ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងបង្កើនចំនួនទ្វេដងនូវពលករខ្មែរចំណាកស្រុកដែលទទួលបានការអនុញ្ញាតឲ្យធ្វើការនៅវិស័យរោងចក្រ សំណង់និងកសិកម្មរបស់ប្រទេសនេះរាល់ឆ្នាំ។
យោងតាមក្រុមមន្ត្រីស្ថានទូតបានឲ្យដឹងថា សព្វថ្ងៃមានពលករខ្មែរជាង៣៥.០០០នាក់កំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង ដែលផ្ញើប្រាក់មកស្រុកវិញប្រហែល២០០លានដុល្លាររាល់ឆ្នាំ។ កាលពីឆ្នាំមុន រដ្ឋាភិបាលក្រុងសេអ៊ូល បានកំណត់ចំនួនការអនុញ្ញាត៤.៦០០សម្រាប់ពលករខ្មែរឲ្យចូលប្រទេសនេះ។
បន្ទាប់ពីកិច្ចប្រជុំដំបូងនៅសភាជាតិ រវាងលោក គីម វ៉ន ជីន (Kim Weon-jin) ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា និងលោក ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃច័ន្ទ លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យរបស់លោក ហេង សំរិន បាននិយាយថា កូរ៉េខាងត្បូងបានយល់ព្រមចាប់ផ្តើមទទួលយកពលករខ្មែរកើនឡើងចំនួនទ្វេដង។
លោក ពិសិដ្ឋ បានដកស្រង់សម្តីលោក គីម ដែលនិយាយក្នុងកិច្ចប្រជុំបិទទ្វារថា “ឥឡូវនេះ រដ្ឋាភិបាលកូរ៉េ បានសម្រេចបង្កើនចំនួនពលករទ្វេដង”។
លោកស្រី គីម ហ៊ីវ៉ន (Kim Hye-won) លេខាទី២នៅស្ថានទូតកូរ៉េខាងត្បូងក្នុងក្រុងភ្នំពេញបាននិយាយថា នៅពេលដែលកូតាចុងក្រោយនេះមិនទាន់សម្រេចនៅឡើយនោះ គេរំពឹងថានឹងកើនចំនួនយ៉ាងច្រើន។
លោកស្រី គីម បាននិយាយថា “ចំនួនជាក់លាក់មិនទាន់ដឹងនៅឡើយទេ តែនឹងចេញឲ្យដឹងក្នុងពេលឆាប់ៗ ប៉ុន្តែយោងតាមការយល់ដឹងរបស់យើង ចំនួនពលករនឹងកើនឡើងច្រើនសម្បើម”។ លោកស្រីបានបន្ថែមទៀតថា ចំនួនការអនុញ្ញាតមានការប្រែប្រួលរាល់ឆ្នាំអាស្រ័យលើតម្រូវការក្នុងវិស័យឧស្សាហកម្មកូរ៉េខាងត្បូង។
លោកស្រីបានបន្ថែមថា “រដ្ឋាភិបាលកម្ពុជាបានសំដែងបំណងបង្កើនចំនួនពលករជាច្រើនលើក ហើយរដ្ឋាភិបាលកូរ៉េបានយកបញ្ហានេះទៅពិចារណារួចហើយ”។
ប៉ុន្តែយោងតាមអង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ (Amnesty International) ឲ្យដឹងថា ពលករចំណាកស្រុកជាច្រើននាក់ដែលបានទៅធ្វើការក្នុងឧស្សាហកម្មកសិកម្មរបស់ប្រទេសកូរ៉េខាងត្បូង ទទួលរងការរំលោភបំពាន។
ក្នុងរបាយការណ៍មួយកាលពីឆ្នាំមុន អង្គការសិទ្ធិមនុស្សនេះបាននិយាយថា ពលករក្នុងឧស្សាហកម្មនេះ ក្នុងនោះមានពលករជាច្រើននាក់មកពីប្រទេសកម្ពុជាផង បានទទួលប្រាក់ខែទាបនិងរងការកេងប្រវ័ញ្ចតាមរយៈកិច្ចសន្យា ដែលបង្ខំពួកគេឲ្យធ្វើការលើសម៉ោងហួសប្រមាណ និងរស់ក្នុងស្ថានភាពស្មោកគ្រោក។
ក្រៅពីការរំពឹងលើកំណើនចំនួនពលរដ្ឋខ្មែរទៅកូរ៉េខាងត្បូង លោកស្រី គីម បាននិយាយថា ទំនាក់ទំនងផ្សេងទៀតក៏កើតមានដែរ។ លោកស្រីបាននិយាយថា កូរ៉េខាងត្បូង ដែលសព្វថ្ងៃជួលអគារធ្វើស្ថានទូតរបស់ខ្លួនក្នុងក្រុងភ្នំពេញ កំពុងសាងសង់ស្ថានទូតថ្មីលើកោះពេជ្រ។
លោកស្រីបាននិយាយថា “ប្រទេសកម្ពុជាជាប្រទេសសំខាន់មួយ ហើយវត្តមានរបស់កូរ៉េកាន់តែច្រើនឡើងនៅទីនេះ ដូច្នេះយើងគិតថា យើងត្រូវការស្ថានទូតរបស់យើងផ្ទាល់ដើម្បីឆ្លុះបញ្ចាំងកិច្ចការនេះ”។ លោកស្រីបានបន្ថែមថា ប្រទេសកូរ៉េក៏កំពុងពិចារណាបើកស្ថានកុងស៊ុលមួយនៅខេត្តសៀមរាបដែរ។
នៅរវាងខែមករានិងខែវិច្ឆិកាឆ្នាំមុន ទេសចរកូរ៉េខាងត្បូងមានចំនួន៣៨៧.០០០នាក់បានមកទស្សនាប្រទេសកម្ពុជា ពោលគឺជិត១០ភាគរយនៃទេសចរទាំងអស់៕ (រាយការណ៍បន្ថែមដោយ Maria Paula Brito) មានិត