41.3 C
Phnom Penh

និស្សិត​មួយ​ក្រុម​សង្ឃឹម​ថា​ទេសចរ​អាច​បញ្ឈប់​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​សាកល​វិទ្យាល័យ​មួយ​ក្រុម​មកពី​ក្រុង​ភ្នំពេញ​ដែល​ប្រឆាំង​នឹង​គម្រោង​ទំនប់​វារីអគ្គិសនី​នៅ​ខេត្ត​កោះកុង បាន​ចូល​ការដ្ឋាន​សំណង់​របស់​គម្រោង​នេះ​កាលពី​ថ្ងៃ​អាទិត្យ​ដើម្បី​សិក្សា​រយៈ​ពេល​១០​ថ្ងៃ ក្នុង​បំណង​លើក​បង្ហាញ​តំបន់​នេះ​ដែល​មាន​សក្តានុពល​សម្រាប់​ទេសចរណ៍​ធម្មជាតិ។

ដំណើរ​សិក្សា​នេះ​ធ្វើ​ឡើង​ចំពេល​មាន​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​មិន​បន្ត​ទិដ្ឋាការ​របស់​អ្នក​ប្រឆាំង​ម្នាក់​ក្នុង​ចំណោម​អ្នក​ប្រឆាំង​នឹង​ការ​សង់​ទំនប់​ចេញ​មុខ​បំផុត គឺ​ជនជាតិ​អេស្ប៉ាញ លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន ជា​ទង្វើ​មួយ​ដែល​នឹង​បង្ខំ​ឲ្យ​សកម្មជន​និយាយ​ឥត​សំចៃ​រូប​នេះ​ចេញពី​ប្រទេស​កម្ពុជា។

លោក មឿង សូនី ​ជា​និស្សិត​ឆ្នាំ​ទី​១​សិក្សា​មុខ​វិជ្ជា​ទំនាក់​ទំនង​អន្តរជាតិ បាន​និយាយ​ថា លោក​និង​និស្សិត​ប្រាំពីរ​នាក់​ដែល​មាន​ចិត្ត​គំនិត​ដូចគ្នា រៃ​អង្គាស​ប្រាក់​បាន​១.៩០០​ដុល្លារ​ពី​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ដែល​ជា​អង្គការ​ក្នុង​ស្រុក និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​ការ​សិក្សា​អំពី​តំបន់​អារ៉ែង។

បើ​ទទួល​បាន​ភ្លើង​ខៀវ ទំនប់​វារីអគ្គិសនី​ស្ទឹងឆាយ​អារ៉ែង​នឹង​បង្ក​ការ​ជន់​លិច​ផ្ទៃដី​ជិត​១០.០០០​ហិកតា ក្នុង​នោះ​មាន​ទាំង​ជម្រក​សត្វ​រង​ការ​គំរាម​កំហែង​ប្រហែល​៣០​ប្រភេទ​លើ​ពិភព​លោក និង​ដី​ដូនតា​នៃ​សហគមន៍​គ្រួសារ​ជនជាតិ​ភាគ​តិច​ជង​ផង​ដែរ។

និស្សិត សូនី បាន​និយាយ​ថា “យើង​ចង់​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ទេសចរណ៍​ធម្មជាតិ។ អារ៉ែង​ជា​កន្លែង​ស្រស់​ស្អាត​មាន​សត្វ​ព្រៃ​និង​ព្រៃ​ព្រឹក្សា។ ទំនប់​នេះ​នឹង​នាំ​មក​នូវ​ប្រាក់​ចំណូល ប៉ុន្តែ​ទំហំ​នៃ​ការ​បំផ្លាញ​នឹង​ធំធេង​ណាស់។ អ្វី​ដែល​យើង​ព្រួយ​បារម្ភ​បំផុត​នោះ គឺ​មនុស្ស​ដែល​រស់​នៅ​ទីនោះ”។

កាំង ហេង ជា​និស្សិត​ឆ្នាំ​ទី​៤​ផ្នែក​គ្រប់គ្រង​ទេសចរណ៍​បាន​និយាយ​ថា ក្រុម​នេះ​នឹង​ប្រើ​ឧបករណ៍​ជីភីអេស​ដើម្បី​រៀបចំ​ផ្លូវ​ធ្វើ​ដំណើរ កន្លែង​ទឹក​ធ្លាក់ និង​កន្លែង​ចាប់​អារម្មណ៍​មាន​សក្តានុពល​ផ្សេងទៀត​សម្រាប់ទេសចរ​អនាគត។

ក្រុម​និស្សិត​បាន​និយាយ​ថា ពួក​ខ្លួន​ធ្លាប់​ស្គាល់​តំបន់​នេះ​ច្បាស់ ដោយ​ក្នុង​ពេល​កន្លង​ធ្លាប់​បាន​ចូលរួម​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​សាង​សង់​ទំនប់​នេះ​ជាមួយ​អង្គការ​មាតា​ធម្មជាតិ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​លោក ហ្គន់ហ្សាឡេស ដាវីដ​សុន ធ្វើ​ជា​សហ​ស្ថាបនិក​ជួយ​គ្រួសារ​ជនជាតិ​ជង​ក្នុង​តំបន់​នោះ ​ដើម្បី​ឲ្យ​គេ​លុប​គម្រោង​នោះ​ចោល។

នៅ​ខែ​កញ្ញា​ឆ្នាំ​មុន លោក ហ្គន់ហ្សាឡេស ដាវីដ​សុន និង​សកម្មជន​មាតា​ធម្មជាតិ​ប្រហែល​១០​នាក់​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​មួយ​រយៈ​ពេល​ខ្លី​នៅ​ខេត្ត​កោះកុង បន្ទាប់ពី​បាន​បិទ​ផ្លូវ​ចូល​ភូមិ ពេលដែល​មន្ត្រី​រដ្ឋាភិបាល​មួយ​ក្រុម​ធ្វើ​ដំណើរ​តាម​រថយន្ត​មក​ដល់ ដោយ​សង្ឃឹម​ថា​នឹង​ជួប​ជាមួយ​ក្រុម​គ្រួសារ​ជង។

កាលពី​ថ្ងៃ​អាទិត្យ ក្រសួង​មហាផ្ទៃ​បាន​និយាយ​ថា អំពើ​បែប​នេះ​បាន​ធ្វើ​ឲ្យ​លោក ហ្គន់ហ្សាឡេស ដាវីដ​សុន បាត់បង់​ទិដ្ឋាការ​ថ្មី។

លោក សុខ ផល ប្រធាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហា​ផ្ទៃ បាន​និយាយ​ថា ទិដ្ឋាការ​សព្វថ្ងៃ​របស់​គាត់​ដែល​ផុត​កំណត់​នៅ​ថ្ងៃ​សុក្រ នឹង​មិន​បន្ត​ឲ្យ​ទៀត​ទេ។

លោក​បាន​និយាយ​ថា “យើង​[នឹង]​បញ្ចប់​ទិដ្ឋាការ​នេះ ពីព្រោះ​យើង​មាន​ការ​តវ៉ា​ពី​អាជ្ញាធរ​កោះកុង”ទាក់ទិន​នឹង​ការ​បិទ​ផ្លូវ។ ជន​នេះ​[មិន]​ស្តាប់​អាជ្ញាធរ​ទេ។ ប្រសិនបើ​អ្នក​បិទ​ផ្លូវ ហើយ​អាជ្ញាធរ​មិន​អាច​ទៅ​ធ្វើ​ការ​កើត តើ​យើង​អាច​ធ្វើ​ផ្សេងទៀត​បាន?។

លោក ហ្គន់ហ្សាឡេស ដាវីដ​សុន ដែល​និយាយ​ភាសា​ខ្មែរ​រអិល​នោះ បាន​និយាយ​ថា លោក​ជឿ​ជាក់​ថា រដ្ឋាភិបាល​មិន​ព្រម​បន្ត​ទិដ្ឋាការ​របស់​លោក ពីព្រោះ​អង្គការ​នេះ​មាន​ជោគជ័យ​ក្នុង​ការ​បញ្ឈប់​គម្រោង​ទំនប់​នេះ។

លោក​បាន​និយាយ​ថា “ខ្ញុំ​ចាត់ទុក​ខ្លួន​ឯង​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដូច្នេះ ខ្ញុំ​គ្មាន​បំណង​អ្វី​ចាកចេញ​ឡើយ។ ពួកគេ​គ្មាន​ជម្រើស ក្រៅតែពី​បណ្តេញ​ខ្ញុំ​ទាំង​បង្ខំ ដែល​តាម​ការ​យល់​របស់​ខ្ញុំ ​នឹង​ជួយ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ច្រើន​ទៀត​អំពី​ចរិត​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​នេះ។ តាម​ទស្សនៈ​របស់​ខ្ញុំ ប្រទេស​កម្ពុជា គ្មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ទាល់​តែ​សោះ ហើយ​ការ​បណ្តេញ​ខ្ញុំ​ចេញ​ទាំង​ខុស​ច្បាប់​នឹង​រឹត​តែ​បង្ហាញ​ច្បាស់​ថែម​ទៀត”។

នៅ​ពេល​ត្រូវ​សួរ​ថាតើ​លោក ហ្គន់ហ្សាឡេស ដាវីដ​សុន បាន​ល្មើស​ច្បាប់​ណាមួយ​នោះ លោក​ឧត្តម​សេនីយ៍ សុខ ផល បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ លោក​បាន​និយាយ​ថា លោក​គ្រាន់តែ​ធ្វើ​តាម​បញ្ជា និង​បាន​បង្វែរ​សំណួរ​ទៅ​លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ដែល​មិន​អាច​ទាក់ទង​បាន។

រដ្ឋាភិបាល​និយាយ​ថា ការ​សាងសង់​ទំនប់​នេះ​នឹង​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​បន្ត​បន្ទាប់ពី​មាន​ការ​វាយ​តម្លៃ​ហ្មត់ចត់​អំពី​ផល​ប៉ះពាល់​សង្គម​និង​បរិស្ថាន​ដែល​កំពុង​ធ្វើ​ប៉ុណ្ណោះ៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស