អាជ្ញាធរបានលើកឡើងកាលពីម្សិលមិញថា នគរបាលកាលពីថ្ងៃច័ន្ទបានចាប់ខ្លួនស្ត្រីជនជាតិវៀតណាម៩នាក់នៅហាងម៉ាស្សាមួយក្នុងខេត្តបាត់ដំបង បន្ទាប់ពីពួកគេត្រូវបានរកឃើញថា រស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
លោក រឿន សារុន នាយនគរបាលអន្តោប្រវេសន៍ខេត្តបានមានប្រសាសន៍ថា “នគរបាលអន្តោប្រវេសន៍ខេត្តបានចាប់ខ្លួនស្ត្រី៩នាក់ដែលរស់នៅដោយខុសច្បាប់ ខណៈដែលពួកគេធ្វើការក្នុងហាងម៉ាស្សាមួយក្នុងឃុំបឹងរាំង ស្រុកកំរៀង”។
លោក សារុន បានមានប្រសាសន៍ថា ការចាប់ខ្លួននេះជាផ្នែកមួយនៃការធ្វើជំរឿនលើជនបរទេសទូទាំងប្រទេសដែលបានចាប់ផ្តើមកាលពីខែសីហា ហើយជាលទ្ធផលបាននិរទេសមនុស្សប្រហែល១.៣០០នាក់ ហើយជាង១.១០០នាក់ក្នុងចំណោមពួកគេជាជនជាតិវៀតណាម។
លោក អ៊ុក ហៃសិលាប្រធានផ្នែកស៊ើបអង្កេតនៅនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ស្ត្រី៩នាក់នេះបានមកដល់នាយកដ្ឋានរបស់លោកកាលពីព្រឹកម្សិលមិញ ហើយនឹងត្រូវនិរទេសនៅពេលឆាប់ៗនេះ ជាមួយជនជាតិវៀតណាម៦នាក់ទៀតដែលរកឃើញរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់។
លោកបានមានប្រសាសន៍ថា “យើងនឹងនិរទេសជនជាតិវៀតណាមខុសច្បាប់១៥នាក់នៅមុនចូលឆ្នាំចិន”។
លោក អ៊ុក ហៃសិលា បានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី២៣ ខែមករា ជនជាតិវៀតណាមប្រហែល១០១នាក់ត្រូវបានរកឃើញរស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ហើយរហូតមកទល់ពេលនេះ ៨៦នាក់ក្នុងចំណោមពួកគេត្រូវបាននិរទេស៕សារុន