ការនាំចេញសម្លៀកបំពាក់របស់ប្រទេសកម្ពុជា បានកើនឡើងប្រមាណ៤ភាគរយនៅក្នុងឆ្នាំ២០១៤ដល់៥,៧៥ពាន់លានដុល្លារ ពោលគឺតិចជាងឆ្ងាយណាស់បើប្រៀបធៀបនឹងការកើនឡើង២០ភាគរយនៅក្នុងការនាំចេញសម្លៀកបំពាក់កាលពីឆ្នាំ២០១៣ ប៉ុន្តែវាផ្ទុយពីការព្យាករប្រកបដោយទុទិដ្ឋិនិយមបំផុតដែលរំពឹងថា ការនាំចេញប្រាកដជានឹងធ្លាក់ចុះ។
ការបង្អង់ល្បឿននៅក្នុងកម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសកម្ពុជា អមជាមួយវិស័យកសិកម្ម វិស័យសំណង់ និងវិស័យទេសចរណ៍
ប្រហែលជាមានផលប៉ះពាល់ខ្លាំងលើកំណើនសរុប។ ឧស្សាហកម្មនេះផ្តល់ការងារដល់កម្មករប្រមាណ៦០០.០០០នាក់ ដោយស្មើនឹង៨០ភាគយនៃការនាំចេញសរុបរបស់កម្ពុជា និងរួមចំណែកមួយភាគបីនៃផលិតផលក្នុងស្រុកសរុប (GDP)។
តួលេខថ្មីបានពីនាយកដ្ឋានត្រួតពិនិត្យការនាំចូលនាំចេញនៃក្រសួងពាណិជ្ជកម្មនេះ មិនបានបែងចែកការនាំចេញដាច់ពីគ្នាតាមគោលដៅទេ។ តែទោះជាយ៉ាងណា សម្លៀកបំពាក់ភាគច្រើនដែលកម្ពុជា នាំចេញទៅបរទេស គឺឆ្ពោះទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប។
តួលេខនាំចេញប្រចាំត្រីមាសបានបង្ហាញពីកំណើនរឹងមាំកាលពីឆ្នាំមុន ប៉ុន្តែបានបង្អង់ល្បឿនបន្តិចម្តងៗ នៅពេលផលប៉ះពាល់នៃការធ្លាក់ចុះការបញ្ជាទិញពីក្រុមហ៊ុនសម្លៀកបំពាក់អន្តរជាតិបានចាប់ផ្តើមប៉ះពាល់ដល់រោងចក្រ។ អ្នកទិញជាច្រើនបានចាប់ផ្តើមកាត់បន្ថយការបញ្ជាទិញរបស់ខ្លួននៅក្នុងឆ្នាំ២០១៤ក្រោយពីកម្មករបានធ្វើកូដកម្មយ៉ាងច្រើនមិនធ្លាប់មានជុំវិញប្រាក់ខែ អត្ថប្រយោជន៍ និងការរំលោភការងារកាលពីឆ្នាំ២០១៣។
ស្ថានភាពចលាចលនេះបានកើតមានឡើងកាលពីខែធ្នូឆ្នាំ០១៣ នៅពេលក្រសួងការងារបានច្រានចោលការទាមទារប្រាក់ខែគោលរបស់សហជីព និងឈានដល់ការបញ្ចប់ដោយបង្ហូរឈាមនៅខែ បន្ទាប់ក្រោយពីកងរាជអាវុធហត្ថបានបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងធ្វើការតវ៉ា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥នាក់បាត់បង់ជីវិត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខថ្មីនេះទេ ពីព្រោះលោកមិនទាន់បានឃើញ។ លោកបានបង្វែរសំណួរទៅលោក កែន រដ្ឋា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដែលមិនអាចទាក់ទងបាន។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានព្យាករថា ការនាំចេញសរុបនឹងធ្លាក់ចុះនៅក្នុងឆ្នាំ២០១៤។ លោក កែន លូ អគ្គលេខាធិការសមាគមនេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីតួលេខថ្មីបំផុតបានពីនាយកដ្ឋានត្រួតពិនិត្យការនាំចូលនាំចេញនេះទេ ដោយលោកសុខចិត្តរង់ចាំតួលេខដំណាច់ឆ្នាំពីនាយកដ្ឋានមួយទៀតនៅក្រសួងពាណិជ្ជកម្មដែលលោករំពឹងថានឹងទទួលបានក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។
ទោះជាយ៉ាងណា លោកបានមានប្រសាសន៍ថា លោករំពឹងថា តួលេខនឹងកាន់តែអាក្រក់ជាងនេះទៅទៀតនៅឆ្នាំនេះ។ លោកលើកឡើងថា “ខ្ញុំគិតថា នៅក្នុងឆ្នាំ២០១៥ យើងនឹងមើលឃើញកំណើនអវិជ្ជមាន។ សំណួរសួរថា តើមានប៉ុន្មាន”។
ខណៈរោងចក្រជាច្រើនបានបញ្ចេញប្រតិកម្មរួចទៅហើយចំពោះការធ្លាក់ចុះការបញ្ជាទិញតាមរយៈការកាត់បន្ថយវេនធ្វើការបន្ថែមម៉ោង លោក កែន លូ បានមានប្រសាសន៍ថា ការបិទរោងចក្រ និងការផ្អាកការងារកម្មករជាបណ្តោះអាសន្ន ទំនងជានឹងធ្វើឲ្យប៉ះពាល់ដល់វិស័យនេះត្រឹមខែឧសភា។
ខណៈកូដកម្មបានធ្លាក់ចុះជាងមួយភាគបួននៅក្នុងឆ្នាំ២០១៤តាមការគណនារបស់ GMAC លោក កែន លូ បានមានប្រសាសន៍ថា អ្នកទិញទំនងជាមិនសប្បាយចិត្តប៉ុន្មានទេចំពោះការធ្លាក់ចុះនេះ។ ការដំឡើង២៨ភាគរយលើប្រាក់ខែគោលក្នុងវិស័យកាត់ដេរ ក៏បានចូលជាធរមានដែរកាលពីខែមករា។
លោកមានប្រសាសន៍ថា “យើងនៅតែមើលឃើញកូដកម្មភ្លាមៗមួយរំពេច យើងនៅតែមើលឃើញបាតុកម្មហិង្សា យើងនៅតែត្រូវការការអនុវត្តច្បាប់បន្ថែមទៀត”។
សហជីពនិយាយថា កូដកម្មជាច្រើនក្នុងចំណោមកូដកម្មទាំងនោះដែលរោងចក្រយល់ថា ខុសច្បាប់ តាមពិតបានគោរពច្បាប់ការងារត្រឹមត្រូវ។ សហជីពចោទប្រកាន់និយោជកជាច្រើនពាក់ព័ន្ធនឹងការបណ្ដេញតំណាងរបស់ខ្លួនចេញដោយសារតែសកម្មភាពសហជីពស្របច្បាប់ ហើយចោទពួកគេថាបានឃុបឃិតជាមួយរដ្ឋាភិបាលដើម្បីរារាំងការដាក់ពាក្យសុំបង្កើតសាខារបស់ខ្លួន៕សុខុម