28.4 C
Phnom Penh

គណបក្ស​​​ទាំង​​​ពីរខ្វែង​​​គំនិត​​​គ្នា​​​ជុំវិញ​​​បម្រាម​​​ “ប្រមាថ​​​” ការ​​​បោះ​​​ឆ្នោត​​​ ដោយ​​​លោក​​​ សម រង្ស៊ី ចង់​​​ឲ្យ​​​ប្រើ​​​ពាក្យ​​​ថ្មី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វិសាល​​​ភាព​​​នៃ​​​បម្រាម​​​ដ៏​​​ច​​​ម្រូង​​​ចម្រាស​​​លើ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ “ប្រមាថ​​​” គណបក្ស​​​នយោបាយ​​​នៅ​​​ក្នុង​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បន្ត​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ខ្វែង​​​គំនិត​​​គ្នា​​​ អំឡុង​​​ពេល​​​ចរចា​​​ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​បោះ​​​ឆ្នោត​​​របស់​​​ប្រទេស ដោយ​​​ក្រុម​​​ចរចា​​​បាន​​​សម្រេច​​​​បញ្ជូន​​​បញ្ហា​​​នេះ​​​ទៅឲ្យ​​​​​​មេ​​​ដឹក​​​នាំ​​​បក្ស​​​របស់​​​ពួកគាត់​​​ដោះស្រាយ​​​​​​។

លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​ពេល​​​នេះ​​​នឹង​​​ពិភាក្សា​​​អំពី​​​បម្រាម​​​​​​​​​នេះ​​​ជា​​​មួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​ថា​​​ “​​​ប្រមាថ​​​” ប្រហែល​​​ជា​​​ត្រូវ​​​លុប​​​ចេញ​​​ដោយ​​​ប្រើ​​​ពាក្យ​​ផ្សេង​​​ជំនួស​​​​​​​​​ដែល​​​មិន​​​គម្រាម​​​រារាំង​​​ការ​​​រិះ​​​គន់​​​ជា​​​សាធារណៈ​​​។

លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី ប៊ិន ឈិន និង​​​លោក​​​ គួយ​​​ ប៊ុនរឿន មន្ត្រី​​​ជាន់​​​ខ្ពស់​​​របស់​​​គណបក្ស​​​ប្រឆាំង ​​​​​​បាន​​​ដឹក​​​នាំ​​​ក្រុម​​​ចរចា​​​ទាំង​​​ពីរ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​ច្បាប់​​​​​​នេះ​​​ ហើយ​​​បាន​​​រួប​​​រួម​​​គ្នា​​​ដើម្បី​​​ដាក់​​​បញ្ចូល​​​​​​​​​​​​បម្រាម​​​លើ​​​ការ​​​ប្រមាថ​​​ដែល​​​លោក​​​ទាំង​​​ពីរ​​​មាន​​​ប្រសាសន៍​​​ថា នឹង​​​ធ្វើ​​​ឲ្យ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មាន​​​អព្យាក្រឹតភាព​​​។

ប៉ុន្តែ លោក គួយ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ព​ី​​​ការ​​​ចរចា​​​នៅ​​​ឯ​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​​​ម្សិល​​​មិញ​​​ថា ពេល​​​នេះ​​​គណបក្ស​​​កាន់​​​អំណាច​​​កំពុង​​​ជំរុញ​​​ឲ្យ​​​ចេញ​​​បម្រាប​​​នេះ​​​ដើម្បី​​​អនុវត្ត​​​ក្រោយការ​​​បោះ​​​ឆ្នោត​​​ អំឡុង​​​រាប់​​​​​​សន្លឹក​​​ឆ្នោត​​​ ហើយ​​​ជា​​​ញឹក​​​ញាប់​​​បណ្តា​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​ជួយ​​​ឃ្លាំ​​​មើល​​​​​​នីតិវិធី​​​ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​លួច​​​បន្លំ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ពេល​​​នេះ​​​យើង​​​មិន​​​ទាន់​​​បាន​​​ឈាន​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ទេ​​​ ពីព្រោះ​​​វា​​​​​​ជា​​​ការ​​​ប្រសើរ​​​ក្នុង​​​ការ​​​សរសេរ​​​វា​​​ឡើង​​​​​សម្រាប់​​​រយៈ​​​ពេល​​​ធ្វើ​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត​​​ ប៉ុន្តែពេល​​​នេះ​​​វា​​​នឹង​​​ត្រូវ​​​ចែង​​​​​​​​​សម្រាប់​​​​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ ការ​​​រាប់​​​សន្លឹក​​​ឆ្នោត​​​ និង​​​​ប្រកាស​​​លទ្ធផល​​​បោះឆ្នោត។ វា​​​ជា​​​ការ​​​ពិបាក​​​​​​ក្នុង​​​ការ​​​ហាម​​​ឃាត់​​​ពួកគេ​​​អំឡុង​​​រយៈ​​​ពេល​​​នោះ​​​ពី​​​ [ការ​​បោះ​​​ពុម្ព​​​ផ្សាយ​​​ជា​​​សាធារណៈ]  នូវ​​អ្វី​​​ដែល​​​ពួក​​​គេ​​​រក​​​ឃើញ​​​។ សម្រាប់​​យុទ្ធ​​​នាការ​​​បោះឆ្នោត​​​ យើង​​​គ្រាន់​​​តែ​​​ហាម​​​ឃាត់​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ផ្តួច​​​ផ្តើម​​​ផែនការ​​​ចូល​​​រួម​​​ក្នុង​​​យុទ្ធនាការ​​​ និង​​​ការ​​​ផ្តល់​​​សម្ភារ​​​ និង​​​ថវិកា​​​ដល់​​​គណបក្ស​​​នយោបាយ​​​”។

លោក ប៊ិន ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​េនះ​​​មិន​​​ទាន់​​​​​​មាន​​​ភា​​​ពច្បាស់​​​លាស់​​​ថា តើ​​​​​​រដ្ឋាភិបាល​​​ នឹង​​​ដាក់​​​ទោស​​​មេដឹក​​​នាំ​​​សង្គម​​​ស៊ីវិល​​​ដែល​​​គេ​​​​​​ចាត់​​​ទុក​​​ថា​​​បាន​​​ប្រមាថ​​​គណបក្ស​​​នយោបាយ​​​ឬ​​​យ៉ាង​​​ណា​​​ទេ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “រហូត​​​មក​​​ទល់​​​ពេល​​​េនះ ​​​យើង​​​មិន​​​ទាន់​​​បាន​​​គិត​​​អំពី​​​ការ​​​ដាក់​​​ទោស​​​ពៃ​​​ទេ​​​។ ប៉ុន្តែ ដូច​​​ខ្ញុំ​​​បាន​​​និយាយ​​​ហើយ​​​ថា ទាំង​​​សង្គម​​​ស៊ីវិល​​​ក្នុង​​​ស្រុក​​​ និង​​​សង្គម​​​ស៊ីវិល​​​អន្តរជាតិ គួរ​​​តែ​​​មាន​​​ជំហរ​​​អព្យាក្រឹត និង​​​ភាព​​​ឯករាជ។ ពេល​​​នេះ​​​វា​​​និយាយ​​​អំពី​​​បញ្ហា​​​បោះ​​​ឆ្នោត​​​ រាប់​​​សន្លឹក​​​ឆ្នោត​​​ និង​​​ការ​​​ពង្រឹង​​​ [លទ្ធផល​​​]  បោះ​​​ឆ្នោត​​​ និង​​​ការ​​​ប្រកាស​​​លទ្ធផល​​​ យើង​​​ក៏​​​ចង់​​​ឲ្យ​​​ពួកគេ​​​រក្សា​​​អព្យាក្រឹត​​​ និង​​​មិន​​​លម្អៀង​​​ផង​​​ដែរ​​​ដូច​​​អំឡុង​​​ពេល​​​ធ្វើ​​​យុទ្ធនាការ​​​​​​បោះ​​​ឆ្នោត​​​​​​ជា​​​ដើម​​​។​​​ យើង​​​គ្មាន​​​បំណង​​​បញ្ឈប់​​​ពួកគាត់​​​មិន​​​ឲ្យ​​​បញ្ចេញ​​​យោបល់​​​នោះ​​​ទេ​​​ បើ​​​សិន​​​ជា​​​ពួ​​​កគេ​​​អព្យាក្រឹត​​​​​​ និង​​​និយាយ​​​ការ​​​ពិត​​​ពេល​​​នោះ​​​នឹង​​​មិន​​​ប្រឈម​​​ទោស​​​ឡើយ​​​”។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក គល់ បញ្ញា នាយក​​​ប្រតិបត្តិ​​​នៃគណៈកម្មាធិការ​​​​​​ដើម្បី​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​នៅ​​​​​​កម្ពុជា (ខុម​​​ហ្វ្រែល)  បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​មិន​​យល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គណបក្ស​​​នយោបាយ​​​ទាំង​​​ពីរ​​​ចង់​​​ដាក់​​​ចេញ​​​បម្រាម​​​​​​ប្រមាថ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “គំនិត​​​សំខាន់​​​នៃ​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត​​​ដើម្បី​​​ផ្តល់​​​សេរីភាព​​​ដល់​​​អ្នក​​​ទាំង​​​អស់​​​គ្នា​​​ សង្គម​​​ស៊ីវិល អ្នក​​​បោះ​​​ឆ្នោត​​​ អ្ន​​​ក​​​នយោបាយ​​​ សម្រាប់​​​ការ​​​ពិភាក្សា​​​ផ្នែក​​​នយោបាយ​​​ និង​​​ការ​​​សាក​​​សួរ​​​។ ហេតុអ្វី​​​បាន​​​ជា​​​ពួក​​​គេ​​​កំពុង​​​ព្យាយាម​​​​​​កាត់​​​បន្ថយ​​​សេរីភាព​​​បញ្ចេញ​​​មតិ​​​អំឡុង​​​យុទ្ធនាការ​​​? អំឡុង​​​រយៈ​​​ពេល​​​បោះ​​​ឆ្នោត​​​ ពួក​​​គេ​​​គួរ​​​តែ​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​​​​បញ្ចេញ​​​មតិ​​​ឲ្យ​​​បាន​​​ច្រើន​​​​​​។ ពួកគេ​​​គួរ​​​តែ​​​លើក​​​ឡើង​​​​​​លម្អិត​​​ពី​​​បទប្បញ្ញត្តិ​​​រើស​​​អើង​​​ប្រភេទ​​​នេះ​​​លើ​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​។ ហេតុ​​​អ្វី​​​បាន​​​ជា​​​ពួកគេ​​​កំពុង​​​​​​តម្រង់​​​ទៅ​​​លើ​​​អង្គការ​​​សង្គម​​​ស៊ីវិល​​​? តើ​​​បញ្ហា​​​ប្រភេទ​​​ណា​​​ខ្លះ​​​ដែល​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ដែល​​​មាន​​​​​​ការ​​​ប្រមាថ​​​នេះ​​​ដែរ​​​។

ក្រោយ​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាល​​​ពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣​​​ អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​មួយ​​​ក្រុម​​​​​​ដែល​​​ហៅ​​​ខ្លួន​​​ឯង​​​ថា សម្ព័ន្ធ​​​ភាព​​​​​​កំណែទម្រង់​​​ការ​​​បោះឆ្នោត (អឺរ៉ា)​​​ បាន​​​បញ្ចេញ​​​របាយការណ៍​​​ទូលំទូលាយ​​​មួយ​​​ឡើង​​​វិញ​​​ដែល​​​បង្ហាញ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទទួល​​​បាន​​​លទ្ធផល​​​ល្អ​​​នៅ​​​កន្លែង​​​ដែល​​​មាន​​​ភាពមិន​​​ប្រក្រតី​​​ក្នុង​​​ពេល​​​បោះឆ្នោត​​​កើត​​​ឡើង​​​ភាគ​​ច្រើន​​​បំផុត​​​។

ទី​​​ស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​ចេញ​​​ផ្សាយ​​​ចម្លើយ​​​ឆ្លើយ​​​តប​​​​​​កម្រាស់​​​៤០​​​ទំព័រ​​​ដោយអះ​​​អាង​​​ថា អង្គការ​​​មួយ​​​ចំនួន​​​​​​ដែល​​​ពាក់​​​ព័ន្ធ​​​ ធ្វើ​​​ការ​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ ដើម្បី​​​បញ្ចេញ​​​ឥទ្ធិពល​​​លើ​​​ទស្សន​​​របស់​​​សាធារណជន​​​ជុំវិញ​​​ការ​​​បោះ​​​ឆ្នោត​​​ និងរំលំ​​​​​​ផ្តួល​​​រដ្ឋាភិបាល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា  លោក​​​ជឿ​​​ថា ​​​ភាព​​​ចម្រូង​​​ចម្រាស​​​ជុំវិញ​​​បទប្បញ្ញត្តិ​​​នឹង​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ ប្រសិនបើ​​​គណបក្ស​​​ទាំង​​​ពីរ​​​អាច​​​រក​​​ពាក្យ​​​មួយ​​​មក​​​ជំនួស​​​ពាក្យ​​​ “ប្រមាថ” ដែល​​​មិន​​​អាច​​​​​​មាន​​​ន័យ​​​ថា “រិះ​​​គន់​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា បញ្ហា​​​នៅ​​​ត្រង់​​​ពាក្យ​​​ពេចន៍​​​ប៉ុណ្ណោះ។ យើង​​​មិន​​​ចង់​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ “ប្រមាថ” ទេ។ យើង​​​នឹង​​​រក​​​ពាក្យ​​​មួយ​​​ដែល​​​ស័ក្ដិសម​​​ជាង​​​នេះ។ ​​​យើង​​​មិន​​​អាច​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ប្រមាថ​​​ទេ ប៉ុន្តែ ការ​​​រិះ​​​គន់​​​ដើម្បី​​​ស្ថាបនា​​​គឺ​​​មាន​​​ប្រយោជន៍​​​ ហើយ​​​យើង​​​មិន​​​គួរ​​​រារាំង​​​ការ​​​រិះ​​​គន់​​​ទេ​​​។ នៅ​​​ទី​​​បញ្ចប់ ​​​យើង​​​នឹង​​​រក​​​ពាក្យ​​​ស័ក្តិសម​​​ បាន​​​ដើម្បី​​​ធានា​​​សេរីភាព​​​បញ្ចេញ​​​មិតិ​​​របស់​​​សង្គម​​​ស៊ីវិល​​​ដោយ​​​គ្មាន​​​ផ្តល់​​​ភាព​​​ស្ញប់​​​ស្ញែង​​​ថា តើ​​​ពួកគេ​​​ចេះ​​​ប្រមាថ​​​អ្នក​​​ដទៃ​​​ ឬ​​​ធ្វើ​​​ឲ្យអ្នក​​​ដទៃ​​​ខឹង​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ទទួល​​​យក​​​ពាក្យ​​​ បទប្បញ្ញត្តិ​​​ណា​​​មួយ​​​ដែល​​​បំបិទ​​​មាត់​​​​​​សង្គម​​​ស៊ីវិល​​​ឡើយ​​​”៕សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស