40.3 C
Phnom Penh

អគ្គ​​​រដ្ឋលេខាធិការ​​​នៃ​​​រដ្ឋ​​​សភា​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បំប៉ោង​​​ការ​​​ចំណាយ​​​ហួស​​​ហេតុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋសភា បាន​​​សម្រេច​​​កោះ​​​ហៅ​​​លោក​​​ ឡេង ប៉េង​​​ឡុង​​​ ប្រធាន​​​រដ្ឋបាល​​​នៅ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ធ្វើ​​​ការ​​​សាកសួរ​​​ជំុវ​​​ិញ​​​ការ​​​អះអាង​​​ពាក់​​​ព័ន្ធ​​​នឹង​​​បក្ខ​​​ពួក​​​និយម និង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​ចំណាយ ដែល​​​​​​រួម​​​មាន​​​ទាំង​​​ ២៥.០០០ដុល្លារ​​​សម្រាប់​​​បង្គោល​​​ដង​​​ទង់​​​ជាតិ​​​មួយ​​​ផង​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​បាន​​​លើក​​​​​​ឡើង​​​។

អនុ​​​ប្រធាន​​​របស់​​​លោក ឡេង ប៉េង​​​ឡុង ដែល​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​រដ្ឋសភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​មិន​​​ពិត​​​ទេ​​​ ប៉ុន្តែ ថា ប្រធាន​​​​​​​​​របស់​​​លោក​​​នឹង​​​ឆ្លើយ​​​រាល់​​​សំណួរ​​​​​​ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​​​​កោះ​​​ហៅ​​​។

លោក​​​ សុន ឆ័យ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ជា​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​មក​​​ពី​​​​​​គណបក្ស​​​កាន់​​​អំណាច និង​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​មាន​​​សមាសភាព​​​នៅ​​​ក្នុង​​​គណៈកម្មការ​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ឲ្យ​​​កោះ​​​ហៅ​​​លោក ឡេង ប៉េង​​​ឡុង ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “យើង​​​មាន​​​​​​កិច្ច​​​ប្រជុំ​​​ថ្នាក់​​​​​​គណៈកម្មការ​​​មួយ​​​​​​នៅ​​​ព្រឹក​​​នេះ។ គណៈកម្មការ​​​​​​​​​បាន​​​យល់​​​ស្រប​​​ឲ្យ​​​យើង​​​អញ្ជើញ​​​លោក ឡេង ប៉េង​​​ឡុង​​​ អគ្គលេខាធិការ​​​ មក​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មការ។ វា​​​មិន​​​ត្រឹម​​​តែ​​​និយាយ​​​អំពី​​​​​​បក្ខ​​​ពួក​​​និយម​​​នៅ​​​ក្នុង​​​សភា​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ ក៏​​​នឹង​​​និយាយ​​​អំពី​​​របៀប​​​ដែល​​​សភា​​​កំពុង​​​អនុវត្ត​​​ការ​​​ចំណាយ​​​របស់​​​ខ្លួន​​​​​​ផង​​​ដែរ​​​។ យើង​​​​​​ចង់​​​ធ្វើ​​​ឲ្យ​​​វា​​​​​​មាន​​​តម្លាភាព​​​ជាង​​​មុន​​​។

កាល​​​ពី​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​យើង​​​បាន​​​បញ្ជូន​​​តំណាង​​​គណៈកម្មការ​​​មួយ​​​រូប​​​ឲ្យ​​​ទៅ​​​ពិនិត្យ​​​មើល​​​នីតិវិធី​​​សម្រាប់​​​ទិញ​​​​​​បង្គោល​​​ដង​​​ទង​់​​ជាតិ​​​ [ កម្ពុជា​​របស់​​​រដ្ឋ​​​សភា​​​​] ហើយ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ការ​​​ភាន់​​​ច្រឡំ​​​ជា​​​ច្រើន​​​។ គ្រាន់​​​តែបង្គោល​​​​​​ដង​​​ទង់​​​ជាតិ​​​មួយ​​​​​​ថ្លៃ​​​ដល់​​​ទៅ​​​២៥.០០០ដុល្លារ​​​ គួរ​​​ឲ្យអស់​​​សំណើច​​​ណាស់​​​​​​។ ក៏​​​មាន​​ការ​​​សាង​​​សង់ ការទិញ​​​រថយន្ត​​​​​​​​​ ការ​​​ដឹកជញ្ជូន​​​រថយន្ត​​​មួយ​​​គ្រឿង​​​ៗ [មក​​​កាន់​​​កម្ពុជា​​​] ចំណាយ​​​អស់​​​២៥.០០០ដុល្លារ គឺ​​​គួរ​​​ឲ្យអស់​​​សំណើច​​​ណាស់​​​។​​​ នៅ​​​ក្នុង​​​ថវិកា​​​របស់​​​ពួក​​​គេ ពួក​​​គេ​​​​​​បាន​​​ទិញ​​​រថយន្ត​​​ថ្មី​​​ចំនួន​​​​​​៣០​​​គ្រឿង​​​ដែល​​​មាន​​​តម្លៃ​​​ប្រហែល​​​២០​​​០.០០០ដុល្លារ​​​ក្នុង​​​មួយ​​​គ្រឿងៗ ហើយ​​​គ្រាន់​​​តែ​​​ដឹក​​​ជញ្ជូន​​​វា​​​មក​​​កម្ពុជា​​​ ថ្លៃ​​​ប្រហែល​​​២៥.០០០ដុលា្លរ​​​ក្នុង​​​មួយ​​​គ្រឿងៗ”។

លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា លោក ជាម យៀប តំណាង​​​រាស្ត្រ​​​មក​​​ពី​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​ នឹង​​​ជ្រើស​​​រើស​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​សាក​​​សួរ​​​។

លោក​​​បាន​​​បន្ត​​​ថា “យើង​​​ត្រូវ​​​តែ​​​ដោះ​​​ស្រាយ​​​វាជាមួយ​​​ប្រធាន​​​គណៈកម្មការ​​​ [លោក ជាម យៀប] ប៉ុន្តែ យើង​​​នឹង​​​ដោះ​​​ស្រាយ​​​វា។ វា​​​ពិបាក​​​ណាស់​​​សម្រាប់​​​គាត់​​​។ យើង​​​យល់​​​ថា ពេល​​​ខ្លះ​​​ប្រព័ន្ធ​​​ទាំង​​​មូល​​​ផ្អែក​​​​​​លើ​​​ការ​​​ការ​​​ពារ​​​បក្ស​​​ ដូច្នេះ​​​រឿង​​​នេះ​​​គឺ​​​លំបាក​​​សម្រាប់​​​គាត់​​​”។

លោក ជាម​​​ យៀប និង​​​លោក​​​ ឡេង ប៉េង​​​ឡុង​​​ មិនអាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី ម្សិលមិញ ។ទោះជា​​​យ៉ាង​​​ណា​​​លោក មិត​​​្ត ការ៉េន អគ្គលេខាធិការ​​​រង​​​នៃ​​​រដ្ឋសភា​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​ផ្ទាំង​​​សីុប​​នៃ​​​ការ​​​អះ​​​អាង​​​របស់​​​លោក សុន ឆ័យ អំពី​​​បក្ខ​​​ពួក​​​និយម​​​ក្នុង​​​រដ្ឋសភា​​​កាល​​​ពី​​​ឆ្នាំមុន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះអាង​​​ទាំង​​​នេះ​​​​​​មិន​​​ពិត​​​ទេ​​​ ហើយ​​​ថា ការ​​​ចំណាយ​​​គឺ​​​ត្រូវ​​​ឆ្លង​​​កាត់​​​ការ​​​ត្រួត​​​ពិនិត្យ​​​ត្រឹម​​​ត្រូវ​​​។

លោក​​​បានលើក​​​ឡើង​​​ថា “ពេល​​​នេះ​​​ខ្ញុំ​​​កំពុង​​​​​​រៀប​​​ច​​​ំ​​​ឯកសារ​​​ទាំង​​​នេះ ហើយ​​​ការ​​​អនុវត្ត​​​ជាក់​​​ស្តែង​​​​​​មិន​​​ទាន់​​​កើត​​​ឡើង​​​ទេ។ ខ្ញុំ​​​ចង់​​​និយាយ​​​ថា យើង​​កំពុង​​​ព្រៀង​​​​​​ផែន​​​ការ​​​ឆ្នាំ​​​២០១៥​​​សម្រាប់​​​ទិញ​​​សម្ភារ​​​ទាំង​​​អស់​​​នេះ​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​ដែល​​​ថា​​​យើង​​​គ្រោង​​​ចំណាយ​​​២៥.០០០ដុល្លារ​​​ គ្រាន់​​​តែ​​​សម្រាប់​​​បង្គោល​​​ដងទង់​​​ជាតិ​​​មួយ​​​។ ប៉ុន្តែ ចំនួន​​​នេះ​​​ត្រូវ​​​បាន​​​គ្រោងទុក​​​​​​សម្រាប់​​​គម្រោង​​​ទាំង​​​មូល​​​ដូច​​​ជា​​​ការ​​​ធ្វើសួន ​​​ធ្វើ​​​ចិញ្ចើម​​​ផ្លូវ និង​​​បង្គោល​​​​​​ដង​​​ទង់​​​ជាតិ​​​ជា​​​ដើម​​​ ពី​​​ព្រោះ​​​វា​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ធ្វើ​​​ផែន​​​ការ​​​​​​​​​​​​​​​ឆ្នាំ​​​២០១៥។ ជាក់​​​ស្តែង​​​មិន​​​ទាន់មាន​​​ការ​​​អនុម័ត​​​ផ្លូវ​​​ការ​​​នៅ​​​ឡើយ​​​ទេ ពីព្រោះ​​​យើង​​​ទើប​​​តែ​​​បង្ហាញ​​​ផែន​​​ការ​​​ទាំង​​​នេះទៅ​​​គណៈកម្មការ​​​ [ធនាគារ និង​​​ហិរញ្ញវត្ថុ] ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប៉ុណ្ណោះ​​​​​​ជាមួយ​​​នឹង​​​មន្ត្រី​​​​​​៣៦​​​រូប​​​មក​​​ពី​​​ [នាយក​​​ដ្ឋាន​​​] លទ្ធកម្ម​​​ ហិរញ្ញវត្ថុ សវនកម្ម​​​ និង​​​អគ្គលេខាធិការដ្ឋាន​​​ដែល​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​។ យើង​​​មិន​​​សម្រេច​​​រឿង​​​អ្វី​​​មួយ​​​នៅ​​​ក្នុង​​​អគ្គលេខាធិការដ្ឋាន​​​តែ​​​ឯង​​​ទេ​​​។ ​​យើង​​​មិន​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​នោះ​​​ទេ​​​”។

លោក​​​បាន​​​​​​មានប្រសាសន៍​​​ទៀត​​​ថា “ហើយ​​​វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​ដែល​​​ថា យើង​​​ទិញ​​​រថយន្ត​​​៣០​​​គ្រឿង​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​។ ជា​​​មូលដ្ឋាន​​​ យើង​​​គ្រោង​​​ទិញ​​​រថយន្ត​​​ត្រឹម​​​តែ​​​ប្រាំ​​​បួន​​​គ្រឿង​​​ប៉ុណ្ណោះ​​​សម្រាប់​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​រដ្ឋ​​​សភា​​​ ដោយ​​​សារ​​​រថយន្ត​​​របស់​​​ពួក​​​គាត់​​​ប្រើ​​​ប្រាស់​​​១២​​​ឆ្នាំ​​​មក​​​ហើយ​​​។ រថយន្ត​​​ទាំង​​​នោះ​​​ចាស់​​​ណាស់​​​ទៅ​​​ហើយ ហើយ​​​ខូច​​​ច្រើន​​​”។

លោក​​​បានបញ្ជាក់​​​​​​ថា ការ​​​ទិញ​​​នោះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ លោក​​​លើក​​​ឡើង​​​ថា   “តម្លៃ​​​រថយន្ត​​​មិន​​​ទាន់​​​កំណត់​​​នៅ​​​ឡើយ​​​ទេ វា​​​ស្រេច​​​តែ​​​លើ​​​អ្នក​​​លក់​​​ មិន​​​មែន​​​យើង​​​ទេ​​​”។​​​

មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​​​​សីហា លោក សុន ឆ័យ បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​យុទ្ធនាការ​​​ប្រឆាំង​​​បក្ខពួក​​​និយម​​​នៅ​​​ក្នុង​​​រដ្ឋបាល​​​របស់​​​រដ្ឋសភា​​​ដោយប្រកាស​​​ជា​​​សាធារណៈ​​​ថា លោក​​​ មិត្ត ការ៉េន បាន​​​នាំ​​​​​​សមាជិក​​​គ្រួសារ​​​លោក​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំពីរ​​​នាក់​​​​​​​​​ឲ្យ​​​ចូល​​​ធ្វើ​​​ការ​​​នៅក្នុង​​​សភា​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ក្នុង​​​នោះ​​​រួម​​​មាន​​ទាំង​​​កូន​​​ស្រី​​​ និង​​​​​​កូន​​​ប្រសា​​​ប្រុស​​​​​​របស់​​​លោក​​​ផង​​​ដែរ។

មុខ​​​តំណែង​​​ទាំង​​​នោះ​​​រួ​​​ម​​​មាន​​​មុខ​​​តំណែង​​​រដ្ឋបាល​​​សំខាន់​​​ៗ​​​ដូចជា ប្រធាន​​​នាយក​​​ដ្ឋាន​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋសភា​​​ ដែល​​​កាន់​​​ដោយ​​​​​​កូន​​​ប្រសា​​​ប្រុស​​​ និង​​​នាយកដ្ឋាន​​​សវនកម្ម​​​​​​​​​ដែល​​​កាន់​​​ដោយ​​​កូន​​​ស្រី​​​របស់​​​លោក មិត្ត​​​ ការ៉េន ។ អគ្គលេខាធិការ​​​រង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​ទាំង​​​អស់​​​នោះ​​​សុទ្ធ​​​តែ​​​ទទួល​​​​​បាន​​​​​​ការ​​​ងារ​​​ដោយ​​​ស្រប​​​ច្បាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ទាំង​​​រូប​​​លោក​​​ និង​​​លោក ឡេង ប៉េង​​​ឡុង​​​ នឹង​​​ចូល​​​ខ្លួន​​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​ ប្រសិន​​​បើត្រូវ​​​បាន​​​កោះ​​​ហៅ​​​ដោយ​​​មាន​​​លិខិត​​​ស្នាម​​​ផ្លូវ​​​ការ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ជាម យៀប​​​៕សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស