អង្គរក្សម្នាក់ដែលជាប់ចោទពីបទសម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កាលពីឆ្នាំមុនតាមបញ្ជារបស់ ថោង សារ៉ាត់ មន្ត្រីយោធាជាន់ខ្ពស់នៅក្រសួងការពារជាតិដែលជាចៅហ្វាយរបស់ខ្លួន ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសាកសួរកាលពីម្សិលមិញ នេះបើតាមការលើកឡើងពីមេធាវីការពារចុងចោទរូបនេះ។
លោក អឹុង ម៉េងជឺ ប្រធានក្រុមហ៊ុន ស៊ីមិុច គ្រុប ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅខាងក្រៅហាងលក់ផ្លែឈើមួយកន្លែងក្នុងខណ្ឌចំការមន កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ បានរត់គេចខ្លួនចាប់តាំងពីគេចពីការឡោមព័ទ្ធរបស់នគរបាលនៅភូមិគ្រឹះរបស់ខ្លួនចាប់តាំងពីថ្ងៃទី៣ ខែធ្នូមក។សៀង វាសនា អាយុ៤៥ឆ្នាំដែលជាប់ចោទពីបទមនុស្សឃាតគិតទុកជាមុននៅក្នុងការបាញ់សម្លាប់លោក អឹុង ម៉េងជឺ និងដែលអង្គរក្សបីនាក់ទៀតរបស់ ថោង សារ៉ាត់ ជាបក្ខពួកសមគំនិតនោះ ត្រូវបានចៅក្រមសើុបសួរ លី សុខឡេង សាកសួររយៈពេល២ម៉ោង នេះយោងតាមលោក គា អ៊ាវ មេធាវីការពារចុងចោទ។
ដោយបញ្ជាក់ពីភាពគ្មានទោសរបស់កូនក្តីលោក លោក គា អ៊ាវ បានមានប្រសាសន៍ថា “ចៅក្រមសាកសួរគាត់ម្តងទៀត ពីព្រោះគាត់នៅជាជនសង្ស័យនៅឡើយ។ គាត់មិនបានសារភាពទេ ពីព្រោះនៅថ្ងៃកើតហេតុ គាត់កំពុងធ្វើដំណើរជាមួយគ្រួសារគាត់ពីកំពង់ឆ្នាំងឆ្ពោះមករាជធានីភ្នំពេញ”។
និយាយទៅកាន់អ្នកយកព័ត៌មានម្នាក់មុនពេលចូលទៅក្នុងការិយាល័យចៅក្រមកាលពីម្សិលមិញ សៀង វាសនា បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយបន្តតាមដានរឿងក្តីរបស់ខ្លួន។ គាត់និយាយថា “យើងមិនបានធ្វើទង្វើស្មោកគ្រោកទេ។ សូមអ្នកកាសែតជួយរកយុត្តិធម៌ឲ្យខ្ញុំផង។ តុលាការមិនយុត្តិធម៌ទេ”។
ពាក់ព័ន្ធនឹងបញ្ហានេះ ចៅក្រម លី សុខឡេង បានបដិសេធមិនឆ្លើយបំភ្លឺទេ៕សុខុម