង្កេតក្រុមសិទ្ធិមនុស្សលីកាដូប្រចាំខេត្តបាននិយាយថា លោក បានសម្ភាសន៍ជនរងគ្រោះអាយុ១៧កាលពីថ្ងៃសុក្រ ហើយថា នាងបានប្រាប់ថា នាងនិងមិត្តរបស់នាងបានជួបលោក ពី និងលោក រស្មី ដែលក្មេងស្រីអាយុ១៨ឆ្នាំបានស្គាល់ នៅមុខរោងចក្រកាត់ដេររបស់ខ្លួន នៅម៉ោងប្រហែល១១ព្រឹកកាលពីថ្ងៃទី៣១ខែមករា។
លោក លីដា បាននិយាយថា ក្មេងស្រីអាយុ១៧ឆ្នាំបានប្រាប់គាត់ថា ទាំងបួននាក់បានធ្វើដំណើរជាមួយគ្នាទៅ បៀរហ្គាឌិន តូរ៉ូ នៅទីនោះបុរសពីរនាក់និងម្ចាស់ហាង គឺលោក ម៉ាលី បានរំលោភនាងនិងមិត្តរបស់នាង។
លោកបាននិយាយថា “ជនសង្ស័យបានរំលោភពួកគេម្តងម្នាក់ៗ”។ លោកបានបន្ថែមថា នៅថ្ងៃទី១ខែកុម្ភៈ លោក ពី និងលោក រស្មី បានលក់ជនរងគ្រោះទៅលោក ម៉ាលី។
លោក លីដា បាននិយាយថា យោងតាមក្មេងស្រីអាយុ១៧ឆ្នាំបានឲ្យដឹងថា លោក ម៉ាលី បានបង្ខំជនរងគ្រោះឲ្យរួមភេទជាមួយបុរសផ្សេងទៀត ទាំងនៅបៀរហ្គាឌិន និងនៅបន្ទប់ជួលក្នុងទីក្រុងនេះ ដើម្បីយកលុយ។
លោកបាននិយាយថា “ជនរងគ្រោះបានប្រាប់ខ្ញុំថា គេបង្ខំនាងឲ្យដេកជាមួយប្រុសផ្សេងទៀត។ ពួកគេវាយធ្វើបាបនាងប្រសិនបើនាងមិនដេកជាមួយភ្ញៀវ”។
ម្តាយរបស់ក្មេងស្រីអាយុ១៧ឆ្នាំ ដែលរស់នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារបាននិយាយកាលពីថ្ងៃអាទិត្យថា កូនស្រីរបស់គាត់បានទៅធ្វើការនៅក្រុងបាវិតទើបតែបានពីរបីថ្ងៃប៉ុណ្ណោះ មុនពេលនាងត្រូវគេចាប់ពង្រត់។ គាត់បាននិយាយថា កូនស្រីរបស់គាត់បានត្រឡប់មកផ្ទះនៅខេត្តព្រះវិហារវិញហើយ។
គាត់បាននិយាយថា “នាងមានអារម្មណ៍ខ្មាសអៀនណាស់។ នាងមិនចង់និយាយជាមួយអ្នកណាទេ។ ខ្ញុំបារម្ភណាស់អំពីអនាគតកូនស្រីរបស់ខ្ញុំ”។ ស្ត្រីជាម្តាយរូបនេះបានបន្ថែមថា គាត់បានទារសំណង១០.០០០ដុល្លារក្នុងម្នាក់ៗពីជនសង្ស័យបីនាក់នោះ៕ មានិត