27 C
Phnom Penh

រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ក្រុង​​​បាវិត​​​បើក​​​ដំណើរការ​​​វិញ​​​ហើយ ​​​បន្ទាប់ពី​​​មាន​​​កម្មករ​​​ដួល​​​សន្លប់​​​ជាច្រើន​​​នាក់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ កន្លែង​​​ដែល​​​កម្មករ​​​ជាង​​​១០០នាក់​​​បាន​​​ដួល​​​សន្លប់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មីៗ​​​នេះ​​​បាន​​​និមន្ត​​​ព្រះ​​​សង្ឃ​​​ប្រាំមួយ​​​អង្គ​​​មក​​​ប្រោះ​​​ព្រំ​​​បណ្តេញ​​​ឧបទ្រព​​​ចង្រៃ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​រោង​​​ចក្រ​​​នឹង​​​បើក​​​ដំណើរ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ បន្ទាប់​​​ពី​​​បាន​​​យល់ព្រម​​​​​​កែ​​​លម្អ​​​ប្រព័ន្ធ​​​ខ្យល់​​​ចេញ​​​ចូល​​ក្នុង​​​រោងចក្រ។

កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ You Li International ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​​​តៃ​​​វ៉ាន់​​​ក្នុង​​​ក្រុង​​​បាវិត​​​ដែល​​​កម្មករ​​​ប្រហែល​​​១.៨០០នាក់ ដេរ​​​សម្លៀក​​​បំពាក់​​​ឈុត​​​ក្នុង​​សម្រាប់​​​ទី​​​ផ្សារ​​​ប្រទេស​​​ជប៉ុននោះ ​​​បាន​​​ដួល​​​សន្លប់​​​​​​បន្ទាប់​​​ព​​​ី​​​​​ឃើញ​​​កម្មករ​​​​​​មួយ​​​ចំនួន​​​បាន​​​ក្អួត​​​ចង្អោរ ដោយ​​​​​​ធុំ​​ក្លិន​​​កាវ ​​​ពីរ​​​លើក​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ និង​​​ថ្ងៃ​​​ច័ន្ទ។

មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​បញ្ជា​​​ឲ្យ​​​បិទ​​​រោង​​​ចក្រ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដោយ​​​លើក​​​ឡើង​​​ពី​​​ “អាកាស​​​ធាតុ​​​ក្តៅ​​​ និង​​​ខ្វះ​​​ខ្យល់​​​អុក​​​ស៊ីសែន” ចំពោះ​ហេតុការណ៍នេះ​។

កាល​​​ពី​​​ម្សិលមិញ លោក អ៊ូ សុធឿន អនុ​​​ប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​នឹង​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​នៅ​​​ថ្ងៃ​​​េនះ ហើយ​​​មាន​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ដើម្បីដាក់​​​កង្ហារ​​​បន្ថែម​​​ និង​​​សម្អាត​​​បង្គន់​​​អនាម័យ​​​ដើម្បី​​​បំបាត់​​​ក្លិន​​​អាក្រក់​​​។

កម្មករ​​​ដែល​​​បាន​​​ដួល​​​សន្លប់​​​ទាំងអស់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ព្យាបាល​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ជីភូ ក្នុង​​​ក្រុង​​​បាវិត​​​។

លោក សុធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា “ពួកគេ​​​មិន​​​មាន​​​ស្ថាន​​​ភាព​​​ធ្ងន់​​​ធ្ង​​​រ​​​ទេ​​​។ ពួកគេ​ភាគច្រើន​​​​​​បាន​​​​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​វិញ​​​ហើយ​​​នៅ​​​ថ្ងៃ​​​េនះ​​​”។

ដំបូង​​​បុគ្គលិក​​​​​​រដ្ឋបាល​​​រោង​​​ចក្រ​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​មិន​​​ទាន់​​​សម្រេច​​​ថា តើ​​​ត្រូវ​​​បើក​​​ប្រាក់​​​ខែ​​​ឲ្យ​​​កម្មករ​​​សម្រាប់​​​ពេល​​​ឈប់​​​សម្រាក​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ ប៉ុន្តែ លោក សុធឿន បាន​​​មាន​​​ប្រសាសន៍​​​ថា រោង​​​ចក្រ​​​នឹង​​​បើក​​​ឲ្យ​​​។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​បុគ្គលិក​​​រោង​​​ចក្រ​​​ ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ។

ពុធ ស្រី​​​ទូច កម្មការិនី​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​និយាយ​​​ថា អ្នក​​​គ្រប់​​​គ្រង​​​បាន​​​យល់​​​ព្រម​​​បើក​​​ប្រាក់​​​ខែ​​​ដល់​​​ពួកគេ​​​។ កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “រោង​​​ចក្រ​​​បាន​​​សន្យា​​​ថា រោង​​​ចក្រ​​​នឹង​​​មិន​​​កាត់​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​យើង​​​សម្រាប់​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​បន្ទាប់​​​ពី​​​មានការ​​​ដួល​​​សន្លប់​​​ឡើយ​​​។ យើង​​​នឹង​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​​​​ថ្ងៃ​​​ស្អែក​​​ដូច​​​ធម្មតា”។

ស្រី​​​​​​ទូច ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​កម្មករ​​៦០០​​​នាក់​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​សូត្រ​​​មន្ត​​​ប្រោះ​​​ព្រំ​​​​​​នៅ​​​រោង​​​ចក្រ​​​ដើម្បីឲ្យ​​​កម្មករ​​​​​​ត្រៀម​​​ខ្លួន​​​ត្រឡប់​​​ចូល​​​ធ្វើ​​​ការ​​​វិញ​​​។

កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “រោង​​​ចក្រ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ពួក​​​យើង​​​ចូលរួម​​​ក្នុង​​​ពិធី​​នោះ​​​​​នៅ​​​ក្នុង​​​រោងចក្រ​​​​​​ ហើយ​​​បាន​​​ប្រាប់​​​ពួក​​​យើង​​​កុំ​​​ឲ្យ​​​បារម្ភ​​​ពី​​​ការ​​​ដួល​​​សន្លប់​​​​  ពីព្រោះ​​​ពួក​​​គេ​​​បាន​​​កែកុន​​​បញ្ហា​​​មួយ​​​ចំនួន​​​ហើយ​​​។ ពួកគេ​​​បាន​​​និមន្ត​​​ព្រះ​​​សង្ឃ​​​មក​​​សូត្រ​​​ធម៌​​​ប្រោះ​​​ព្រំ​​​​​​ដើម្បី​​​បណ្តេញ​​​ឧបទ្រព​​​រួច​​​ហើយ”។

លោក​​​ សំ ចិន្តា តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​​​​បាន​​​ជំរុញ​​​ឲ្យ​​​រោង​​​ចក្រ​​​អនុវត្ត​​​តាម​​​បទដ្ឋាន​​​ចាំបាច់​​​ទាំងអស់។លោក​​​បាន​​​និយាយ​​​ថា ប្រសិន​​​បើ​​​រោង​​​ចក្រ​​​គ្រាន់​​​តែ​​​ធ្វើ​​​ពិធី​​​ប្រោះព្រំ​​​​​​ ហើយ​​​មិន​​​កែ​​​កុន​​​បញ្ហា​​​​​​ឲ្យ​​​បាន​​​ឆាប់​​​រហ័ស​​​ទេ​​​នោះ​​​ ស្ថានភាព​​​នឹង​​​មិន​​​ផ្លាស់​​​ប្តូរ​​​ឡើយ​​​។ ខ្ញុំ​​​ស្នើ​​​ឲ្យ​​​រោង​​​ចក្រ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ដល់​​​សុខភាព​​​របស់​​​កម្មករ​​​ផង ហើយ​​​កុំ​​​គិត​​​តែកេង​​​យក​​​ប្រយោជន៍​​​ពី​​​ពួកគេ​​​”៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស