នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា សាកសពស្ត្រីអាក្រាតកាយម្នាក់ដែលត្រូវគេប្រទះឃើញកាលពីថ្ងៃច័ន្ទ នៅ ក្នុងព្រៃមួយក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទំនងជាករណីរំលោភ ហើយសម្លាប់។
លោក សំ សុខា នាយប៉ុស្តិ៍ឃុំព្រៃនប់ បានមានប្រសាសន៍ថា បុរសដើររកឃ្មុំម្នាក់បានប្រទះឃើញសាកសពនេះនៅក្នុងព្រៃខាងក្រៅភូមិបត់សិរមាន់ ។ លោកបានមានប្រសាសន៍ថា “នៅវេលាព្រឹក បុរសម្នាក់បានដើររកឃ្មុំ ហើយបានធំុក្លិនស្អុយយ៉ាងខ្លាំង។ បុរសរូបនេះបានប្រទះឃើញសាកសពស្ត្រីម្នាក់ដែលមិនស្គាល់ឈ្មោះហើយបានរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន”។
លោក សុខា បានមានប្រសាសន៍ថា ស្ត្រីរូបនេះមិនមានសម្លៀកបំពាក់ជាប់ខ្លួនទេ លើកលែងតែស្រោមជើង ហើយត្រូវបានគេកាច់មែកឈើក្បែរនោះយកមកគ្រប។ លោក សុខា បានមានប្រសាសន៍ថា “គេបានកាច់មែកឈើយកមកគ្របសាកសព”។ លោកបានបន្ថែមថា ស្ត្រីរូបនេះប្រហែលជាត្រូវគេសម្លាប់២០ទៅ៣០ថ្ងៃមកហើយ។ យើងនៅតែមិនអាចកំណត់អត្តសញ្ញាណជនរងគ្រោះបានដដែល ពីព្រោះសាកសពហើម និងរលួយយ៉ាងខ្លាំង”។
លោក សុខា បានមានប្រសាសន៍ថា នគរបាលជឿថា ស្ត្រីរូបនេះត្រូវបានរំលោភ ពីព្រោះនាងគ្មានសម្លៀកបំពាក់ជាប់ខ្លួនទេ ហើយថានាងត្រូវបានរំលោភ ហើយសម្លាប់ ពីព្រោះដៃស្តាំរបស់នាងបានបាក់ និងបាក់ធ្មេញមួយចំនួនទៀតផង។
លោក សារ៉ាត់ វិជ្ជា ប្រធានការិល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃនគរបាលខេត្ត ដែលបានដឹកនាំការធ្វើកោសល្យវិច័យសាកសពបានយល់ស្របថា ស្ត្រីរូបនេះទំនងជាត្រូវបានរំលោភ ហើយសម្លាប់។
លោកបានមានប្រសាសន៍ថា “យើងបានពិនិត្យសាកសពរួចហើយ។ ជនសង្ស័យអាចម្នាក់ ឬច្រើននាក់់បានរំលោភ ហើយសម្លាប់នាងនៅកន្លែងផ្សេង ហើយបន្ទាប់មកបានយកសាកសពមកព្រៃនេះ ពីព្រោះយើងបានឃើញស្នាមជើង”។
លោក វិជ្ជា បានមានប្រសាសន៍ថា កាលពីម្សិលមិញ នគរបាលខេត្តបានចាប់ផ្តើមពិនិត្យមើលរបាយការណ៍អ្នកបាត់ខ្លួនម្នាក់នៅក្នុងស្រុកព្រៃនប់ និងម្នាក់ទៀតមកពីខេត្តកំពត ដើម្បីរកឲ្យឃើញថា តើជនរងគ្រោះរូបនេះត្រូវគ្នានឹងរបាយការណ៍ឬយ៉ាងណា។
លោកបានមានប្រសាសន៍ថា យើងកំពុងទាក់ទងទៅក្រុមគ្រួសារមួយចំនួននៅឡើយអំពីករណីនេះ”។ លោកបានបន្ថែមថា សាកសពស្ត្រីរូបនេះត្រូវបានបញ្ចុះកាលពីថ្ងៃច័ន្ទ នៅវត្តមួយក្នុងស្រុកព្រៃនប់ ។
លោក កុល ផល្លី ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោកមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ។លោកបានមានប្រសាសន៍ថា “ការស៊ើបអង្កេតរបស់យើងកំពុងវិវឌ្ឍទៅមុខអំពីករណីនេះ។ យើងមិនទាន់បានទទួលភ័ស្តុតាងណាមួយនៅឡើយទេ”៕សារុន