41.3 C
Phnom Penh

ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេត​ពី​ភាព​ស្របច្បាប់​នៃផែនការ​កំណែទម្រង់ ​នយោបាយ​ “​ខ្មែរ​ដើម្បីខ្មែរ”

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​​បាន​មាន​ប្រសាសន៍កាលពីម្សិលមិញ​ថា​ ក្រសួង​របស់លោក​កំពុង​ស៊ើប​អង្កេត​​ថា តើ​គម្រោង​របស់​លោក កែម ឡី អ្នក​វិភាគ​នយោ​បាយ​ដើម្បី​​បង្កើត​​គណបក្ស​តូច​ៗ​រាប់រយ​​មុនពេល​​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧នោះ​ស្រប​ច្បាប់ឬ​យ៉ាងណា។

ថ្លែង​នៅ​ពិធីមួយ​នៅ​ក្រសួង​មហាផ្ទៃ លោក ស ខេង​ បាន​កត់​សម្គាល់ថា បច្ចុប្បន្ននេះ​មាន​គណបក្ស​​ប្រហែល​៤០ប៉ុណ្ណោះ​​បាន​ចុះឈ្មោះ​​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​បាន​លើក​ឡើង​ថា លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​របស់លោក​​ស៊ើប​អង្កេត​គម្រោង​​របស់​ក្រុមកំណែទម្រង់​នយោបាយ​ “ខ្មែរដើម្បីខ្មែរ​” របស់លោក​​ កែម ឡី។

លោក ស ខេង បាន​មាន​ប្រសាសន៍ថា “មាន​រូបមន្តមួយ​…​ដែលក្នុងនោះ​គេ​បាន​ទៅ​បង្កើត​គណបក្ស​តូច​ៗ​នៅក្នុង​មូលដ្ឋាន ហើយ​បន្ទាប់មក​​យក​គណបក្ស​តូច​ៗ​ទាំង​នោះ​បង្កើត​ជា​គណបក្ស​មួយ​ ជាចលនា​​មួយ​ដែល​ដឹកនាំដោយ​​ក្រុមបញ្ញវន្ត​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា”។ លោក​បាន​បន្ថែមថា “យើង​កំពុង​តាម​ដានរឿងនេះ​ដើម្បី​ចង់ដឹង​ថា តើ​វាស្រប​ច្បាប់ ឬ​ខុស​ច្បាប់”។

ក្រុម​របស់លោក​ កែម ឡី ដែល​ត្រូ​វបាន​ចោទ​ប្រកាន់ដោយ​​គណបក្ស​សង្គ្រោះជាតិ​ថា បាន​ព្យាយាម​​បំបែក​សំឡេង​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ​​ដើមជួយ​គណបក្ស​កាន់អំណាច​នោះ​បាន​លើក​ឡើង​ថា ខ្លួន​សង្ឃឹមថា បង្កើត​គណបក្ស​​ដែលមាន​អ្នក​ភូមិ​៨០នាក់​ឬ​ច្រើន​ជាង​នេះ​នៅក្នុង​ឃុំ​​-សង្កាត់​ជាង​១.៦០០នៅក្នុង​ប្រទេស​កម្ពុជា​តាម​ដែលអាច​ធ្វើ​ទៅបាន។

លោក​ កែម ឡី បានមាន​ប្រសាសន៍កាលពីម្សិលមិញ​ថា លោក​ស្វាគមន៍​ការ​ស៊ើប​អង្កេត​របស់​លោក ស ខេង។ លោក កែម ឡី បាន​មាន​ប្រសាសន៍ថា “​យើង​ស្វាគមន៍​រាល់ស្ថាប័ន​ទទួល​ខុសត្រូវ​ ឬ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​តាម​ដាន​រាល់នីតិវិធីនៃការ​បង្កើត​គណបក្ស​ក្នុង​មូល​ដ្ឋាន”។ មាត្រា​៩​ក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ បង្ហាញ​យ៉ាង​ច្បាស់ថា មនុស្ស​៨០នាក់​អាច​បង្កើត​គណបក្ស​មួយ​បាន​ ជូនដំណឹង​ទៅក្រសួង​មហាផ្ទៃក្នុងរយៈពេល​​១៥ថ្ងៃ ហើយ​បន្ទាប់​មក​​ធ្វើ​នយោបាយ”។

លោក​ កែម ឡី បាន​បន្ថែម​ថា “ជំហានទី​២គឺថា ពួកគេ​ត្រូវ​ស្វែង​រក​​សមាជិក​៤.០០០នាក់​។ យើង​បង្កើត​នៅក្នុង​ឃុំ​​-សង្កាត់ក្នុង​មូលដ្ឋាន ប៉ុន្តែ​​ត្រូវ​ស្វែងរក​សមាជិក​៤.០០០នាក់​ដែល​ពួកគេ​ត្រូវ​បង្កើត​សម្ពន្ធភាព។ ឃុំ-សង្កាត់​​១០ ឬ​២០ ​អាច​រួមគ្នា​បង្កើត​ជាសម្ពន​្ធភាព​ដើម្បី​ចុះ​ឈ្នោះ​ជា​គណបក្ស​មួយ”។

កាលពី​ខែមុន លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​និយាយ​ការពារ​​ផែនការ​របស់លោក កែម ឡី ក្នុង​ការ​បង្កើត​គណបក្ស​តូច​ៗ​​ ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់ពី ​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​វាយ​ប្រហារ​ផែនការ​នេះ​ថា ជា​ល្បិចកល​មួយទៀត​របស់គណបក្ស​កាន់​អំណាច។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​នៅក្នុង​សុន្ទរកថាថា “បើ​ទោះ​នេះ​ជា​សិទ្ធិនយោបាយ​របស់ក្រុម​បញ្ញវន្ត​នេះ​ដែល​ធ្វើការ​ដើម្បីកែទម្រង់​​គណបក្ស​នយោបាយ​ក៏ដោយ ក៏ពួកគេ​ចង់​រារាំង​ដែរ មាន​ន័យថា គណបក្ស​សង្គ្រោះជាតិ​វាយ​ប្រហារក្រុមនេះ រូបខ្ញុំ និង​គណបក្ស​ប្រជា​ជន​កម្ពុជា​”។

លោក​បាន​បន្ថែម​ថា “​ទុក​ឲ្យ​គេ​បង្កើត​ទៅ ពីព្រោះ​​រដ្ឋាភិបាល​បើកចំហ។ អ្នក​មិន​ទាន់​កាន់អំណាច​នៅឡើយទេ ប៉ុន្តែ ​មាន​អារម្មណ៍​ខ្លាចទៅហើយ​”៕សារុន​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស