ប័ណ្ណសារ

ច្បាប់​​​ស្តី​​​ពី​​​ព័ត​​​៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​​​​ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​ពិនិត្យ​​ក្នុង​​​ពេល​​​ឆាប់​​​ៗ

By

February 13, 2015

មន្ត្រី​​​នគរ​​​បាល​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​មួយ​​​ដើម្បី​​​ការ​​​ពារ​​​ព័ត​​​៌​​​មាន​​​សម្ងាត់​​​របស់​​​រដ្ឋ បាន​​​ដំណើរ​​​ការ​​​រយៈ​​​ពេល​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​អាច​​​នឹង​​​ដាក់​​​ជូន​​​​​​ទៅ​​​ឲ្យ​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ពិនិត្យ​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​​​​​​​ទៀត​។

សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ដឹង​​​ឮជា​​លើក​​​ដំបូង​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មករា​​​ នៅ​​​ពេល​​​នគរ​​​បាល​​​ជាតិ​​​បាន​​​ប្រកាស​​​នៅ​​​លើ​​​គេហទំព័រ​​​របស់​​​ខ្លួន​​​ថា ក្រសួង​​​មហាផ្ទៃ​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​ព្រាង​​​ច្បាប់​​​នេះ​​​។ ព័ត​​​៌មាន​​​បង្ហោះ​​​លើ​​​គេ​​​ហទំព័​​​រនេះ​​​បាន​​​បញ្ជាក់​​​ថា ច្បាប់​​​នេះ​​​មាន​​​បំណង​​​ការ​​​ពារ​​​ “ព័ត​​​៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​ដើម្បី​​​ធានា​​​ថា ភាព​​​សម្ងាត់​​​របស់​​​ជាតិ​​​​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​យ៉ាង​​​តឹង​​​រឹុង​​​”។

ឧត្តម​​​សេនីយ៍ឯក គៀត​​​ ច័ន្ទ​​​ថារិទ្ធ អ្នកនាំពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​​​​​​ក្រសួង​​​បាន​​​ដំណើរ​​​ការ​​​ព្រាង​​​ច្បាប់​​​នេះ​​​ជាង​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ​​​។លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា មួយ​​​ខែ​​​ពី​​​រ​​​ខែ​​​ទៀត​​​ សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​នឹង​​ត្រូវ​​​អនុម័ត​​​ដោយ​​​ក្រសួង ​​​រួច​​​បញ្ជូន​​​ទៅ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ច្បាប់​​​នេះ​​​ត្រូវ​​​បាន​​​តាក់​​​តែង​​​ឡើង​​​ដើម្បី​​​ការ​​​ពារ​​​ “ព័ត​​​៌មាន​​​សម្ងាត់​​​” របស់​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​បន្ត​​​ថា “វា​​​ពាក់​​​ព័ន្ធ​​​នឹង​​​ព័ត៌មាន​​​ដែល​​​មិន​​​ត្រូវ​​​បាន​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​។ ឧទាហរណ៍​ដូច​ជា​ព័ត​​​៌មាន​​​សម្ងាត់​​​ពាក់​​​ព័ន្ធ​​​នឹង​​​សន្តិសុខ ការ​ការ​​​ពារ​​​ជាតិ សេដ្ឋកិច្ច​​​ បរិស្ថាន​​​ជា​ដើម​”។

អ្នកនាំ​​​ពាក្យ​​​រូប​​​នេះបាន​​​ពន្យល់​​​ថា ច្បាប់​​​នេះ​​​រួម​​​មាន​​​ បទប្បញ្ញត្តិ​​​​​​អនុ​​​ញ្ញាត​​​ឲ្យ​​​រដ្ឋាភិបាល​​​ផ្តន្ទាទោស​​​ជន​​​ណា​​​ដែល​​​លាត​​​ត្រដាង​​​ព័ត​​​៌មាន​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​​​​ថា​​​ជា​​​ព័ត៌​​​មាន​​​សម្ងាត់ ប៉ុន្តែ បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​ចាំ​​​សេចក្តី​​​លម្អិត​​​ទេ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក ខៀវ សុភ័គ អ្នកនាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​របស់​​​លោក​​​មិន​​​ទាន់​​​បាន​​​ចាប់​​​ផ្តើម​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​ សូម្បី​​​តែ​​​នៅ​​​លើ​​​ក្រដាស​​​ក៏​​​មិនទាន់​​​ដែរ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ការងារ​​​នេះ​​​​​​មិនទាន់​​​ចាប់​​​ផ្តើម​​​នៅ​​​ឡើយ​​​ទេ​​​​​​​​​​​​ យើង​​​គ្រាន់​​​តែ​​​គិត​​​ទុក​​​ប៉ុណ្ណោះ​​​”។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា គណៈកម្មការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក៏​​​មិន​​​ទាន់​​​បាន​​​បង្កើត​​​ឡើង​​​ដែរ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្មាន​​​វិធាន​​​ការ​​​ជាក់​​​លាក់​​​ទេ​​​។ យើង​​​គ្រាន់​​​តែ​​​គិត​​​ទុក​​​ក្នុង​​​​​​ចិត្ត​​​ប៉ុណ្ណោះ​ថា យើង​​​គួរ​​​តែ​​​មាន​​​ច្បាប់​​​នេះ​​​នៅ​ពេល​​​អនាគត​​​”។

ដោយ​​​បន្ទរ​​​តាម​​​​​​ការ​​​លើក​​​ឡើង​​​របស់​​​ឧត្តម​​​សេនីយ៍​​​ឯក​​​ គៀត ច័ន្ទថារិទ្ធ លោក​​​បាន​​​មានប្រសាសន៍​​​ថា ច្បាប់​​​នេះ​​​មាន​​​បំណង​​​ការ​​​ពាររាល់​​​ “ព័ត​​​៌​​​មាន​​​សម្ងាត់​​​របស់​​​រដ្ឋ” ប៉ុន្តែ ​​​លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​លម្អិត​​​ទេ។

លោក​​​បាន​​​លើក​​​ឡើង​​​ថា “ប្រទេស​​​ជា​​​ច្រើន​​​មាន​​​ច្បាប់​​​នេះ ដូច្នេះ​​​កម្ពុជា​គួរ​​​តែ​​​មាន​​​ច្បាប់​​​នេះ​​​ដើម្បី​​​ការ​​​ពារ​​​ផល​ប្រយោជន៍​​​របស់​​​ជាតិ​​​”។

ព័ត​​​៌មាន​​​ដែល​​​បង្ហោះ​​​នៅ​​​លើ​​​គេហទំព័រ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ខែ​​​មុន​​​ លើក​​​ឡើង​​​ថា មន្ត្រី​​​រដ្ឋាភិបាល​​​ជាន់​​​ខ្ពស់​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀត​​​ណាម​​​ដើម្បី​​​ធ្វើ​​​វិធី​​​ព្រាង​​​ច្បាប់​​​នេះ​​​។

អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយដែល​​​ប្រទេស​​​វៀតណាម​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​ចំពោះ​​​ការ​​​បែង​​​ចែក​​​ព័ត​​​៌​​​មាន​​​យ៉ាង​​​ទូលំទូលាយ​​​ថាជា​​​ព័ត៌មាន​​​សម្ងាត់ និង​​​ ចំពោះ​ការ​​​ប្រើ​​​ប្រាស់​​​ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​ដើម្បី​​​ចាប់​​​អ្នកប្រឆាំង​​​ដាក់​​​ពន្ធនាគារ។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ អាជ្ញាធរ​​​វៀតណាម​​​​​​បាន​​​បិទ​​​គេហទំព័រ​​​របស់​​​កាសែត Nguoi Cao Tuoi ដែល​​​មាន​​​ឈ្មោះ​​​ល្បី​​​ល្បាញ​​​ដោយ​​​សារ​​​ការ​​​បោះ​​​ពុម្ព​​​ផ្សាយ​​​រឿង​​​រ៉ាវ​​​ស្តី​​​ពី​​​អំពើ​​​ពុក​​​រលួយ នេះ​​​បើ​​​យោង​​​តាម​​​អត្ថបទ​​​មួយ​​​បង្ហោះ​​​លើ​​​គេហទំព័រ​​​ជា​ភាសា​​​អង់គ្លេស​​​របស់​​​ Thanh Nien ដែល​​​ជា​​​កាសែត​​​មួយទៀត​​​របស់​​​វៀតណាម​​​។

​​​​​​​​​​​​ ​​​អត្ថបទ​​​នេះ​​​បាន​​​ចុះ​ផ្សាយ​ថា ពួក​គេ​ក៏​បាន​ដក​ហូត​សារតាំង​របស់​ព័ត៌មានរបស់​និពន្ធនាយក​នៃកាសែត​នេះ​ដែរ។

យោង​​​តាម​​​កាសែត​​​វៀតណាម​​​មួយទៀត​​​ឈ្មោះ​​​ថា Tuoi Tre បាន​​​ឲ្យ​​​ដឹង​​​ថា កាសែត​​​ Nguoi Cao Tuoi ត្រូវ​​​បាន​​​ពិន័យ​​​ចំពោះ​​​ការ​​​ចុះ​​​ផ្សាយ​​​អត្ថបទ​​​ “លាត​​​ត្រដាង​​​ព័ត៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ”។

លោក ព្រាប កុល​​​ នាយក​​​ប្រតិបត្តិ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា បាន​​​ចាត់​​​ទុក​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​វៀត​​ណាម​​​នៅ​​​ក្នុង​​​ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​​​​របស់​​​រដ្ឋ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ថា​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ។

លោក​​​លើក​​​ឡើង​​​ថា អង្គការ​​​របស់​​​លោក​​​គ្មាន​​​សេចក្តី​​​លម្អិត​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ទេ ហើយ​​​ថា លោក​​​កំពុង​​​សហការ​​​ជា​​​មួយ​​​អង្គការ​​​សង្គម​​​ផ្សេង​​​ៗ​​​ទៀត​​​ដើម្បី​​​ស្វែង​​​រក​​​ព័ត៌មាន​​​បន្ថែម​​​ស្តី​​​ពី​​​ច្បាប់​នេះ​។

លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា “ក្តី​​​បារម្ភ​​​ទី​១​គឺ​​​ថា យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ដឹង​​​ថា វិស័យ​​​ណា​​​ខ្លះ​​​ដែល​​​រដ្ឋាភិបាល​​​កំណត់​​​ថា​ជា​​​ព័ត៌មាន​​​សម្ងាត់​​​”។

លោក ព្រាប​​​ កុល​​​ បាន​​​បន្ត​​​ថា ខណៈ​​​លោក​​​មិន​​​ជំទាស់​​​នឹង​​​ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​របស់​​​រដ្ឋ​​​​​​​​​ដាច់​ខាត​ដំណើរ​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​គួរ​​​តែ​​​ចំហ និង​​​មាន​​​​​​តម្លាភាព​​​។ លោក​​​លើក​​​ឡើង​​​ថា “ប្រជា​​​ពល​​​រដ្ឋ​​​យល់​​​ពី​​​តម្រូវ​​​ការ​​​ច្បាប់​​​ដែល​​​អាច​​​​​​ការ​​​ពារ​​​ផល​​​ប្រយោជន៍​​​របស់​​​ប្រទេស​​​បាន​​​។ ប៉ុន្តែ យើង​​​ចង់​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ច្បាប់​​​ស្តី​​​ពី​​​ព័ត៌មាន​​​សម្ងាត់​​​​​​របស់​​​រដ្ឋ មិន​​​​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​សិទ្ធិ​​​របស់​​​ពល​​​រដ្ឋ​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​សេរីភាព​​​ព័ត៌មាន​​​”។

ចំណែកឯ​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​៕សុខុម​​​