អភិបាលរងក្រុងភ្នំពេញ លោក ឃួង ស្រេង កាលពីថ្ងៃអង្គារបានបង្វែរទិសដៅពាក់ព័ន្ធនឹងការប្រកាសរបស់សាលាក្រុងដែលថា ខ្លួននឹងចុះអង្កេតវត្តសាមគ្គីរង្សី ទាក់ទិននឹងឥរិយាបទប្រឆាំងរដ្ឋាភិបាល និងបំណងអបគមន៍ ជាការអធិប្បាយដែលបង្កឲ្យមានការបារម្ភក្នុងចំណោមព្រះសង្ឃ ដែលថាវត្តមានចិត្តគំនិតឯករាជ្យនេះនឹងត្រូវគេបិទនោះ។

ក្នុងការចុះពិនិត្យវត្តនេះជាមួយនឹងប៉ូលិសនិងកម្លាំងរាជអាវុធហត្ថជាង៥០នាក់កាលពីរសៀលថ្ងៃអង្គារ លោក ឃួង ស្រេង បានប្រាប់ព្រះសង្ឃថា វត្តសាមគ្គីរង្សី ចាំបាច់ត្រូវមានការសម្រេចយល់ព្រមពីក្រសួងធម្មការនិងសាសនា មុនពេលវត្តនេះមានការទទួលស្គាល់ជាផ្លូវការទាំងស្រុង។ ប៉ុន្តែលោកបានចាកចេញដោយគ្មានការគំរាមជាក់លាក់ថានឹងបិទវត្ត ឬទប់ស្កាត់សកម្មភាពខុសពីគេរបស់វត្តនេះឡើយ។
លោកបានប្រាប់ព្រះចៅអធិការស្តីទីវត្តសាមគ្គីរង្សី ថាច់ ហាសំអាង ថា “ខ្ញុំករុណាចង់ឲ្យវត្តអនុវត្តតាមច្បាប់។ ព្រះតេជគុណកុំព្យាយាមលាក់បាំងអ្វីៗពីខ្ញុំករុណា។ ខ្ញុំករុណាដឹងគ្រប់យ៉ាងដែលព្រះតេជគុណធ្វើ។ ពេលដែលព្រះតេជគុណធ្វើដូចនេះ ខ្ញុំករុណាមិនសប្បាយចិត្តទេ”។
វត្តសាមគ្គីរង្សី ជាវត្តមួយក្នុងចំណោមវត្តពីរបីប៉ុណ្ណោះក្នុងប្រទេសកម្ពុជាដែលមិនគោរពតាមឋានានុក្រមព្រះពុទ្ធសាសនា ដោយហ៊ាននិយាយអំពីបញ្ហារសើបទាក់ទងនយោបាយ។ កាលពីឆ្នាំមុន វត្តនេះបានធ្វើឲ្យអាជ្ញាធរខឹងសម្បា ដោយសារតែផ្តល់ជម្រកដល់អ្នកភូមិក្រៅក្រុងដែលតវ៉ាក្នុងក្រុងភ្នំពេញប្រឆាំងក្រុមហ៊ុនឯកជនជាច្រើន ដែលពួកគាត់ចោទថាបានលួចប្លន់ដីធ្លីរបស់ពួកគាត់។
កាលពីខែមុន សាលាក្រុងបាននិយាយថា ខ្លួននឹងចុះស៊ើបអង្កេតវត្តនេះទាក់ទិននឹងការចាក់សម្លាប់ព្រះសង្ឃមួយអង្គ និង”សកម្មភាពប្រឆាំងរដ្ឋាភិបាល”មួយចំនួនទៀត។ ក្នុងបទសម្ភាសជាបន្តបន្ទាប់ អ្នកនាំពាក្យសាលាក្រុង លោក ឡុង ឌីម៉ង់ បានលើកឡើងថា កង្វះការសហការរបស់វត្តនេះជាមួយអាជ្ញាធរ គឺ “ដូចជាអបគមន៍មួយ” អ៊ីចឹង។
ទោះជាយ៉ាងណា ក្នុងពេលចុះពិនិត្យមានការបង្ហាញកម្លាំងកាលពីថ្ងៃអង្គារ អភិបាលរងរូបនេះបានមានប្រសាសន៍ថា ក្រុងគ្រាន់តែយកចិត្តទុកដាក់នឹងរឿងឃាតកម្ម ដែលជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននិងចោទប្រកាន់រួចហើយ និងថាតើវត្តនេះមានការទទួលស្គាល់ពេញលេញហើយឬនៅ គ្មានអ្វីផ្សេងនោះទេ។
លោក ស្រេង បាននិយាយថា “បន្ទាប់ពីការជូនដំណឹង[អំពីការស៊ើបអង្កេត] មានការលើកឡើងផ្ទុយគ្នាក្នុងព័ត៌មានរវាងព្រះសង្ឃ អ្នកគាំទ្រនិងសាលាក្រុង ប៉ុន្តែទាំងអស់នេះជាការយល់ច្រឡំទាំងអស់។ បញ្ហានេះត្រូវបានគេបំផ្លើសដោយសារតែអ្នកនយោបាយនិងជនជ្រុលនិយម…។ មិនដូចប្រជាជននិយាយ ដែលថាសាលាក្រុងនឹងមកបំផ្លាញវត្តសាមគ្គីរង្សីនោះទេ។ មិនពិតឡើយ”។
លោកបាននិយាយថា ការនិយាយថាអបគមន៍ជាច្រើនលើកដោយអ្នកនាំពាក្យសាលាក្រុង ក៏ត្រូវបានបំប៉ោងមិនសមដែរ។
លោកបាននិយាយថា “ប្រហែលជាយល់ច្រឡំ។ [លោក ឌីម៉ង់] បាននិយាយថា ‘ដូចអបគមន៍’ មិនមែនថាអបគមន៍ទេ។ ពាក្យខ្មែរសម្បូរណាស់ ពីព្រោះមាន៣៣ព្យញ្ជនៈនិងស្រៈជាច្រើន ដូច្នេះស្តាប់…។ លោកបាននិយាយថា ‘សឹងតែដូច’។ នេះមិនមែនជាបញ្ហាឡើយ”។
អ្នកកាសែតបានព្យាយាមសួរលោក ឌីម៉ង់ ដែលបានអមដំណើរលោក ស្រេង ទៅវត្ត ដើម្បីសុំបំភ្លឺសម្តីរបស់លោកខ្លួនឯង។ ប៉ុន្តែលោកអភិបាលរងបានឃាត់អ្នកនាំពាក្យរូបនេះមិនឲ្យនិយាយ។ លោក ឃួង ស្រេង បាននិយាយថា “ខ្ញុំមិនអនុញ្ញាតឲ្យគាត់និយាយទេ”។
ដើម្បីបានការទទួលស្គាល់ជាផ្លូវការ លោក ឃួង ស្រេង បាននិយាយថា ដំបូងវត្តត្រូវមានត្រាផ្លូវការមួយពីក្រសួងមហាផ្ទៃ មុនពេលទៅក្រសួងធម្មការនិងសាសនា។ លោកបាននិយាយថា ប៉ុន្តែដើម្បីបានត្រានេះ វត្តចាំបាច់ត្រូវបញ្ជាក់ថា វត្តជាម្ចាស់ដីដែលវត្តតាំងនៅ។
ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការស្តីទី បានមានសង្ឃដីកាថា ប័ណ្ណកម្មសិទ្ធិដើមបានបាត់បង់ក្នុងអគ្គិភ័យ ហើយបានសុំលោកអភិបាលរងឲ្យជួយដើម្បីបានប័ណ្ណថ្មី។ លោក ស្រេង បាននិយាយថា លោកនឹងព្យាយាមជួយ ប៉ុន្តែបានបន្ថែមថា មុខជាលំបាកហើយ។
បន្ទាប់ពីរយៈពេលប្រហែលពីរម៉ោងនៅក្នុងវត្ត លោក ស្រេង បានចាកចេញពីវត្តសាមគ្គីរង្សី ដោយមានការច្រៀងអបអរពីសំណាក់ព្រះសង្ឃនិងអ្នកគាំទ្រ ដែលមានចិត្តត្រេកអរ ដែលថាវត្តនេះមិនត្រូវបានគេបិទទ្វារ។
ប៉ុន្តែមិនមានព្រះសង្ឃទាំងអស់ទេដែលជឿជាក់ការអះអាងរបស់អភិបាលក្រុងរងរូបនេះ ដែលថាសាលាក្រុងចាប់អារម្មណ៍តែទៅលើការត្រួតពិនិត្យលិខិតស្នាមរបស់វត្ត និងករណីឃាតកម្មនៅពេលថ្មីៗនេះទេ។
ព្រះសង្ឃអង្គខ្លះចង្អុលបង្ហាញថា ឃាតកម្មចំពោះព្រះសង្ឃនៅវត្តផ្សេងទៀតពុំមានការចុះត្រួតពិនិត្យបែបនេះទេ។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចរបស់អភិបាលក្រុងរងរូបនេះ បុគ្គលិករបស់លោកបានកត់ត្រាឈ្មោះនិងអាយុរបស់ព្រះសង្ឃដែលស្នាក់នៅវត្តសាមគ្គីរង្សី។ មន្ត្រីទាំងនោះបានណែនាំវត្តឲ្យជូនដំណឹងដល់មន្ត្រីសង្កាត់នៅរាល់ពេលដែលព្រះសង្ឃចំណូលថ្មីចូលមកស្នាក់នៅទីនោះ។
ព្រះតេជគុណ ថាច់ ថាវរី ប្រធានរដ្ឋបាលវត្តបានមានសង្ឃដីកាថា ការដាក់កម្លាំងប៉ូលិសប៉េអឹមច្រើនគឺពិតជាចង់គំរាមកំហែងព្រះសង្ឃឲ្យឈប់បន្តសកម្មភាពសកម្មរបស់ព្រះសង្ឃ។
ព្រះតេជគុណបានមានសង្ឃដីកាថា “យើងអាចឃើញថា គេចង់បង្ហាញសាច់ដុំនិងគំរាមយើង។ អ្វីដែលគាត់និយាយខុសគ្នាពីអ្វីដែលគាត់ធ្វើ… ប៉ុន្តែយើងនឹងបន្តតវ៉ាដើម្បីយុត្តិធម៌សង្គម និងគាំទ្រអ្នកភូមិ ពីព្រោះជាសិទ្ធិរបស់យើង”៕ មានិត