29 C
Phnom Penh

ជន​ជាត​ិ​ដើម​ ភាគតិច​ម៉ុង​តាញ៉ា​៩នាក់​ទៀត​​​ឆ្លង​ព្រំដែន​ចូលក្នុង​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគ​​​របាល​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នកស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​​តិច​​​ម៉ុង​​​តាញ៉ា​​​ប្រាំ​​​បួន​​​នាក់​​​ទៀត​​​ បាន​​​ឆ្លង​​​ព្រំដែន​ចូល​​​ខេត្ត​​​រតនគិរី​​​កាល​​​ពីថ្ងៃ​​​អង្គារ ធ្វើ​​​ឲ្យ​​​ចំនួន​​ពួកគេ​​សរុប​​​ដែល​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ស្រុក​​​អូរយ៉ាដាវ ក្នុង​​​ខេត្ត​​​នេះ​​​ឡើង​​​ដល់​​​៣២​​​នាក់។

លោក ហេង​​​ រតនា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពី​​​ការ​​​មក​​​ដល់​​​នៃ​​​ក្រុម​​​ថ្មី​​​នេះ ប៉ុន្តែ យើង​​​មិន​​​មាន​​​ព័ត៌មា​​​ន​​​ណា​​​មួយ​​​ជាក់​​​លាក់​​​អំពី​​​អ្នក​​​ទាំង​​​នេះ​​​ឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ថ្ងៃ​អង្គារ។

ដោយ​​​បន្ទរតាមកា​​​រលើក​​​ឡើង​​​ដដែល​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ លោក រតនា បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​គិត​​​ថា ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ទាំង​​​ប្រាំបួន​​​នាក់​​​​​​នេះ​​​ ជាក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​រស់​​​នៅ​​​ក្នុងតំបន់​​​​ខ្ពង់​​​រាប​​​កណ្តាល​​​ប្រទេស​​​វៀតណាមនោះ​ ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ស្រប​ច្បាប់​​​ឡើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួក​​​គេ​​​គឺ​​​ជា​​​ជន​​​បរទេស​​​ដែល​​​បាន​​​ឆ្លង​​​ព្រំ​​​ដែន​​​​​​ខុស​​​ច្បាប់​​​មក​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​នៅ​​​លើ​​​ដី​​​របស់​​​ខ្មែរ​​​យើង​​​ដើម្បី​​​កាន់​​​កាប់​​​ដី​​​នេះ​​​ជា​​​រៀង​​​រហូត​​​។ យើង​​​ត្រូវ​​​ចាត់​​​វិធាន​​​ការ​​​ដើម្បី​​​រារាំង​​​អ្នក​​​ទាំង​​​នេះ​​​កុំ​​​ឲ្យ​​​ឆ្លង​​​ដែល​​​ខុស​​​ច្បាប់​​​”។

លោក រតនា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​ខេត្ត​រតនគិរី​​​មិន​​​បាន​​​ស្វែងរក​​​អ្នក​​​​​​មក​​​ដល់​​​ថ្មី​​​ទេ​​​ ពី​​​ព្រោះ​​​លោក នួន គឿន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ បច្ចុប្បន្ន​​​នេះ​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​ឯណោះ​។

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​បារម្ភ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ទាំង​ប្រាំបួន​​​នាក់​​​ គឺ​​​ប្រុស​​​ប្រាំបី​​​នាក់ និង​​​ស្រី​​​ម្នាក់ បាន​​​លាក់​​​​​ខ្លួន​​​ក្នុង​​​ព្រៃ ក្នុង​​​ស្រុក​​​អូរ​​​យ៉ាដាវ។

អ្នក​​​ភូមិ​​​រូប​​​នេះ ដែល​​​បាន​​​ជួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​​​​ជាង​​​៥០​​​នាក់​​​ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​តុលា​​​មក​​​បាន​​​និយាយ​​​ថា ក្រុមថ្មី​​​បំផុតនេះ​​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ដោយ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​គាត់​​ទៅ​​​ដ​​​ង​​​ទឹក​​​។ គាត់​​​បាន​​​និយាយ​​​ថា រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​គាត់​​​មិន​​​អាច​​​ផ្តល់​​​ជំនួយ​​​ដល់​​​ពួក​​​គាត់​​បាន​​​ទេ ដោយ​​​សារ​​​តែ​​​មាន​​​នគរ​​​បាល​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​។

គាត់​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​គិត​​​​​​ថា មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រាំបួន​​​នាក់​​​នេះ​​​នឹង​​​ម​​​ិន​​​អាចរត់​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​ឡើយ​​​ ពីព្រោះ​​​អាជ្ញាធរ​​​បានស្គាល់​កន្លែង​របស់​​​​ពួក​​​គេ​​​ហើយ​​ ហើយ​ឥឡូវ​នេះ​ពួកគេ​កំពុង​ស្វែងរក​អ្នក​ទាំងនោះ។

ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​តុលា​​​មក​​​ អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​៥៧​​​នាក់​​​ដែល​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​រត់​​​គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ខាង​​​សាសនា និង​​​នយោបាយ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​នោះ ​​​បាន​​​រត់​​​ភៀសខ្លួន​មក​​​ប្រទេសកម្ពុជា​​​។

រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មាន​​​មនុស្ស​​​២០​​​នាក់​​​បាន​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កន្លែង​ដែល​​​ពួក​​​គេ​​​កំពុង​ត្រូវបាន​ដំណើរ​​​ការ​​​ដោយ​​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ក្រសួង​​​មហាផ្ទៃ​​​​​​ ចំណែក​​​ប្រាំ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ។ គេ​​​មិន​​​ដឹង​​​ពី​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​អ្នក​​​ទាំង​​​ប្រាំ​​​ឡើយ​​​។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​របស់​​​លោក​​​មិនទាន់​​​សម្រេច​​​ថា តើ​​​ជន​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​​​​ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​នោះ​ គឺជា​​​អ្នកស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ ឬ​​​យ៉ាង​​​ណា​​​​​ឡើយ​​​។

ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​មុនពេល​​​យើង​​​​​​សម្រេច​​​ថា តើ​​​ពួក​​​គេ​​​ជា​​​​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់ ឬ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​នោះ យើង​​​ត្រូវ​​​ជួប​​​ជាមួយ​​​ពួក​​​គេ​​​សិន​​​”។ លោក​​​បាន​​​បន្ថែមថា នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះការ​​​ទាក់​​​ទង​​​ពួក​​​គេ​​​ជា​​​មុន​​​។

នៅពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ក្រសួង​​​របស់​​​លោក​​​នឹង​​​អនុញ្ញាត​​​ឲ្យអង្គការ​​​សហប្រជា​​​ជាតិ​​​ជួប​​​ជាមួយ​​​អ្នក​​​ស្វែង​​​រក​​​សិទិ្ធ​​​ជ្រក​​​​​​កោន​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ​​​ បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​ពេល​អ្នក​​​យក​​​ព័ត​៌មាន​​​ទាក់ទង​​​។

លោកស្រី វ៉ាន់ ហ៊ាលី តំណាង​​​ប្រចាំ​​​ប្រទេស​​​នៃ​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​ប្រជាជាតិ​​​ទទួល​​​​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ការិយាល័យ​​​របស់​​​លោកស្រី​​​បាន​​​ដឹង​​​ពី​​​អ្នក​​​មក​​​ដល់​​​ថ្មី​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​ ហើយ​​​កំពុង​​​ទាក់​​​ទង​​​ក្រសួង​​​មហាផ្ទៃ អំពី​​​ការ​​​ជួយដល់​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​នេះ​​​នៅ​​​ឡើយ​​​៕សារុន​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស