27 C
Phnom Penh

រដ្ឋ​​មន្ត្រី​​ក្រសួង​អប់​រំលើក​ឡើង​ថា ថ្ងៃបុណ្យ​នៃ​ក្តី​​ស្រលាញ់​​ត្រូវ​បាន​បក​ស្រាយ​ខុស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​នៅសល់​​តែ​​ប៉ុន្មាន​ថ្ងៃ​ទៀត​​ប៉ុណ្ណោះ​ថ្ងៃ​​បុណ្យ​​នៃ​ក្តី​​ស្រលាញ់​នឹង​មក​ដល់ កាលពី​ម្សិល​មិញ​ ក្រសួង​​អប់​​រំ​​ យុវជន​ និង​កីឡា បាន​​អំពាវ​នាវ​ឲ្យ​​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​ អប់​រំ​សិស្ស​​របស់​​​ខ្លួន​ឲ្យ​​បាន​ហ្មត់​​ចត់​ ដើម្បី​លុប​បំបាត់​នូវ​អ្វី​​​ដែល​ក្រសួង​​ជឿជាក់​ថា​ ជា​ការ​យល់​ឃើញ​​ខុស​​ក្នុង​ចំណោម​​យុវជន​ខ្មែរ​ដែល​យល់​​​ច្រឡំថា​ ថ្ងៃបុណ្យ​នៃ​​ក្តី​ស្រលាញ់​នេះ គឺជា​ថ្ងៃ​សម្រាប់​រួម​ភេទ​នោះ។

សារ​​របស់​​​រដ្ឋាភិបាល​ត្រូវ​បាន​ធ្វើ​ឡើងជា​ទម្លាប់​ទៅ​ហើយ​ឲ្យ​​តែ​ជិត​​ដល់​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ ហើយ​​​​​សេចក្តី​​​ថ្លែង​ការ​​ណ៍​​កាលពី​ម្សិល​មិញ បាន​រិះ​គន់​សា​ជា​ថ្មី​ចំពោះ​​​​​ស្ត្រី​​ក្មេង​​ៗ​​ដែល​​​យល់​​​​ច្រឡំ​​​​ថា​ ថ្ងៃ​​បុណ្យ​​នៃ​ក្តី​​ស្រលាញ់​គឺជា​​ថ្ងៃ​ត្រូវ​លះបង់​ព្រហ្មចារី​យ៍​របស់​​ខ្លួន។​

លោក ហង់​ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​ យុវជន​​ និង​កីឡា​ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​​ថ្លែង​ការ​ណ៍​ថា​ “សិស្សានុសិស្ស​ខ្មែរ​យើង​ យល់​​ច្រឡំ​ថ្ងៃ​បុណ្យ​​នៃ​​ក្តី​​ស្រលាញ់​ថា​ ជា​ថ្ងៃ​បុណ្យ​​​​សង្សា​ ហើយ​ពួក​គេ​បាន​ទិញ​ផ្កា​ជូន​​មិត្ត​ស្រី​​របស់​ខ្លួន​ដើម្បី​លួងលោម​​​នាង​ឲ្យ​​លះបង់​ព្រហ្មចារីយ៍។ នៅ​អឺរ៉ុប​ គេ​​ជូន​ផ្កា​​នៅ​ក្នុង​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់ គឺ​​ដើម្បី​​បង្ហាញ​ពី​​ក្តី​ស្រលាញ់​​ចំពោះ​ មិត្ត​ភក្តិ​ សាច់ញាតិ និង​ឪពុក​​​​ម្តាយ​​​​របស់​ខ្លួន”។

រដ្ឋមន្ត្រី​ក្រសួង​​អប់​រំរូប​នេះ​ បាន​លើក​ឡើង​​ទៀត​ថា លោក​ មិន​អាច​ពន្យល់​បាន​ឡើយ​ថា តើ​ ហេតុអ្វី​បាន​ជា​​ការ​ប្រារព្ធ​ធ្វើឡើង​​ប្រចាំ​ឆ្នាំ​​នេះ​​ ដែល​លោក​អះអាង​​​ថា​ជា​ការ​​បង្ហាញ​នៃ​ក្តី​ស្រលាញ់ ត្រូវ​យុវជន​​​ខ្មែរ​​យល់​​ច្រឡំ​ខុស​បែប​នេះ​នោះ។

លោក បាន​មាន​​ប្រសាសន៍​បន្ថែម​ថា “​នៅ​ក្នុង​ឆ្នាំ​​នេះ​ យើង​បាន​​ស្នើ​ឲ្យ​គ្រូបង្រៀន​ណែនាំ​អប់រំ​​សិស្ស​​របស់​ខ្លួន​​​ឲ្យ​ឈប់​​គិត​អំពី​ថ្ងៃ​​បុណ្យ​​នៃ​ក្តី​ស្រលាញ់​នេះ​​តទៅ​មុខ​ទៀត។​ ការ​ទិញ​ផ្កា​ជូន​​គ្នា​ទៅវិញ​ទៅមក​ គឺ​គ្មាន​​បញ្ហា​​អ្វី​ទេ ប៉ុន្តែ​កុំ​ឲ្យ​ហួសពី​មិត្ត​ភាព​និង​បាត់​បង់​​ព្រហ្មចារីយ៍ …..វា​មិន​ត្រឹម​ត្រូវ​​ទេ​ ព្រោះ​វា​ប្រាស​ចាក​​ពី​វប្បធម៌​របស់យើង”។​

លោក ទេព សុវណ្ណារ័ត្ន គ្រូ​បង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​បឹង​ត្របែក​ ក្នុង​ខណ្ឌ​​ចំការ​មន​ រាជ​ធានី​ភ្នំពេញ​ បាន​​បន្ទោស​រដ្ឋាភិបាល​ថា មិនបាន​បញ្ជាក់​​ពី​អត្ថន័យ​នៃ​ថ្ងៃ​បុណ្យ​នេះ​ឲ្យបាន​ច្បាស់​លាស់​​ក្នុងរយៈពេល​ប៉ុន្មាន​​ឆ្នាំ​ថ្មីៗ​នេះ។​​

លោក​ បាន​មាន​​ប្រសាសន៍​ថា “យើង​បាន​​ព្យា​យាម​​អស់ពីសមត្ថភាព​ក្នុងនាម​ជា​គ្រូ​បង្រៀន​​ ប៉ុន្តែ​​ដើម្បី​​កែ​តម្រូវ​​ការ​​​យល​់​​ច្រឡំ​នេះ​ រដ្ឋាភិបាល​​គួរតែ​​ចេញ​មក​​និយាយ​ទៅកាន់​សាធារណ​ជន​ដោយ​ផ្ទាល់​​ ឬ​ធ្វើការ​ផ្សព្វផ្សាយ​​តាម​កញ្ចក់ទូរទស្សន៍”។​

ប៉ុន្តែ​​មាន​សិស្សា​នុ​សិស្ស​ខ្លះ​ បាន​យល់​​ជ្រួត​ជ្រាប​​អំពី​សារ​របស់​រដ្ឋាភិបាល​នេះ​ ដោយ​មិន​បណ្តោយ​​​​ឲ្យ​ខ្លួន​​យល់​ខុស​​ដូច​សិស្ស​​ផ្សេងៗ​ទៀត​​ឡើយ។​​

សិស្ស​ម្នាក់​ ឈ្មោះ វង្ស​ រូ៉ប៊ី អាយុ​​១៦​ឆ្នាំ រៀន​​នៅ​វិទ្យាល័យ​​ស៊ីសុ​វត្តិ​ បាន​និយាយ​ថា “រាល់​លើក​​ឲ្យ​តែ​ដល់​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​ ខ្ញុំ​តែងតែ​​ប្រាប់​ខ្លួនឯង​​កុុំ​ឲ្យ​ភ្លេច​ទិញ​​កាដូ​ជូន​ឪពុក​ម្តាយ​​របស់ខ្ញុំ។ ប៉ុន្តែ​ ខ្ញុំ​​​ក៏​ត្រូវ​ការ​ពេលវេលា​​​នៅ​ជាមួយ​​មិត្ត​ស្រី​របស់​ខ្ញុំ​ដែរ​……ខ្ញុំ​រង់​ចាំ​ថ្ងៃ​នេះ​ ហេតុដូច្នេះ​​ ខ្ញុំ​អាច​ទិញ​ផ្កា​ជូន​នាង​បាន”៕ស៊ុយ​ឈាង​

​​​​​​​​​​​​​​​​​​​​​

​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស