ប័ណ្ណសារ

​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​អ្នក​​​កាប់​​​ឈើ​​​ចំនួន​​​បី​​​នាក់​​​

By

February 12, 2015

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ទាហាន​​​ថៃ​​​បាន​​​បាញ់​​​សម្លាប់​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​ខ្មែរ​​​បី​​​នាក់​​​ និង​ធ្វើ​​​​ឲ្យ​​​អ្នក​​​ទី​​​៤​​​រង​​​របួស​​​ធ្ងន់​​​កាល​​​ពី​​​សប្តាហ៍​​​មុន បន្ទាប់ពី​​​ក្រុម​​​អ្នក​​​កាប​​​់ឈើ​​​នេះ​បាន​​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដី​ថៃ​​​​​​​​​​​​ដើម្បី​​​រក​​​កាប់​​​ឈើ​​​មាន​​​តម្លៃ​​​។

លោក ជួ ប៊ុន​​​សុង មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នៅ​​​ក្នុង​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ដែល​​​មាន​​​ព្រំដែន​​​ជាប់​​​ខេត្ត​​​ អ៊ូប៊ុន​​​ រ៉ាត​ថានី​​​ របស់​​​ប្រទេស​​​ថៃ​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ភូមិ​​​ឈើ​​​ទាល​​​គង​​​ក្នុង​​​ឃុំ​​​ជាំ​​​ក្សាន្ត​​​ បាន​​​រាយការណ៍​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​។

លោក ប៊ុន​​​សុង បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​ទទួល​​​ដំណឹង​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​បាញ់​​​​​​​​​សម្លាប់​​​ដោយ​​​ទាហាន​​​ថៃ​​​នៅ​​​​​ថ្ងៃ​​​ទី​​​៥​​​យប់​​​ថ្ងៃ​​​សុក្រ ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​បញ្ជូន​​​មន្ត្រី​​​ឲ្យទៅ​​​កាន់​​​ភូមិ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​​​ប្រមូល​ព័ត៌​​​​មាន​​​លម្អិត​​​បន្ថែម​​​។

លោក​​​ ជា គឹម​​​សេង អភិបាល​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ថា បុរស​​​ដែល​​​រង​​​របួស​​​ធ្ងន​​​់​​​មាន​​​ឈ្មោះ​​​ ឈូ បៀ អាយុ​​​៣៣​​​​​​ឆ្នាំ​​​ជា​​​អ្នក​​​ភូមិ​​​ឈើ​​​ទាល​​​គង​​​។ លោក គឹម​​​សេង បាន​​​លើក​​​ឡើង​​​ថា លោក ឈូ បៀ កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ធ្ងន់​​​នៅ​​​ឡើយ នៅ​​​មន្ទីរ​​​ពេទ្យអង្អែក​​​ក្រុង​​​សៀម​​​រាប ប៉ុន្តែ ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ទំហំ​​​នៃ​​​ការ​​​រង​​​របួស​​​របស់​​​បុរស​​​រូប​​​នេះ​​​ឡើយ​​​។ លោក គឹមសេង បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​បុរស​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​ទាហាន​​​​​​ថៃ​​​បាញ់​​​សម្លាប់​​​ថា មាន​​​​​​ឈ្មោះ​​​ គិត​​​ យ៉េត អាយុ​​​៣៩​​​ឆ្នាំ​​​ដែល​​​ក៏​​​មក​​​ពី​​​ភូមិ​​​ឈើ​​​ទាល​គង​​​​​ដែរ​​​​​​ និង​​​​​ឈ្មោះ គឿ ឌីណា​​​ អាយុ​​​២៨​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ។ រីឯ​​​ជន​​​រង​​​គ្រោះ​​​ទី​​​៣​​ត្រូវ​​​បាន​​​គេ​​​ស្គាល់​​​ត្រឹម​​​តែ​​​ថា មាន​​​ឈ្មោះ​​​ ថា អាយុ​​​៣២​​​ឆ្នាំ​​​ មក​​​ពីខេត្ត​​​កំពត​​​។

អភិបាល​​​ស្រុក​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ឈ្មួញ​​​កណ្តាល​​​ម្នាក់​​​បាន​​​ឲ្យ​​​លុយ​​​ទៅ​​​បុរស​​​ទាំង​​​នេះ​​​ដើម្បី​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ ហើយ​​​កាប់​​​ឈើ​​​គ្រញូង​​​​​​យក​​​មក​​​ឲ្យ​​​ខ្លួន​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ ពួកគេ​​​ត្រូវទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​។ ឥឡូវ​​​នេះ​​​ខ្ញុំ​​​កំពុង​​​តែ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​ទាហាន​​​ថៃ​​​នៅ​​​ព្រំដែន​​​​​​ដើម្បី​​​ចូល​​​ទៅ​​​យក​​​សព​​​ពួក​​​គេ​​​មក​​​ប្រគល់​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​​វិញ​”។

លោក ឆន សំអុល​​​នាយ​​​រង​​​ការិយាល័យ​​​បូក​​​សរុប​​​ព័ត៌​​​មាន​​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​កុម្ភៈ​​​ ទាហាន​​​​​​ថៃ​​​នៅ​​​ច្រក​​​ព្រំដែន​​​​​​អន្តរ​​​ជាតិ​​​អាន​​​សេះ​​​​​​​​​បាន​​​ដោះ​​​លែង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចំនួន​​​១០​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​មករា ពី​​​បទ​​​ឆ្លង​​​កាត់​​ព្រំ​ដែន​​​ទៅ​​​ប្រទេស​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់។

លោក​​​ សំអុល បាន​​​មាន​​​ប្រសាសន៍​​​ថា “ប៉ុន្តែ នៅម៉ោង​​​ប្រហែល​​​១និង​​​៣០​​​នាទី​​​រសៀល​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​មាន​​​អ្នក​​​​​​ភូមិ​​​ចំនួន​​​១៣​​​នាក់​​​ផ្សេង​​​ទៀត​​​​​​បាន​​​លួច​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​ទៅ​​​កាប់​​​ឈើ​​​គ្រញូង​​​ក្នុង​​​ព្រៃ​​​ទឹក​​​ដីថៃ​​​។ បន្ទាប់​​​មក​​​ទាហាន​​​ថៃ​​​បាន​​​បាញ់​​​ប្រហារ​​​លើ​​​ពួកគេ​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​បុរស​​​បី​​​នាក់​​​ស្លាប់​​​ និង​​​ម្នាក់​​​ផ្សេង​​​ទៀត​​​របួស​​​។  រីឯអ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​រត់​​​ត្រឡប់​​​ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​វិញ​​​”។

លោក ឡោ ចាន់ អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ទទួល​​​បាន​​​ដំណឹង​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​ ប៉ុន្តែ លោក​​​នៅ​​​មិន​​​ទាន់​​​ទៅ​​​ដល់​​​ភូមិ​​​ឈើ​​​ទាល​​​គង​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តំបន់​​​នោះ​​​នៅ​​​ដាច់​​​ស្រយាល​​​ខ្លាំង​​​ណាស់​​​។ គ្មាន​​​សេវា​​​ទូរស័ព្ទ​​​ឡើយ​​​។ ​​​ប្រសិន​​​បើ​​​អ្នក​​​ភូមិ​​​ចង់​​​ទាក់​​​ទង​​​នរណា​​​ម្នាក់​​​ ពួក​​​គាត់​​​ត្រូវ​​​ឡើង​​​ដើម​​​ឈើ​​​ដើម្បី​​​ហៅ​​​​​​គ្នា​​​”។

គេ​​​មិន​​​អាច​​​ទាក់ទង លោក កុយ គួង អ្នកនាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​ឡើង​​យ។

ក្រសួង​​​មហាផ្ទៃ​​​បាន​​​ធ្វើ​​​សេចក្តីរាយការណ៍​​​កាល​​​ពីខែ​​​មុន​​​ថា មនុស្ស​​​ចំនួន​​​១១នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​ និង​​​៣៤នាក់​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​បាញ់​​​ប្រហារ​​​ចំនួន​​​១៦​​​លើក​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ថៃ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

អង្គការ​​​អាដ​​​ហុក​​​ ដែល​​​ក៏​​​ឃ្លាំ​​​មើល​​​​​​ការ​​​បាញ់​​​ប្រហារ​​​តាម​​ព្រំដែន​​​ដែរ​​​នោះ​​​​​​បាន​​​កត់​​ត្រា​​​ថា មាន​​​មនុស្ស​​​ចំនួន​​​២៦​​​នាក់​​​បាន​​​ស្លាប់ និង​​​១៨​​​នាក់​​​បាន​​​រង​​​របួស​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤។

នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ការ​​​ទូត​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ទទូច​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ឲ្យ​​​សម​​​ភាគី​​​ថៃ​​​​​​ធានា​​​ថា ទាហាន​​​ថៃ​​​គ្រាន់តែ​​​ធ្វើការ​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​បាន​​​ហើយ​​​ ជា​​​ជាង​​​ការ​​​បាញ់​​​ប្រហារ​​​។

បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​គណៈកម្មការ​​​ព្រំដែនទូទៅ​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ​​​កាល​​​ពីខែ​​​ធ្នូ​​​ លោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwan) រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ថៃ​​​បាន​​​លើក​​​ឡើង​​​ថា ដើម្បី​​​ជៀស​​​វាង​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​សម្លាប់​​​តាម​​​ព្រំដែន ​​​ប្រទេស​​​ទាំង​​​ពីរ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​មាន​​​ការ​​​សហការ​​​គ្នា​​​ឲ្យ​​​បាន​​​ខ្លាំង​​​​​ជាង​​​មុន​​​។

ឧត្តម​​​សេនីយ៍ ប្រាវីត បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា “ថៃ​​​មិន​​​មែន​​​មាន​​​ចេតនា​​​បាញ់​​​ប្រហារ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ឡើយ​​​ ប៉ុន្តែ វា​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ ហើយ​​​យើង​​​ចាំ​​​បាច់​​​​​​ត្រូវ​​​ការ​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ដើម្បី​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​”៕ស៊ុយ​​​ឈាង​​​​​​​​​

​​​​​​​​​