យោងតាមនគរបាលបានឲ្យដឹងថា ក្មេងជំទង់ម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យពីបទរំលោភក្មេងស្រីអាយុ១១ឆ្នាំ ដែលកំពុងដេកតែម្នាក់ឯងនៅក្រោមផ្ទះរបស់យាយតានាងក្នុងខេត្តកណ្ដាលកាលពីយប់ថ្ងៃសុក្រ ក្រោយពិធីបុណ្យមួយ។
យោងតាមលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា នូ សុភាត អាយុ១៨ឆ្នាំ បានទៅចូលរួមពិធីបុណ្យចម្រើនព្រះជន្មរបស់ជីតាក្មេងស្រីរងគ្រោះនៅផ្ទះរបស់ពួកគាត់ ក្នុងឃុំស្អាងភ្នំ ស្រុកស្អាង រហូតដល់ពាក់កណ្តាលអាធ្រាត្រ ហើយបានត្រឡប់មកវិញនៅប្រហែល៣ម៉ោងក្រោយ បន្ទាប់ពីគ្រួសាររបស់ក្មេងស្រីរងគ្រោះបានចូលទៅដេកអស់។
លោកបានមានប្រសាសន៍ថា “នៅម៉ោងប្រហែល៣ទៀបភ្លឺឈានចូលព្រឹកថ្ងៃសៅរ៍ ខណៈក្មេងស្រីរងគ្រោះកំពុងដេកនៅលើគ្រែក្រោមផ្ទះ ជនសង្ស័យបានទៅរំលោភនាង។ ជនសង្ស័យបានសារភាពថា បានរំលោភអនីតិជនរូបនេះ ព្រោះគ្មាននរណានៅទីនោះឡើយពេលនោះ”។
លោក សុជាតិ បានលើកឡើងទៀតថា ក្មេងស្រីរងគ្រោះស្គាល់ជនសង្ស័យនេះ ហើយឪពុកម្តាយរបស់នាងបានដាក់ពាក្យប្តឹងទៅកាន់ប៉ុស្តិ៍នគរបាលឃុំកាលពីព្រឹកថ្ងៃអាទិត្យ។
នគរបាលឃុំ និងស្រុកបានចាប់ខ្លួន សុភាត តាមក្រោយនៅថ្ងៃដដែលនោះ ហើយបានបញ្ជូនជនសង្ស័យរូបនេះទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍បន្ថែមថា “[នៅថ្ងៃនេះ] ជនសង្ស័យនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តដើម្បីប្រឈមនឹងការចោទប្រកាន់”៕ស៊ុយឈាង