ក្រុមយុវជនដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជានិងអង្គការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ កាលពីម្សិលមិញ បានរៀបចំកម្មវិធីសាកល្បងរយៈពេលពីរឆ្នាំដែលចំណាយទឹកប្រាក់១,២លានដុល្លារដើម្បីអប់រំប្រជាជនកម្ពុជាអំពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាពនៅពេលបើកបរ ឬជិះក្នុងនាមជាអ្នករួមដំណើរតាមម៉ូតូ។
កម្មវិធីសាកល្បងនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ នឹងអនុវត្តរួមគ្នាដោយអង្គការមូលនិធិបង្ការរបួសអាស៊ី និងសហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្គការដែលដឹក នាំដោយលោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
នៅពិធីមួយដើម្បីចាប់ផ្តើមយុទ្ធនាការនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក Greig Craft ប្រធានស្ថាបនិកអង្គការមូលនិធិបង្ការរបួសអាស៊ីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពាក់មួកសុវត្ថិភាព ខណៈស្វែងយល់ពីគ្រោះថ្នាក់តាមដងផ្លូវក្នុងប្រទេសកម្ពុជា ដោយលើកឡើងថា មនុស្ស២.០០០នាក់បានស្លាប់តាមដងផ្លូវក្នុងមួយឆ្នាំៗ “ភាគច្រើនមកពីការមិនពាក់មួកសុវត្ថិភាព”។
លោក Craft បានមានប្រសាសន៍ថា “ការស្លាប់នៅតាមដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងការស្លាប់ដោយសារគ្រាប់មីន ជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាមដល់ទៅ២០ដង”។
ថ្លែងនៅក្រៅពិធីនោះ លោក Craft បានមានប្រសាសន៍ថា អង្គការរបស់លោកបានសម្រេចសហការជាមួយអង្គការរបស់លោក ហ៊ុន មា៉ានី ពីព្រោះយុវជនខ្មែរងាយសម្របអាកប្បកិរិយារបស់ខ្លួនជាងមនុស្សចាស់ ហើយពួកគេគឺ”ជាភ្នាក់ងារធ្វើឲ្យផ្លាស់ប្តូរ”។
លោកបានលើកឡើងថា “យុវជនមានឆន្ទៈសម្របតាមការផ្លាស់ប្តូរថ្មី និងសម្របតាមច្បាប់ថ្មី”។
លោកស្រី ចាន់ផា ឃុន មន្ត្រីទំនាក់ទំនងព័ត៌មាននៅអង្គការមូលនិធិបង្ការរបួសអាស៊ីក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍ថា ដំណាក់កាលដំបូងនៃកម្មវិធីនេះដែលផ្តល់មូលនិធិមួយផ្នែកដោយអង្គការ USAID នឹងចុះតាមផ្ទះដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ផ្លូវថ្នល់ឲ្យពាក់មួកសុវត្ថិភាព។
លោកស្រីបានមានប្រសាសន៍ថា “អង្គការមូលនិធិបង្ការរបួសអាស៊ីនឹងបណ្តុះបណ្តាលយុវជនស្ម័គចិត្តរបស់សហភាពសហព័ន្ធយុវជនកម្ពុជាពីរបៀបទំនាក់ទំនងចំពោះសហគមន៍។ យើងនឹងផ្តល់សម្ភារបណ្តុះបណ្តាល ខិត្តប័ណ្ណ ប័ណ្ណប្រកាស”។
លោកស្រី ឃុន បានថ្លែងថា សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាក៏នឹងធ្វើការជាមួយនគរបាលចរាចរនៅថ្នាក់ខណ្ឌដើម្បីរកវិធីផ្សេងក្នុងការបញ្ចុះបញ្ចូលប្រជាជនឲ្យពាក់មួកសុវត្ថិភាព។ លោកស្រីបានបន្ថែមថា កាលពីខែមេសា អង្គការមូលនិធិបង្ការរបួសអាស៊ី នឹងផ្សព្វផ្សាយយុទ្ធនាការនេះតាមវិទ្យុ ទូរទស្សន៍ និងផ្ទាំងប៉ាណូជាដើម។
លោកស្រី ឃុន បានមានប្រសាសន៍ថា បន្ទាប់ពីការវាយតម្លៃលទ្ធផលនៃកម្មវិធីសាកល្បងក្នុងរយៈពេលពីរឆ្នាំ អង្គការមូលនិធិបង្ការរបួសអាស៊ីនឹងសម្រេចថាតើផ្នែកណាខ្លះនៃគម្រោងនេះដំណើរការទៅមុខជាមួយថ្នាក់ជាតិ។
កាលពីខែមុន ព្រះមហាក្សត្រ នរោត្តម សីហមុនី បានឡាយព្រះហស្តលេខាលើច្បាប់ថ្មីតម្រូវឲ្យអ្នករួមដំណើរតាមម៉ូតូអាយុលើសពី៣ឆ្នាំពាក់មួកសុវត្ថិភាព បើទោះជានគរបាលចរាចរមិនទាន់ចាប់ផ្តើមអនុវត្តក៏ដោយ៕សារុន