37 C
Phnom Penh

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លើក​ឡើង​ថា ការ​ធ្វើ​ឲ្យ​សម្រេច​គោល​ដៅ​នៃការ​នាំចេញ​អង្ករ​នឹង​ជួប​ការ​លំបាក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា ប្រទេស​កម្ពុជា​នឹង​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​គោលដៅ​របស់​​រដ្ឋាភិបាល​​ដែល​កំណត់​ថា ​នាំ​ចេញ​អង្ករ​ចេញ​ឲ្យ​បាន​១លាន​តោន​នៅ​ក្នុង​ឆ្នាំ​នេះ​ ដោយ​សារ​តែ​ខ្វះ​​ការ​កែច្នៃ​ក្នុង​ស្រុក និង​ខ្វះ​ទីផ្សារ​ក្រៅ​ប្រទេស​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យា​ស្ថាន​ជាតិ​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ​ថា ” អង្ករ​របស់​យើង​ដែល​នាំចេញ​ទៅ​តំបន់​អឺរ៉ុបគឺ​មាន​ច្រើន​ណាស់​ឥឡូវ​នេះ។ ប៉ុន្តែ​​គោល​ដៅ​នាំចេញ​ឲ្យ​បាន​១លាន​តោន​​អាច​នឹង​ជួប​ការ​លំបាក​នៅ​ក្នុង​ឆ្នាំ​២០១៥។ បញ្ហា​កែច្នៃ​គឺ​ជា​រឿង​មួយ​ ប៉ុន្តែ​បញ្ហា​ទីផ្សារ​​ក៏ជា​រឿង​មួយ​ដែរ”។

ការ​នាំចេញ​អង្ករ​សរុប​បាន​កើន​ឡើង​ដល់​ត្រឹម​តែ​៣៨៧.០៦១តោន​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤ ពោលគឺ​បាន​កើន​ឡើង​២,២ភាគរយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៣ ដែល​​អង្ករ​ត្រូវ​បាន​នាំចេញ​​ប្រមាណ​៣៧៨.៨៥៦​តោន​។

កាលពី​ខែ​មុន មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រសួង​កសិកម្ម​បាន​​ព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹង​នាំចេញ​អង្ករ​ប្រហែល​៦០០.០០០​តោន​នៅ​ក្នុង​ឆ្នាំ​នេះ​។

លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន បាន​លើក​ឡើង​ទៀត​ថា ប្រទេស​កម្ពុជា​កំពុង​​ចរចា​ជាមួយ​ប្រទេស​ហ្វីលីពីន​ដើម្បី​នាំ​ចេញ​អង្ករទៅ​ទីនោះ ប៉ុន្តែ​ថា​ វា​មាន​ការ​លំបាក​​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​​បង្កបង្កើន​ផល​ស្រូវ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ពិភព​លោក​ដើម្បី​​​​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​អភិវឌ្ឍន៍។ លោក​បានមាន​ប្រសាសន៍​ថា “ពេល​ដែល​យើង​​សម្រុក​នាំចេញ​ទៅ​កាន់​ទីផ្សារ​របស់​ប្រទេស​អ្នក​មាន​ ប្រទេស​អ្នក​មាន​បន្ទាប​តម្លៃ​របស់​យើង​”៕ ស៊ុយឈាង​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស