27.5 C
Phnom Penh

លោក ហ៊ុន សែន បដិសេធ​ថា គណបក្ស​ប្រជាជន​​មិន​បាន​ទិញ​តំណាង​រាស្ត្រ​​​​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា គណបក្ស​​ប្រជាជន​កម្ពុជា​​មិន​បាន​ “ទិញ” តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ម្នាក់​​​​​ដែល​​បាន​ចុះចូល​គណបក្ស​កាន់​អំណាច​កាលពី​សប្ដាហ៍​មុន​ឡើយ ដោយ​មាន​ប្រសាសន៍​ថា តាម​ពិត​លោក​បាន​​ផ្ដល់​ដំបូន្មាន​​ដល់​មន្ត្រី​រត់​ចោល​បក្ស​រូប​នេះ​ឲ្យ​នៅ​​ក្នុង​គណបក្ស​ប្រឆាំង​ដដែល ហើយ​ចាំ​​​ធ្វើ​ការ​ជាមួយ​លោក​ចេញ​ពី​គណបក្ស​នោះ​។

​លោក ហ៊ុន សែន ​បាន​ថ្លែង​ទៅ​កាន់​និស្សិត​សាកលវិទ្យាល័យ​ដែល​បញ្ចប់​ការ​សិក្សា​ប្រមាណ​១.៧០០នាក់​ នៅ​វិទ្យាស្ថានជាតិ​អប់រំ​ក្នុង​រាជធានី​ភ្នំពេញ​ថា លោក វ៉ាន់ សំអឿន ដែល​ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ទទូច​ចង់​ផ្លាស់​ប្ដូរ​គណបក្ស​។

លោក​បានមាន​ប្រសាសន៍​ថា “កាលពី​សប្ដាហ៍​មុន មាន​សមាជិក​សភា​មួយ​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ឯកឧត្ដម វ៉ាន់ សំអឿន ​តំណាង​​រាស្ត្រ​មណ្ឌល​កំពត ដែល​បាន​សុំ​លាឈប់​ពី​គណបក្ស​របស់​គាត់ និង​ពី​សមាជិក​សភា​ ហើយ​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​។ គណបក្ស​មិន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ណាមួយ​ទេ ប៉ុន្តែ​យើង​ទទួល​បាន​ព័ត៌មាន​​​ពាក់ព័ន្ធ​​នឹង​មនុស្ស​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​ខ្ញុំ​ចង់​បញ្ជូន​សារ​ត្រឡប់​ទៅវិញ​ថា មានគេ​និយាយ​ថា ខ្ញុំ​បាន​ទិញ​អ្នក​ដទៃ​ [ប៉ុន្តែ] មនុស្ស​មិន​មែន​ជា​ទំនិញ​ទេ។ ឯកឧត្ដម​ វ៉ាន់ សំអឿន ក៏​មិន​ចាត់​ទុក​ខ្លួន​ឯងជា​ទំនិញ​ដែរ”។

លោក ហ៊ុន សែន បាន​​បញ្ជាក់​ថា លោក​បាន​ជួប​ជាមួយ​​មន្ត្រី​ចុះ​ចូល​​រូប​នេះ​​តាម​ការ​រៀបចំ​ដោយ​លោក សេរី កុសល អតីត​មេបញ្ជាការ​​នៃ​ចលនា​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញនៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ និង​ជា​​មន្ត្រី​​ជាន់​ខ្ពស់​ក្នុង​គណបក្ស​ហ្វុ៊នស៊ិនប៉ិច ដែល​ក្រោយ​មក​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​បាន​និយាយ​ថា ‘បង​នៅ​ទីនោះ​ហើយ ហើយ​បង​អាច​សរសេរ​មក​ខ្ញុំ​បាន​​​ បើ​បង​មាន​​​គំនិត​អ្វី​មួយ​​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ប្រទេស ពីព្រោះ​ប្រទេស​ជារបស់​យើង​ទាំង​អស់​គ្នា។ គាត់​​និយាយ​ថា ‘បើ​ខ្ញុំ​ធ្វើ​បែប​នោះ ខ្ញុំ​ធ្វើ​ហាក់​ដូច​ជា​មិន​ពេញ​មុខ​ពេញ​មាត់​ទេ’ ហើយ​បាន​ទទូច​​​ឲ្យ​ខ្ញុំ​អនុញ្ញាត​ឲ្យ​គាត់​មក​នៅ​ជាមួយ​ [គណបក្ស​ប្រជាជន​]។ ខ្ញុំ​បាន​និយាយ​ថា ‘​បើ​អញ្ចឹង​ក៏អញ្ចឹងហ្មង’។ គាត់​មិន​បាន​​​និយាយ​អ្វី​អាក្រក់​ពី​គណបក្ស​របស់​គាត់​ទេ។ ដូច្នេះ​ហើយ​ខ្ញុំ​ក៏​បាន​​ប្រាប់​បង វ៉ាន់ សំអឿន ថា ‘ បង​ខ្ញុំ​សុំ​អញ្ជែក បើ​បង​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​ មេត្តា​កុំ​វាយ​ប្រហារ​គណបក្ស​ដើម​របស់​បង​។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​។ ហើយ​ខ្ញុំ​បាន​​វ៉ៃ​ SMS ទៅអ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កុំ​ឲ្យ​និយាយ​ច្រើន​ពេក​ក្រៅពី​គោរព​សេរីភាព​បុគ្គល”។

បន្ទាប់​មក​លោក ហ៊ុន សែន បាន​ច្រាន​ចោល​គំនិត​ដែល​យល់​ឃើញ​ថា វា​អាច​ទៅ​រួច​​ឬ​មាន​ផល​ប្រយោជន៍​​ក្នុង​ការ​ទិញ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ឲ្យ​ចុះ​ចូល​។ លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា “ហេតុ​អី​ក៏​​​ក្បាល​មនុស្ស​ថោក​ម្លេ៉ះ? ហើយ​ខ្ញុំ​គ្មាន​លុយ​ច្រើន​សម្រាប់​ទិញ​ទេ​។ តើ​ទិញ​តែ​មនុស្ស​ម្នាក់​មក​ធ្វើ​អី​បាន បើ​គណបក្ស​ប្រជា​ជន​មាន​​បណ្ឌិត​រាប់​មិន​អស់​ទៅ​​​ហើយ​​​នោះ?”។

លោក វ៉ាន់ សំអឿន បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ថ្ងៃសុក្រ ដោយ​សរសេរ​នៅ​ក្នុង​លិខិត​លាឈប់​របស់​លោក​ថា លោក​ “គ្មាន​​ឱកាស​នឹង​បម្រើ​ប្រទេស​ជាតិ​តាម​ឆន្ទៈ និង​បទ​ពិសោធន៍​របស់​ខ្ញុំទេ” ក្នុង​ឋានៈ​ជា​តំណាង​រាស្ត្រ​មួយ​រូប​​ក្នុង​ចំណោម​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​គណបក្ស​ប្រឆាំង​។

កាលពី​ថ្ងៃ​ច័ន្ទ គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ផ្ញើលិខិត​មួយ​ច្បាប់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ឲ្យ​លោក​​ ដាង ចំរើន វ័យ​៣៩​ឆ្នាំ ជា​អ្នក​ស្រុក​ខេត្ត​កំពត​ ដែល​ជា​បេក្ខជន​លេខរៀង​បន្ទាប់​​របស់​គណបក្ស​ប្រឆាំង​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្នុង​ពេល​កន្លង​ទៅ​ ដើម្បី​ជំនួស​​តំណែង​​​លោក​ វ៉ាន់ សំអឿន។ ចំណែក​ឯលោក វ៉ាន់ សំអឿន​ មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ​៕ សុខុម​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស