លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា ក្រសួងរបស់លោកកំពុងស៊ើបអង្កេតថា តើគម្រោងរបស់លោក កែម ឡី អ្នកវិភាគនយោបាយដើម្បីបង្កើតគណបក្សតូចៗរាប់រយមុនពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧នោះស្របច្បាប់ឬយ៉ាងណា។
ថ្លែងនៅពិធីមួយនៅក្រសួងមហាផ្ទៃ លោក ស ខេង បានកត់សម្គាល់ថា បច្ចុប្បន្ននេះមានគណបក្សប្រហែល៤០ប៉ុណ្ណោះបានចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា ហើយលោកបានលើកឡើងថា លោកបានស្នើឲ្យមន្ត្រីរបស់លោកស៊ើបអង្កេតគម្រោងរបស់ក្រុមកំណែទម្រង់នយោបាយ “ខ្មែរដើម្បីខ្មែរ” របស់លោក កែម ឡី។
លោក ស ខេង បានមានប្រសាសន៍ថា “មានរូបមន្តមួយ…ដែលក្នុងនោះគេបានទៅបង្កើតគណបក្សតូចៗនៅក្នុងមូលដ្ឋាន ហើយបន្ទាប់មកយកគណបក្សតូចៗទាំងនោះបង្កើតជាគណបក្សមួយ ជាចលនាមួយដែលដឹកនាំដោយក្រុមបញ្ញវន្តមួយចំនួននៅក្នុងប្រទេសកម្ពុជា”។ លោកបានបន្ថែមថា “យើងកំពុងតាមដានរឿងនេះដើម្បីចង់ដឹងថា តើវាស្របច្បាប់ ឬខុសច្បាប់”។
ក្រុមរបស់លោក កែម ឡី ដែលត្រូវបានចោទប្រកាន់ដោយគណបក្សសង្គ្រោះជាតិថា បានព្យាយាមបំបែកសំឡេងឆ្នោតគណបក្សសង្គ្រោះជាតិដើមជួយគណបក្សកាន់អំណាចនោះបានលើកឡើងថា ខ្លួនសង្ឃឹមថា បង្កើតគណបក្សដែលមានអ្នកភូមិ៨០នាក់ឬច្រើនជាងនេះនៅក្នុងឃុំ-សង្កាត់ជាង១.៦០០នៅក្នុងប្រទេសកម្ពុជាតាមដែលអាចធ្វើទៅបាន។
លោក កែម ឡី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្វាគមន៍ការស៊ើបអង្កេតរបស់លោក ស ខេង។ លោក កែម ឡី បានមានប្រសាសន៍ថា “យើងស្វាគមន៍រាល់ស្ថាប័នទទួលខុសត្រូវ ឬអាជ្ញាធរមូលដ្ឋានដើម្បីតាមដានរាល់នីតិវិធីនៃការបង្កើតគណបក្សក្នុងមូលដ្ឋាន”។ មាត្រា៩ក្នុងច្បាប់ស្តីពីគណបក្សនយោបាយ បង្ហាញយ៉ាងច្បាស់ថា មនុស្ស៨០នាក់អាចបង្កើតគណបក្សមួយបាន ជូនដំណឹងទៅក្រសួងមហាផ្ទៃក្នុងរយៈពេល១៥ថ្ងៃ ហើយបន្ទាប់មកធ្វើនយោបាយ”។
លោក កែម ឡី បានបន្ថែមថា “ជំហានទី២គឺថា ពួកគេត្រូវស្វែងរកសមាជិក៤.០០០នាក់។ យើងបង្កើតនៅក្នុងឃុំ-សង្កាត់ក្នុងមូលដ្ឋាន ប៉ុន្តែត្រូវស្វែងរកសមាជិក៤.០០០នាក់ដែលពួកគេត្រូវបង្កើតសម្ពន្ធភាព។ ឃុំ-សង្កាត់១០ ឬ២០ អាចរួមគ្នាបង្កើតជាសម្ពន្ធភាពដើម្បីចុះឈ្នោះជាគណបក្សមួយ”។
កាលពីខែមុន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយការពារផែនការរបស់លោក កែម ឡី ក្នុងការបង្កើតគណបក្សតូចៗ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានវាយប្រហារផែនការនេះថា ជាល្បិចកលមួយទៀតរបស់គណបក្សកាន់អំណាច។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងសុន្ទរកថាថា “បើទោះនេះជាសិទ្ធិនយោបាយរបស់ក្រុមបញ្ញវន្តនេះដែលធ្វើការដើម្បីកែទម្រង់គណបក្សនយោបាយក៏ដោយ ក៏ពួកគេចង់រារាំងដែរ មានន័យថា គណបក្សសង្គ្រោះជាតិវាយប្រហារក្រុមនេះ រូបខ្ញុំ និងគណបក្សប្រជាជនកម្ពុជា”។
លោកបានបន្ថែមថា “ទុកឲ្យគេបង្កើតទៅ ពីព្រោះរដ្ឋាភិបាលបើកចំហ។ អ្នកមិនទាន់កាន់អំណាចនៅឡើយទេ ប៉ុន្តែ មានអារម្មណ៍ខ្លាចទៅហើយ”៕សារុន