27 C
Phnom Penh

រដ្ឋ​​​មន្ត្រីក្រសួង​​​ការងារ​​​មាន​​​ប្រសាសន៍​​​ថា សហជីព​​​គ្មាន​​​ហេតុផល​​​ដែល​​​ត្រូវតវ៉ា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ លោក អិុត​​​ សំហេង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​​​​ច្រាន​​​ចោល​​​ការ​​​អះ​​​អាង​​​ដែល​​​​​​សហជីព​​​មិន​​​សប្បាយ​​​ចិត្ត​​​មួយ​​​ក្រុម​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ថា រដ្ឋាភិបាល​​​​​​ធ្វើ​​​ឲ្យ​​ខ្លួន​​​មា​​​ន​​​ការ​​​លំបាក​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ចុះបញ្ជី​​​សាខា​​​​​​សហជីព​​​នៅ​​​តាម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​បាន​​​ ហើយលោក​​​​​​បាន​​​ប្រកាស​​​ការ​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង​​​ថ្មី​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​រោង​​​ចក្រ​​​ដែល​​​មិន​​​គោរព​​​ច្បាប់​​​ ងាក​​​មក​​​​​​គោរព​​​ច្បាប់​​​ការ​​​ងារ​​​របស់​​​កម្ពុជា។

កាល​​​ពី​​​ខែ​​​មុន​​​​​​សហជីព​​​ចំនួន​​​ប្រាំ​​​បី​​​បាន​​​ធ្វើ​​​សន្និសីទ​​​កាសែត​​​រួម​​​មួយ​​​​​​ដើម្បី​​​តវ៉ា​​​ថា ក្រសួង​​​ការងារ​​​​​​បាន​​​ច្រាន​​​ចោល​​​រាល់​​​ការ​​​ដាក់​​​ពាក្យ​​​របស់​​​ខ​​​្លួន​​​ដើម្បី​​​ចុះ​​​បញ្ជី​​​សាខា​​​សហជីព​​​​​​នៅ​​​តាម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​ ហើយ​​​​​​ចោទ​​​ប្រកាន់​​​រដ្ឋាភិបាល​​​ថា បាន​​​រារាំង​​​ខ្លួន​​​តាម​​​បញ្ជា​​​របស់​​​ថៅកែ​​​រោង​​​ចក្រ​​​។

រោង​​​ចក្រ​​​ទាំង​​​នោះ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ ហើយ​​​នៅ​​​ឯ​​​សន្និសីទ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ក្រសួង​​​ការងារ​​​កាល​​​ពី​​​ម្សិលមិញ លោក អិុត​​​ សំហេង ក៏​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​នេះដែរ។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “យើង​​​គ្រាន់​​​តែ​​​ប្រមូល​​​ព័ត៌​​​មាន​​​​​​ប៉ុណ្ណោះ​​​ ហើយ​​​យើង​​​មិន​​​ទាន់​​​បាន​​​រឹត​​​បន្តឹង​​​វា​​​នៅឡើយ​​​ទេ។ នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ [២០១៤]​​​​​​ សាខា​​​ចំនួន​​​២០០​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ក្រសួង​​​ការ​​​ងារ​​​​​​មិន​​​បាន​​​និយាយ​​​លម្អិត​​​ថាតើ​​​​​​ការ​​​ដាក់​​​ពាក្យ​​​របស់​​​សហជីព​​​ណា​​​ខ្លះ​​​ក្នុង​​​ចំណោម​​​សហជីព​​​ជា​​​ច្រើន​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​អនុម័ត​​​​​​ និង​​​ថា តើ​​​ពួកគេ​​​រាប់​​​បញ្ចូល​​​​​​សហជីព​​​ណា​​​មួយ​​​ក្នុង​​​ចំណោម​​​សហជីព​​​ទាំង​​​ប្រាំបី​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ខិត​​​ខំ​​​ប្រឹង​​​របស់​​​ខ្លួន​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​រារាំង ឬយ៉ាង​​​ណា​​​នោះ​​​ទេ​​​។

សហជីពទាំង​​​នោះ​​​បាន​​​តវ៉ា​​​ថា ​​​មួយ​​​អន្លើ​​​នៃ​​​បញ្ហា​​​នេះ​​​គឺ​​​ច្បាប់​​​ថ្មី​​​ស្រេច​​​តែ​​​អំពើ​​​ចិត្ត​​​ដែល​​​តម្រូវ​​​ឲ្យ​​​តំណាង​​​សហជីព​​​នា​​​ពេល​​​អនាគត​​​មាន​​​លិខិត​​​ថ្កោល​​​ទោស​​​ស្អាត​​​ស្អំ​​​។ លោក អិុត សំហេង បាន​​​ការ​​​ពារ​​​ច្បាប់​​​នេះ ហើយ​​​​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​នឹង​​​ជួយ​​​សហជីព​​​ពាក់​​​ព័ន្ធ​​​នឹង​​​លិខិត​​​ស្នាម​​​នេះ​​​។

នៅ​​​ឯ​​​សន្និសីទ​​​នេះ​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​ ក៏​​​បាន​​​​​​ប្រកាស​​​ដែរ​​​ថា រោង​​​ចក្រ​​​កាត់​​​ដេរ​​​ចំនួន​​​៥០​​​ទទួល​​​បាន​​​ការ​​​ព្រមាន​​​ចំពោះ​​​ការ​​​បំពាន​​​ច្បាប់​​​ផ្សេង​​​ៗ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កំហុស​​​របស់​​​រោង​​​ចក្រ​​​ទាំង​​​នោះ​​​មាន​​​ខុស​​​ៗគ្នា​​​សម្រាប់​​​រោង​​​ចក្រ​​​នីមួយ​​​ៗ​​​​​​។ រោង​​​ចក្រ​​​ខ្លះ​​​​​​មិន​​​គោរ​​​ព​​​តាម​​​បទ​​​ដ្ឋាន​​​សុខភាព​​​ និង​​​អនាម័យ និង​​​លក្ខខណ្ឌ​​​ផ្សេង​​​ៗ​​​ទៀត។ [ការ​​​ព្រមាន] នេះ​​​នឹង​​​បង្ខំ​​​ឲ្យ​​​ពួកគេ​​​កែ​​​លម្អ​​​ ហើយ​​​ពួកគេ​​​បាន​​​យល់​​​ព្រម​​​កែ​​​លម្អ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​​​​ថា រោង​​​ចក្រ​​​ដែល​​​មិន​​​គោរព​​​តាម​​​ការ​​​ព្រមាន​​​នេះ​​​​​​​​​​​​​​​​​​ នឹង​​​ត្រូវ​​​ពិន័យ​​​។ រោង​​​ចក្រ​​​ដែល​​​បន្ត​​​មិន​​​កែ​​​លម្អ​​​នឹង​​​ត្រូវ​​មាន​​​ទោស​​​។ ប៉ុន្តែ លោក​​​ អិុត​​​ សំហេង បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​រោង​​​ចក្រ​​​ដែល​​​ទទួល​​​បាន​​​ការ​​​ព្រមាន​​​ទាំង​​​នោះ​​​ទេ​​​។ លោក​​​ក៏​​​មិន​​​បាន​​​បក​​​ស្រាយ​​​ថា តើ​​​ទុក​​​ពេល​​​ឲ្យ​​​ពួក​​​គេ​​​កែប្រែ​​​ឥរិយា​​​បទ​​​យូរ​​​ប៉ុណ្ណា ឬ​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ទទួល​​​ការ​​​​​​ប្រឈម​​​ការ​​​ពិន័យ​​​អ្វី​​​ខ្លះ​​​នោះ​​​ទេ​​​ ប្រសិនបើ​​​ពួក​​​គេ​​​មិន​​​កែ​​​លម្អ​​​។ លោក ហេង សួរ អ្នកនាំពាក្យ​​​ក្រសួង​​​ការងារ​​​ មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការបំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​​​​៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស