30 C
Phnom Penh

អ្នកស្រី ឡាយ​ ហួង​ ត្រូវ​បាន​​សាក​សួរ​ពី​បទ​រំលោភ​​​សេចក្តី​​ទុុក​​​ចិត្ត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ស្រី ឡាយ ហួង​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​កាលពី​ខែ​មុន​ពី​បទ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​រៀប​ផែន​ការ​​​មួួយ​​​​​ដើម្បី​រំលោភ​និង​ធ្វើ​ឃាត​​ភរិយា​និង​កូនស្រី​រប​ស់​​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ត្រូវ​បាន​សាក​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ជុំវិញ​​ពាក្យ​បណ្ដឹង​​​​​ពី​​​បទ​​រំលោភ​​សេចក្ដី​​ទុកចិត្ត​ដាច់​ដោយ​ឡែក​មួយ​ទៀត​។

អ្នក​​ស្រី​ ឡាយ​ ហួង អាយុ​៤៩​ឆ្នាំ ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ​ មាន​​ជម្លោះ​​​យ៉ាង​ខ្លាំង​ជា​មួយ​អតីត​ស្វាមី​មិន​​បាន​រៀប​ការ​របស់​អ្នក​ស្រី​ គឺ​លោក​ ខូវ​ ផល្លាបុត្រ​ ដែល​រក​ស៊ី​ខាង​គ្រឿង​សំណង់​ ត្រូវ​បាន​សាក​សួរ​ជុំ​វិញ​បណ្ដឹង​​ដែល​លោក​ ខូវ ផល្លា​បុត្រ​ បាន​ប្ដឹង​ទៅកាន់​តុលាការ​​ ដោយ​អះអាង​ថា អ្នកស្រី​ បាន​​ប្រើ​ប្រាស់​សម្ភារ​​របស់​ក្រុម​ហ៊ុន​ ខូវ ជឺលី​ គ្រុប​ ដោយ​មិន​ត្រឹម​ត្រូវ​​​​​ ​ ខណៈ​កំពុង​ឆ្ការ​រាន​ដី​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​កាលពី​ឆ្នាំ​​២០១១។

ចៅក្រម​ស៊ើប​សួរ​ ម៉ុង មុនី​​​សោភា​ បាន​មាន​ប្រសាសន៍​នៅ​តុលាការ​ថា​ “ខ្ញុំ​បាន​សាក​សួរ​គាត់​​ប្រហែល​ពីរ​ម៉ោង​នៅ​ព្រឹក​នេះ​។ វា​គឺជា​ការ​ចោទ​ប្រកាន់​ថ្មី​ដែល​ដាក់​បន្ទុក​លើ​គាត់ នៅ​ក្នុង​​ពាក្យ​​​​បណ្ត​ឹង​មួយ​​ប្តឹង​​ដោយ​​​ស្វាមី​​របស់​គាត់​”។

លោក បាន​​មាន​​ប្រសាសន៍​បន្ថែម​​ទៀត​ថា “គាត់​បាន​​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ពី​បទ​​រំលោភ​​​សេច​ក្តី​​ទុកចិត្ត​នេះ ហើយ​គាត់​បាន​​និយាយ​ថា​ គាត់​​នឹង​​ឲ្យ​​មេធាវី​​របស់​គាត់​​បញ្ជូន​ភស្តុតាង​​ [​​​ដោះបន្ទុក​​​] ​ទៅ​តុលាការ​”។

យោង​តាម​ច្បាប់​​ចម្លង​​នៃ​​​​​សេច​ក្តី​​បង្គាប់​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​របស់​តុលាការ លោក​ ខូវ ផល្លាបុត្រ​ បាន​អះ​អាង​ថា អ្នក​​ស្រី​ ឡាយ​ ហួង​ និង​​​ប្អូន​​​​​ប្រុស​របស់​អ្នកស្រី ព្រម​​ទាំង​​​អ្នក​រួម​ការ​ងារ​ម្នាក់​​​ទៀត​​​​ បាន​ទិញ​ដី​មួយ​កន្លែង​ដោយ​ប្រើ​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ ខូវ ជឺលី​ គ្រុប​ ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ឪពុក​​ដ៏​ចាស់​ជរា​ទៅ​ហើយ​របស់​លោក​ ខូវ​ ផល្លា​បុត្រ​ ហើយ​បាន​បន្ត​ប្រើ​ប្រាស់​​គ្រឿង​​ចក្រ​​របស់​​ក្រុម​ហ៊ុន​​ដើម្បី​ឆ្ការ​​​រាន​​​​ដី​នេះ​នៅ​ក្នុង​​ស្រុក​​ ពេ​ជ្រា​​ដា​។

សេច​ក្តី​បង្គាប់​នេះ​ មាន​ខ្លឹម​សារ​ដូច្នេះ​ថា​ អ្នក​ស្រី ឡាយ​​ ហួង​ និង​លោក​ ហេង​ សុខ​​ជា​ អាយុ​ ៥០​ឆ្នាំ​ ​​ដែល​​ជា​​នាយក​​​ប្រតិ​បត្តិ​​នៅពេល​នោះ​​របស់​ក្រុម​ហ៊ុន​នេះ​​ បាន​ទិញ​និង​ឆ្ការ​រាន​ដី​ដោយ​គ្មាន​​ការ​​អនុញ្ញាត​ពី​ក្រុម​ហ៊ុន​ ហើយ​បាន​លក់​ដី​មួយ​កន្លែង​នេះ​ទៅ​ឲ្យ​ លោក​ ឡាយ​ ឆាយ​ អាយុ​ ៤៤​ឆ្នាំ​ ដែល​ជា​ប្អូន​ប្រុស​​របស់​អ្នកស្រី​ ឡាយ​ ហួង។

នៅ​ខាង​ក្រៅ​បន្ទប់​របស់​ចៅ​​ក្រម​ស៊ើប​សួរ​កាលពី​ម្សិល​មិញ អ្នកស្រី ឡាយ​ ហួង​ បាន​បដិសេធ​​ថា​ មិន​​​​បាន​ប្រើ​ប្រាស់​គ្រឿង​ចក្រ​របស់​ក្រុម​ហ៊ុន​សម្រាប់​គម្រោង​ផ្ទាល់​ខ្លួន​ឡើយ​ ហើយ​ថា អ្នក​ស្រី​ ទិញ​សម្ភារ​ផ្ទាល់ខ្លួន​​​ដើម្បី​ឆ្ការ​រាន​ដី​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​នេះ​។

អ្នក​ស្រី​ បាន​និយាយ​ថា “​[លោក ផល្លាបុត្រ​] ដាក់​ពាក្យ​​ប្តឹង​​​ខ្ញុំ​ គឺ​​គ្រាន់​តែ​ចង់​ឲ្យ​ខ្ញុំ​ឆ្កួត​ប៉ុណ្ណោះ​។ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​។​ គាត់​​ដាក​​់​ពាក្យ​ប្តឹង​​ខ្ញុំ​​​គឺដើម្បី​ឲ្យ​ខ្លួន​​គាត់​បាន​សប្បាយ​ចិត្ត”។​​​​​​​

អ្នកស្រី ឡាយ​ ហួង​ ត្រូវ​បាន​​ធ្វើ​​បត្យា​​ប័ន​ពី​ប្រទេស​ថៃ​​កាលពី​ខែ​មុន​ ​បន្ទាប់​ពី​ត្រូវ​នគរ​បាល​ថៃ​​បាន​​ចាប់​ខ្លួន​​​​ពី​បទ​​ពាក់​ព័ន្ធ​នៅ​ក្នុង​​ការ​រៀប​ផែនការ​​មួយ​កាលពី​ឆ្នាំ​២០១០​ដើម្បីចូល​​ទៅ​ក្នុង​​ភូមិ​គ្រឹះ​​របស់​​លោក​ ស៊ុន ចាន់ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​ពា​ណិជ្ជ​កម្ម ហើយ​​រំលោភ​និង​ធ្វើឃាត​កូនស្រី​និង​ភរិយា​រប​ស់​​លោក​ ដែលជា​​​​​បង​ប្អូន​ស្រី​របស់​លោក​ ខូវ​ ផល្លា​បុត្រ៕​ស៊ុយ​ឈាង​​​​​​​​​​​​​​​​​

​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស