លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងកាលពីម្សិលមិញថា ពួកគាត់កំពុងតែធ្វើការជាមួយគ្នាដើម្បីបង្កើតច្បាប់ថ្មីដែលនឹងកំណត់សិទ្ធិរបស់ម្ចាស់ក្នុងការដំឡើងថ្លៃឈ្នួលផ្ទះពីរយៈពេលនៃកិច្ចសន្យាមួយទៅកិច្ចសន្យាមួយទៀត។
ថ្លៃឈ្នួលផ្ទះគឺជាកត្តារាំងស្ទះដ៏ចម្បងសម្រាប់កម្មកររោងចក្រកាត់ដេរ ដែលចាកចេញពីស្រុកកំណើតមកធ្វើការនៅក្នុងរាជធានីភ្នំពេញ ដោយក្នុងរាល់ការដំឡើងប្រាក់ខែទាំងបីលើកចាប់តាំងឆ្នាំ២០១៣ មក ថ្លៃឈ្នួលផ្ទះគឺសុទ្ធតែត្រូវបានដំឡើងរាល់លើកដូចគ្នា។
ពេលថ្លែងទៅកាន់និស្សិតបញ្ចប់ការសិក្សាជាង៤.០០០ នាក់នៅកោះពេជ្រក្នុងរាជធានីកាលពីម្សិលមិញ លោក ហ៊ុន សែន បានលើកឡើងថា លោក និងលោក សម រង្ស៊ី កំពុងសហការជាមួួយគ្នាដើម្បីបង្កើតច្បាប់ថ្មី ដែលនឹងទប់ស្កាត់កុំឲ្យបញ្ហានេះកើតឡើង។
លោក នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងចំបាច់ត្រូវតែបង្កើតច្បាប់មួយដែលការពារភាគីទាំងពីរ”។ លោក បានបន្ថែមថា ទីផ្សារផ្ទះជួលក្នុងពេលសព្វថ្ងៃ កំពុងធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់ទាំងអ្នកជួលផ្ទះនិងម្ចាស់ផ្ទះ ដោយសារកិច្ចសន្យាពុំសូវមានប្រសិទ្ធភាព។
លោក បានមានប្រសាសន៍បន្ថែមថា “ម្ចាស់ផ្ទះបានដំឡើងថ្លៃឈ្នួលផ្ទះតាមតែទំនើងចិត្តដោយសារមានកិច្ចសន្យាត្រឹមតែមាត់។ ថ្លៃឈ្នួលបន្ទប់ជួលត្រឹមតែប៉ុណ្ណេះសោះ ហើយពួកគេមិនគិតពីចំនួននៃអ្នកមកស្នាក់នៅឡើយ។ ប៉ុន្តែបន្ទាប់មកនៅពេលពួកគេទទួលបានដំណឹងថា ប្រាក់ខែកម្មករត្រូវបានដំឡើងនោះ ពួកគេក៏ដំឡើងថ្លៃឈ្នួលផ្ទះភ្លាមៗតែម្តង”។
លោកបានមានប្រសាសន៍បន្តទៀតថា “បញ្ហាផ្សេងទៀតគឺនៅត្រង់ថា ជួនកាលកម្មករស្នាក់នៅក្នុងបន្ទប់ជួលមួយ ហើយខណៈពួកគាត់កំពុងរស់នៅក្នុងបន្ទប់ជួលរបស់ខ្លួន ពួកគាត់រកបន្ទប់ជួលណាដែលថោកផ្សេងទៀត។ បន្ទាប់មកពួកគាត់ចាកចេញពីបន្ទប់ជួលចាស់ទៅជួលបន្ទប់ជួលមួួយផ្សេងទៀត ហើយម្ចាស់ផ្ទះត្រូវទុកបន្ទប់ជួលរបស់ខ្លួនឲ្យនៅទំនេរ”។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៀតថា” មេដឹកនាំនៃគណបក្សនយោបាយទាំងពីរ គឺមានន័យថា ទាំងអ្នកនៅក្នុង និងក្រៅរដ្ឋាភិបាល នឹងបង្កើតក្រុមការងារមួយដើម្បីចាប់ផ្ដើមតាក់តែងច្បាប់នេះ ។ មុនពេលច្បាប់នេះត្រូវបានតាក់តែងរួច ខ្ញុំសូមអំពាវនាវដល់ម្ចាស់ផ្ទះកុំដំឡើងថ្លៃបន្ទប់របស់ខ្លួន ហេតុដូច្នេះកម្មករអាចនៅសល់ប្រាក់ខ្លះ”។
លោក សម រង្ស៊ី បានលើកឡើងតាមរយៈទូរស័ព្ទមកថា ច្បាប់គ្រប់គ្រងការជួលផ្ទះគឺមានតែនៅក្នុងប្រទេសសេរីៗបំផុតប៉ុណ្ណោះ ហើយថា លោកសង្ឃឹមថា ច្បាប់បែបនេះមាននៅក្នុងប្រទេសកម្ពុជានឹងជួយលើកកម្ពស់កិច្ចសន្យាជួលផ្ទះរយៈពេលយូរឲ្យកាន់តែមានប្រសិទ្ធភាព ដោយការពារទាំងម្ចាស់ផ្ទះ និងអ្នកជួលផ្ទះ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “វាគឺជាគំនិតផ្តួចផ្តើមរួមគ្នានៃគណបក្សទាំងពីរដើម្បីបង្កើតច្បាប់មួយសម្រាប់ដោះស្រាយបញ្ហានៃទំនាក់ទំនងរវាងម្ចាស់ផ្ទះ និងអ្នកជួលផ្ទះ ព្រោះយើងចង់ឲ្យទំនាក់ទំនងនេះមានភាពច្បាស់លាស់ មានតម្លាភាព និងផ្អែកលើសមភាព។ យើងមិនចង់ឲ្យម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលផ្ទះ ឬផ្លាស់ប្តូរកិច្ចសន្យាជួលផ្ទះតាមតែចិត្តឡើយ”។
លោកបានមានប្រសាសន៍៍បន្ថែមទៀតថា “នៅក្នុងប្រទេសជាច្រើន គេអាចដំឡើងថ្លៃឈ្នួលផ្ទះនៅពេលណាដែលមានអតិផរណាតែប៉ុណ្ណោះ។ គេមិនអាចដំឡើងថ្លៃជួលផ្ទះតាមតែចិត្តនោះឡើយ។ ច្បាប់នេះនឹងកំណត់ការដំឡើងថ្លៃជួលផ្ទះពីរយៈពេលមួយទៅរយៈពេលមួយទៀត ហើយនៅក្នុងរយៈពេលនោះ ម្ចាស់ផ្ទះនឹងអនុញ្ញាតឲ្យដំឡើងថ្លៃផ្ទះតាមសមាមាត្រដ៏ជាក់លាក់មួយតែប៉ុណ្ណោះ។ សមាមាត្រនេះនឹងឆ្លុះបញ្ចាំងអំពីអតិផរណា ឬក៏វិធានការផ្សេងទៀតដែលត្រូវបានកំណត់យ៉ាងច្បាស់ដោយឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ច និងកម្លាំងទិញ។ ប្រសិនបើម្ចាស់ផ្ទះដំឡើងថ្លៃឈ្នួលផ្ទះលើសពីអ្វីដែលច្បាប់អនុញ្ញាត អ្នកជួលផ្ទះអាចដាក់ពាក្យប្តឹងបាន ហើយតុលាការនឹងពិន័យម្ចាស់ផ្ទះ”។
លោក សម រង្ស៊ី បានលើកឡើងថា លោក សង្ឃឹមថា ច្បាប់គ្រប់គ្រងការជួលផ្ទះនេះ នឹងត្រូវអនុវត្តដោយស្មើភាពចំពោះពលរដ្ឋទាំងអស់នៅក្នុងប្រទេសកម្ពុជា ពោលគឺចាប់ពីផ្ទះជួលដែលមានតម្លៃ៣០ ដុល្លារ និង៤០ដុល្លារ រហូតដល់ភូមិគ្រឹះដែលមានថ្លៃឈ្នួលដល់ទៅ១.០០០ដុល្លារ។
លោកបានមានប្រសាសន៍ដោយច្រានចោលចំពោះលទ្ធភាពដែលថាច្បាប់គ្រប់គ្រងការជួលផ្ទះនេះអាចកាត់បន្ថយ ការផ្គត់ផ្គង់ផ្ទះជួលថា “តាមគោលការណ៍ ច្បាប់ថ្មីគួរតែគ្របដណ្ដប់លើប្រភេទនៃផ្ទះជួលទាំងអស់ ព្រោះយើងមិនអាចមានស្តង់ដារពីរបានឡើយ។ គោលការណ៍ដូចគ្នានឹងអនុវត្តចំពោះផ្ទះជួលគ្រប់ប្រភេទទាំងអស់”។
លោកបានមានប្រសាសន៍ បន្ថែមទៀតថា “ផ្ទះជួលនឹងមិនមែនមានថ្លៃឈ្នួលនៅទាបរហូតនោះទេ។ វាអាចមានការផ្លាស់ប្តូរ។ ឧទាហរណ៍ពេលមានការជួសជុលផ្ទះជាដើម ម្ចាស់ផ្ទះអាចដំឡើងថ្លៃឈ្នួលផ្ទះតាមនោះបាន។ យើងមិនមែនចង់ធ្វើឲ្យខូចទីផ្សារនោះទេ ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះគឺដើម្បីការពារកុំឲ្យមានការរំលោភបំពាន”។
លោក អាត់ ធន់ មេដឹកនាំសហជីពដ៏លេចធ្លោមួយរូបបានលើកឡើងថា លោកគាំទ្រចំពោះច្បាប់គ្រប់គ្រងការជួលផ្ទះដែលត្រូវបានស្នើឡើងនេះ ហើយថា វាជាការល្អណាស់ដែលឃើញគណបក្សនយោបាយប្រកួតប្រជែងគ្នាដើម្បីអត្ថប្រយោជន៍ជាតិនោះ។
លោកបានមានប្រសាសន៍ថា “យើងគ្មានមន្ទិលថា អ្វីដែលពួកគាត់កំពុងធ្វើគឺជារឿងនយោបាយនោះឡើយ។ ប៉ុន្តែយើងចង់ឃើញគណបក្សនយោបាយប្រកួតប្រជែងគ្នាដើម្បីអត្ថប្រយោជន៍កម្មករ។ នេះហើយ គឺជាអ្វីដែលយើងចង់បាន”៕ស៊ុយឈាង