37 C
Phnom Penh

កសិករ​​​នៅ​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ប្រទះឃើញ​​​គ្រាប់​​​កាំភ្លើង​​​អាកា-៤៧​​​ជាច្រើនកេះ​​​កប់​​​ក្នុង​​​ដី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា  កសិករ​​​ម្នាក់​​​ដែល​​​កំពុង​​​តែ​​​ឆ្ការ​​​រាន​​​ដី​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​ស្រុក​​​បាកាន​​​ ខេត្ត​​​ពោធិ៍​​​សាត់​​​កាល​​​ពី​​​​សប្តាហ៍​​​​មុន​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ជាង​​​១០០​កេះ​​​​នៅ​​​កប់​​​ក្នុង​​​ដី​​​។ ​កេះ​គ្រាប់​​​​ទាំង​​​នេះ​​​មាន​​​​ផ្ទុក​​​គ្រាប់​​​​​​កាំភ្លើង​​​អាកា​​​-៤៧​​​រាប់​​​​​​មឺុន​​​គ្រាប់​​​​​​ហើយ​ត្រូវ​​​បាន​​​គេ​​​កប់​​​ក្នុង​​​សម័យ​​​​ប៉ុល​​​ពត​​​។

លោក ផង់ អ៊ន មេភូមិ​​​ប្រហាល​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោក ឆន ចំណាប់​​​ អាយុ​​​២៤​​​ឆ្នាំ​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ទាំង​​​​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ខណៈ​កំពុង​​​ប្រើ​​​ត្រាក់​​​ទ័រ​​​​ទៅឈូស​​​ឆាយ​​​ពំនូក​​​តូច​​​មួយនៅក្នុង​​​តំបន់​​​ដែល​​​ធ្លាប់គ្រប់​​​គ្រង​​​ដោយ​​​ទាហាន​​​ ប៉ុល ពត​​​ ចម្ងាយ​ប្រហែល​​​​​​​​៥០០ម៉ែត្រ​​​​​​ពីភូមិ​​​​ ប្រហាល​​​ ឃុំ​​​តាលោ ។

លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ទៀត​​​ថា កសិករ​​​រូប​​​េនះ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ចំនួន​​​១០៤​​​កេះ​​​ ដែល​​​ក្នុង​​​កេះ​​​នីមួយ​​​ៗ​​​មាន​​​គ្រាប់​​​កាំភ្លើង​​​ចំនួន​​​៦០០គ្រាប់។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​មាន​​​សំណាង​​​ណាស់​​​ដែលគ្រាប់​​​ទាំង​​​នេះ​​​ជា​​​គ្រាប់កាំភ្លើង​​​ធម្មតា។ ប្រសិនបើ​​​វា​​​ជា​​​គ្រាប់​​​មីន ឬ​​​គ្រាប់​​​កាំភ្លើង​​​ធំ​​​វិញ​​​វាអាច​​​នឹង​​មាន​​​គ្រោះ​​​ថ្នាក់​​​ក៏​​​ថា​​​បាន”។

លោក ព្រំ សារុន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​​​​ទៅ​​​ទទួល​​​យក​​​គ្រាប់​​​កាំភ្លើង​​​ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​ចិន​​​ទាំង​​​នេះ​​​ ហើយ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​នគរ​​​បាល​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “គ្រាប់កាំភ្លើង​​​អាកា​​​ទាំង​​​អស់​​​នេះ​​​នៅ​​​ល្អ​​​នៅ​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា គ្រាប់​​​ទាំង​​​នេះ​​​នឹង​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​ខេត្ត​​​។ ហើយ​​​វា​​​អាច​​​នឹង​​​ត្រូវ​​​យក​​​មក​​​ប្រើ​​​ប្រាស់​​​ប្រសិនបើ​​​ចាំ​​​បាច់​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស