31 C
Phnom Penh

​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ស្នើ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃអង្គ​​​ចៅ​​​ក្រមពិនិត្យ​​​សំណំុ​​​រឿង​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​លោក​​​ ថោង សារ៉ាត់​​​ ឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​រិះ​​​គន់ចៅ​​​ក្រម​​​តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ដែល​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ​​​​​​ឪពុក​​​ម្តាយរបស់​​ជន​​​រត់គេច​​​ខ្លួន ​​​ថោង សារ៉ាត់​​ ដែលត្រូវ​​​ប៉ូលិស​​​តាម​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ផ្តើម​​​គំនិត​​​បាញ់​​​សម្លាប់​​​ឧកញ៉ា​​​ អ៊ឹង​​ ម៉េងជឺ ដោយស្នើ​​​សំុ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​ពិនិត្យ​​​សំណំុ​​​រឿងឃាតកម្ម​​​នេះ។

​​​​​​ថ្លែងនៅ​​​​​​ក្នុង​​​ពិធី​​​ចែក​​​សញ្ញាបត្រដល់​​​​​​និស្សិត​​​​​​​​​នៅ​​​ឯវិទ្យា​​​ស្ថាន​​​ជាតិ​​​អប់​​​រំ​​​កាល​​​ពី​​​ព្រឹក​​​មិញ​​​នេះ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​“ខ្ញំុ​​​អំពាវនាវ​​​ឧត្តម​​​ក្រុម​​​ប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​ ដើម្បី​​​ពិនិត្យ​​​ករណី​​​ទាក់ទង​​​ជាមួយ​​​នឹង​​​សំណំុ​​​រឿង​​​បទ​​​ឧក្រិដ្ឋ​​​កម្ម​​​ឃាត​​​កម្ម​​​នៅ​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​។ រឿងនេះ​​​មិន​​​ធម្មតា​​​ទេ”។

លោក​​​ ហ៊ុន សែន​ ​​បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ទៀត​​​ថា​​​ “រាជរដ្ឋាភិបាល​​​ប្រឹង​​​ដុត​​​ដៃ​​​ដុត​​​ជើង បញ្ជា​​​កម្លាំង​​​ដើម្បី​​​តាម​​​រក​​​​​​ឃាតករ​​​សម្លាប់​​​ឧកញ៉ា អ៊ឹង ម៉េងជឺ ទី​បំផុត​​​យើង​​​ចាប់​​​បាន​​​មួយ​​​សំបុក​​​ ប៉ុន្តែ​​​រឿង​​​ដែល​​​មិន​​​យល់​​​ នៅត្រង់​​​ថា​​​ឲ្យ​​​ឪពុក​​​ម្តាយ​​​របស់​​​មេ​​​ក្លោង​​​ដែល​​​បញ្ជា​​​ឃាតករ​​​ ដែល​​​ជាប់​​​ពិរុទ្ធភាពលើ​​​បទ​​​ចោទ​​​នេះ ឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ។ ហើយ​​​នៅ​​​ក្រៅ​​​ឃំុ​​​នេះ​​​ បើ​​​ធ្វើ​​​ត្រូវ​​​នីតិ​​​វិធី​​​ មិន​​​អី​​​ទេ​​​ ប៉ុន្តែ​​​វា​​​ខុស​​​នីតិ​​​វិធី​​​ទៅ​​​ទៀត”។

ចៅ​​​ក្រម​​​តុលាការ​​​ក្រុង​​​ភ្នំពេញកាល​​​ពី​​​ថ្ងៃ​​​ទី៧​​​ខែ​​​កុម្ភៈ បាន​​​ដោះលែង​​​លោក​​​ថោង​​​ ចំរើន​​​ ជាឪពុក​​​របស់​​​លោក​​​ ថោង​​​ សារ៉ាត់ និង​​​ម្តាយរបស់​​​គាត់គឺ​​​អ្នក​​​ស្រី​​​ កែវ​​​ សាវី​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃំុ។ ពួកគេ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​​​​ពី​​​បទ​​​កាន់​​​កាប់​​​អាវុធ​​​ខុស​​​ច្បាប់កាល​​​ពី​​​ថ្ងៃទី​​​៧​​​ខែ​​​ធ្នូ  បន្ទាប់​​​ពី​​​ប៉ូលិស​​​បាន​​​​​​ឆែកឆេរ​​​គេហដ្ឋាន​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ​​​របស់ពួកគេ​​​ ហើយ​​​បាន​​​រក​​​ឃើញ​​​អាវុធ​​​និង​​​គ្រាប់កាំ​​​ភ្លើង​​​ជា​​​ច្រើន​​​។​​​

តុលាការ​​​ក្រុង​​​ភ្នំពេញ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​បាន​​​សម្រេច​​​ឃំុ​​​ខ្លួន​​​ឪពុក​​​ម្តាយ​​​របស់​​​លោក ​​​ថោង សារ៉ាត់​​​សាជាថ្មី នៅ​​​ក្នុង​​​ពន្ធនាគារ​​​ព្រៃស បន្ទាប់​​​ពី​​​​​​​​​​​​​​​​​ប៉ូលិស​​​បានចាប់ខ្លួនពួកគេ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃវែង​​​តាមផ្លូវ​​​ជាតិ​​​លេខ​​​១​​​ ក្នុង​​​ពេល​​​ដែល​​​ពួកគេធ្វើ​​​ដំណើរ​​​តាម​​​រថយន្ត​​​ពេទ្យ​​​ឆ្ពោះ​​​ទៅ​​​កាន់​​​ប្រទេស​​​វៀតណាម។

លោក​​​ ថោង​​​ សារ៉ាត់​​​ ដែលត្រូវ​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ប​​​ញ្ជា​​​អង្គ​​​រក្សរបស់​​​លោក​​​​​​បាញ់​​​សម្លាប់​​​ឧកញ៉ា​​​អ៊ឹង​​​ ម៉េងជឺ​​​ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ កំពុង​​​រត់គេច​​​ខ្លួន​​​នៅ​​​ឡើយ៕

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស