គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់រដ្ឋាភិបាលបានពង្រីកចំណាត់ថ្នាក់របស់ខ្លួន ហើយបានដាក់ចេញផែនការថ្មីរយៈពេលបួនឆ្នាំដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សអំឡុងពិធីមួយកាលពីម្សិលមិញនៅក្រសួងមហាផ្ទៃ។
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ បានធ្វើការវាយតម្លៃពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៤ ដែលបានដាក់ចេញនូវផែនការថ្មីដែលផ្សព្វផ្សាយពីការងាររបស់ខ្លួនក្នុងចំណោមក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការងារ ក្រសួងសង្គមកិច្ច ក្រសួងកិច្ចការនារី និងក្រសួងអប់រំ។
លោកស្រី សារ៉ា ភីហ្សាណូ (Sara Piazzano) ប្រធានផ្នែកនៅអង្គការ Winrock International ជាអង្គការមិនមែនរដ្ឋាភិបាលដែលបានដឹកនាំការវាយតម្លៃរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងការបង្កើតផែនការសកម្មភាពថ្មីបំផុតបានមានប្រសាសន៍ថា “ពីមុន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានបុគ្គលិកតែ៦នាក់ប៉ុណ្ណោះ ឥឡូវនេះមានបុគ្គលិកដល់៥០នាក់”។
លោកស្រីបានមានប្រសាសន៍ថា “អាទិភាពគឺច្បាស់លាស់ ប៉ុន្តែក្រសួងមួយចំនួនចាំបាច់ត្រូវច្បាស់លាស់ថា ពួកគេត្រូវបែងចែកធនធាន ពួកគេត្រូវបង្ហាញលទ្ធផល”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា អាទិភាពរួមមានបង្កើនការស៊ើបអង្កេតសម្ងាត់ និងបង្កើនកិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់។
កាលពីឆ្នាំ២០១៣ សហរដ្ឋអាមេរិកបាននិយាយបន្ទាបប្រទេសកម្ពុជានៅក្នុងរបាយការណ៍ជួញដូរមនុស្សជាសាកលដោយសារមិនមែនការប្រសើរឡើងគួរឲ្យកត់សម្គាល់នៅក្នុងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆ្នាំមុនៗ៕សារុន