27 C
Phnom Penh

សាលា​​​រាជ​​​ធានី​​​បែង​​​ចែក​​​ដី​​​ដែល​​​អ្នក​​​ភូមិ និង​​​ក្រុមហ៊ុន OCIC ​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពី​​​​ម្សិល​មិញ​ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​បែងចែក​ដី​មាន​វិវាទ​ទំហំ​​​ ៣៨៧​ហិកតា​​​​នៅ​ជ្រោយ​ចង្វា​ដែល​រដ្ឋាភិបាល​ជួល​ឲ្យ​ក្រុម​ហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា​​​(OCIC) ដោយ​​​ផ្ដល់​១០​​​​ភាគ​រយ​សម្រាប់​​អ្នក​​ភូមិ​ដែល​អះអាង​​សិទ្ធ​កាន់កាប់​ដី​មាន​វិវាទ​នេះ។​

រដ្ឋាភិបាល​បាន​ជួល​ដី​មាន​​វិវាទ​នេះ​រយៈពេល​​៩៩​ឆ្នាំ​ទៅ​​​​ឲ្យ​ក្រុមហ៊ុន OCIC ក្នុង​ចំនួន​ទឹក​ប្រាក់​​ដែល​មិន​​ត្រូវ​បាន​បង្ហាញ​​កាលពី​ឆ្នាំ​​២០១១​​ដើម្បី​​អភិវឌ្ឍ​ដី​នេះ​ឲ្យ​ក្លាយ​ទៅជា​ក្រុង​​ជ្រោយ​​ចង្វា​​នៅ​ថ្ងៃ​អនាគត។

អ្នក​ភូមិ​ដែល​មាន​អ្នក​ខ្លះ​រស់​នៅ​លើ​ដី​ផ្នែក​តូច​ចន្លោះ​ដី​សម្បទាន​និង​ទន្លេសាប​ បាន​អះអាង​សិទ្ធិ​កាន់​កាប់​​ដី​មួយ​ផ្នែក​ធំ​នៅ​ក្នុង​ដី​សម្បទាន​នេះ ដែល​​​ក្រុម​ហ៊ុន​​​បាន​​បូម​​​ខ្សាច់​​ចាក់​បំពេញ​​​សម្រាប់​​ការ​អភិវឌ្ឍ។

លោក​ ឃ្លាំង​ ហួត​ អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​ ដែល​​បាន​ជួប​​ជាមួយ​​ភូមិ​ប្រហែល​​៥០​គ្រួសារ​បាន​​លើក​ឡើង​ថា​ សាលា​រាជ​ធានី​ធ្វើ​ការ​សម្រេច​ដូច្នេះ​ បន្ទាប់​ពី​បាន​ពិចារណា​​​លើ​ពាក្យ​​បណ្ដឹង​​របស់​​ភាគី​ទាំងពីរ។

លោក បាន​​មាន​​ប្រសាសន៍​ថា​”យើង​​បាន​​សម្រេច​​កាត់​ដី​មាន​​វិវាទ​នេះ​ ១០​​ភាគរយ​​ទៅ​ឲ្យ​អ្នក​ភូមិ​​និង​៤០​ភាគ​រយ​​ទៅ​ឲ្យ​ក្រុម​ហ៊ុន”។

អភិបាល​​ខណ្ឌ​រូប​នេះ​បាន​លើក​ឡើង​បន្ត​ថា ចំណែក​ដី​មាន​វិវាទ​​នៅ​សេស​សល់់​​៥០​ភាគរយ​ ដែល​ទាំង​លោក​​និង​​មន្ត្រី​​មិន​អាច​​បញ្ជាក់​ថា តើ​មាន​​​ទំហំ​​​ប៉ុន្មាននោះ​ នឹង​ទុក​សម្រាប់​សាលា​រាជ​ធានី​​ក្នុង​​ការ​សាង​សង់​ ​​សាលារៀន​ វត្តអារាម​ ផ្លូវថ្នល់​និង​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​​ខណ្ឌ​របស់​លោក។​

លោក​ ឃ្លាំង​ ហួត​ បាន​លើក​​ឡើង​បន្ថែម​ទៀត​ថា​ ការ​សម្រេច​របស់​សាលា​រាជ​ធានី​គឺ​មិនមែន​លំអៀង​​ទៅ​រក​​ក្រុម​ហ៊ុន​ ​OCIC ​ឡើយ ហើយ​អាជ្ញាធរ​ក៏បាន​ណែនាំ​​ក្រុមហ៊ុន​កុំ​ធ្វើ​ឲ្យ​មាន​​ហ៊ុយ​ដី​ផង​ដែរ​​អំឡុង​ការ​សាងសង់​ហើយ​ត្រូវ​គោរព​តាម​ការ​សន្យា​របស់​ខ្លួន​​ដែល​ថា​នឹង​ធ្វើ​​ឲ្យ​តំបន់​ជ្រោយ​ចង្វា​មាន​​សោភណភាព​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា ខ្ញុំ​​​មិន​​​មែន​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ឡើយ។ យើង​​​បាន​​​កាត់​​​ដី​​​លំនៅ​​​ដ្ឋាន​​​ឲ្យ​​​ទៅ​​​ [អ្នកភូមិ​​​]​​​​​​​​​​​​​​​​ ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​ ខ្ញុំ​​​បាន​​​អង្កេត​​​មើល​​​ដី ដែល​​​នៅ​​​តាម​​​មាត់​​​ទន្លេ​​​។ ប្រសិនបើ​​​ពួក​​​គេ​​​មិន​​​​​ធ្វើ​​​សួន​​​ច្បារ​​​នោះ​​​ទេ​​​ ខ្ញុំ​​​នឹង​​​ធ្វើ​​​ការ​​​ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ឲ្យ​​​ឈប់​​​អភិវឌ្ឍ​​​តទៅ​​​មុខ​​​ទៀត​​​”។

លោក ទូច សំណាង​​​ អ្នក​​​គ្រប់​​​គ្រង​​​ក្រុមហ៊ុន OCIC បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​មាន​​​ការ​​​ពេញ​​​ចិត្ត​​​ចំពោះ​​​ការ​​​សម្រេច​​​របស់​​​សាលា​​​រាជ​​​ធានី​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​ត្រូវ​​​តែ​​​ទទួល​​​បាន​​​​​​៤០​​​ភាគ​​​រយ​​​នៃ​​​ដី​​​ទំហំ​​​៣៨៧​​​ហិកតា​​​នេះ ព្រោះ​​​យើង​​​បាន​​​ចំណាយ​​​​​​ប្រាក់​​​អស់​​​ច្រើន​​​ណាស់​​​ដូច​​​ជា​​​ការ​​​សាង​​​សង់​​​ស្ពាន​​​អាកាស​​​​​​​​​ និង​​​ផ្លូវ​​​ថ្នល់​​​ជា​​​ដើម”។

ប៉ុន្តែ អ្នក​​​ភូមិ​​​ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការប្រជុំ​​​កាល​​​ពីម្សិលមិញ បាន​​​សួរ​​​ថា តើ​​​ ហេតុ​​​អ្វី​​​បាន​​​ជា​​​សាលា​​​រាជ​​​ធានី​​​យក​​​៥០​​​ភាគ​​​រយ​​​នៃ​​​ដី​​​ដែល​​​​​​កំពុង​​​មាន​​​វិវាទ​​​រវាង​​​ពួក​​​គាត់​​​​​​ និង​​​ក្រមហ៊ុន OCIC ទៅវិញ។

អ្នក​​​ភូមិ​​​ម្នាក់​​​​​​ឈ្មោះ មឹង សុផល​​​ អាយុ​​​៣៥​​​ឆ្នាំ​​​ដែល​​​គ្រួសារ​​​របស់​​​គាត់​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​មាន​​​វិវាទ​​​នេះ​​​ទំហំ​​​៤.០០០ម៉ែត្រក្រឡា បាន​​​និយាយ​​​ថា “តើ​​​ខ្ញុំ​​​អាច​​​យល់​​​ព្រម​​​​​​យក​​​ដី​​​​​មាន​​​វិវាទ​​​នេះ​​​​ត្រឹម​​​តែ​​​១០​​​ភាគ​​​រយ​​​​​​​​​ម្តេច​​​នឹង​​​កើត​​​ទៅ​​​​​​ប្រសិន​​​បើ​​​ឪពុក​​​ម្តាយ​​​របស់​​​ខ្ញុំ​​​រស់​​​នៅ​​​ និង​​​គ្រប់​​​គ្រង​​​ដី​​​នេះ​​​តាំង​​​ពី​​​យូរ​​​មក​​​ហើយ​​​នោះ​​​។ ហេតុ​​​អ្វី​​​បាន​​​ជា​​​សាលា​​​រាជ​​​ធានី​​​មាន​​​សិទ្ធិ​​​យក​​​ដី​​​នេះ​​​?ៗ។

លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​គួរ​​​តែ​​​ពេញ​​​ចិត្ត​​​ដែល​​​សាលា​​​រាជ​​​ធានី​​​ផ្តល់​​​ដី​​​មាន​​​វិវាទ​​​នេះ​​​១០ភាគ​​​រយ​​​ឲ្យ​​​ ព្រោះ​​​ពួក​​​គាត់​​​គ្មាន​​​សិទ្ធិ​​​រស់នៅ​​​លើ​​​ដី​​​នេះ​​​ទាល់​​​តែ​​​សោះ​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “អ្នក​​​ភូមិ​​​កំពុង​​​រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​គាត់​​​គួរ​​​តែ​​​យល់​​​អំពី​​​បញ្ហា​​​នេះ​​​”៕ស៊ុយឈាង​​​​​​

​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស