ការដឹកជញ្ជូននៅកំពង់ផែស្វយ័តក្រុងភ្នំពេញ បានកើនឡើង២១ភាគរយក្នុងឆ្នាំ២០១៤ នេះបើយោងតាមតួលេខថ្មីបំផុតរបស់រដ្ឋាភិបាលស្តីពីចំនួនកុងតឺន័រស្តង់ដារ ដែលបានឆ្លងកាត់កំពង់ផែដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូននេះ។
មន្ត្រីកំពង់ផែមួយរូបដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ចំនួនសរុបនៃកុងតឺន័រចេញចូលកំពង់ផែនេះ បានកើនឡើងពី១១០.៥០០កុងតឺន័រក្នុងឆ្នាំ២០១៣ ដល់១៣៣.៦៦៦កុងតឺន័រកាលពីឆ្នាំមុន។
ប្រភពដដែលបានលើកឡើងថា ភាគច្រើននៃកុងតឺន័រដែលបានចាកចេញពីកំពង់ផែនេះគឺដឹកសម្លៀកបំពាក់ អង្ករ និងផលិតផលកសិកម្មផ្សេងៗទៀត ហើយបានដឹកឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។
ទំនិញដែលត្រូវបាននាំចូលភាគច្រើនរួមមានវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា រួមជាមួយផលិតផលប្រើជាលក្ខណៈគ្រួសារ និងឧស្សាហកម្ម សម្ភារសំណង់ និងគ្រឿងបន្លាស់យានយន្ត។
លោក កង ច័ន្ទតារារ័ត្ន នាយកវិទ្យាស្ថានកម្ពុជាដើម្បីការអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ការកើនឡើងនូវការដឹកជញ្ជូនឆ្លងកាត់កំពង់ផែនេះ មួយផ្នែកធំទំនងជាដោយសារការរើបឡើងនូវកំណើនសេដ្ឋកិច្ចនៅបរទេស។
លោកបានមានប្រសាសន៍ទៀតថា “កំណើននេះចេញពីទីផ្សារអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ជាកន្លែងដែលស្ថានភាពសេដ្ឋកិច្ចកំពុងល្អប្រសើរ”៕សុខុម