ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រីបាននិយាយកាលពីម្សិលមិញថា ក្រុមហ៊ុនប្រមូលសំរាមនេះមិនទទួលការស្តីបន្ទោសចំពោះផ្លូវទាំងឡាយដែលមានសំរាមពាសពេញ ហើយថារដ្ឋាភិបាលបានប្រើលេសនេះ ដើម្បីទម្លាក់កំហុសជៀសវាងការទទួលខុសត្រូវចំពោះបញ្ហាដែលកើតឡើង។

រថយន្តដឹកសំរាមចាស់ៗរបស់ក្រុមហ៊ុនស៊ីនទ្រីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានក្លាយជាគោលដៅធ្វើឲ្យសាលាក្រុងមានកំហឹង ដែលបង្កបញ្ហាដោយសារការធ្វើកូដកម្មរបស់អ្នកបើកឡាននិងកម្មករក្រុមហ៊ុននេះ ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនប្រមូលសំរាមមួយនេះមិនអាចប្រមូលសំរាមបានស្អាតពីតាមផ្លូវនានា។
ដោយធុញទ្រាន់នឹងការត្អូញត្អែរពីប្រជាពលរដ្ឋនោះ គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១០កុម្ភៈបានបញ្ជាឲ្យមានការសើរើកិច្ចសន្យានាឆ្នាំ២០០២របស់ក្រុមហ៊ុនស៊ីនទ្រី ដែលបានទទួលសិទ្ធិផ្តាច់មុខក្នុងការប្រមូលសំរាមនៅក្នុងទីក្រុងភ្នំពេញសម្រាប់រយៈពេល៤៩ឆ្នាំ។
ក្នុងករណីនេះ មានការមន្ទិលសង្ស័យទាក់ទិននឹងគោលជំហររបស់រដ្ឋាភិបាលនោះ ដោយមានការលើកឡើងពាក់ព័ន្ធនឹងបញ្ហានឹងការប្រមូលសំរាមនៅក្នុងសុន្ទរកថា បើកនិងបិទនៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សាលាក្រុងកាលពីសប្តាហ៍មុន។
លោក សេង សាវី ប្រធានក្រុមហ៊ុនស៊ីនទ្រី បានមានប្រសាសន៍កាលពីម្សិលមិញថា ការព្យាយាមបោសសម្អាតគំនរសំរាមនៅក្នុងទីក្រុងមានបញ្ហាធ្ងន់ធ្ងរជាងបញ្ហារបស់ក្រុមហ៊ុនទៅទៀត។
លោក សាវី បាននិយាយថា “ក្រុមហ៊ុនស៊ីនទ្រីសូមបដិសេធដែលថាក្រុមហ៊ុនមិនមានសមត្ថភាពប្រមូលសំរាមនៅក្នុងក្រុងភ្នំពេញ ហើយមិនអាចទទួលយកការវាយតម្លៃរបស់គណៈរដ្ឋមន្ត្រីបានទេ”។ លោក សាវី បានបន្ថែមថា ការខ្វះខាតផ្នែកហេដ្ឋារចនាសម្ព័ន្ធមិនទាន់ដោះស្រាយនៅឡើយ។ លោក សាវី បានបញ្ជាក់ថា “ក្រុងភ្នំពេញមានបញ្ហាសំរាមយូរណាស់មកហើយ”។
ប្រឈមមុខទៅនឹងការរិះគន់កាន់តែច្រើនឡើងនោះ ក្រុមហ៊ុនស៊ីនទ្រីជាញឹកញាប់បាននិយាយថា កំហុសរបស់ខ្លួនគឺជារោគសញ្ញាហួសពីសមត្ថភាពរបស់ខ្លួន។ លោក សាវី បាននិយាយថា បញ្ហាទាំងនេះមិនមែនជាការដោះសារទេ ប៉ុន្តែជាហេតុផលដែលក្រុមហ៊ុនពិបាកនឹងធ្វើឲ្យបានល្អដូចចិត្ត។
លោក សាវី បាននិយាយថា “កត្តាដែលធ្វើឲ្យក្រុមហ៊ុនខ្ញុំមានបញ្ហាក្នុងការប្រមូលសំរាម គឺការស្ទះចរាចរណ៍ ការចតឡានពាសពេញផ្លូវ មិនមានកន្លែងស្តុកសំរាមនៅតាមមូលដ្ឋាន សាលារាជធានីភ្នំពេញជួសជុលផ្លូវច្រើន ដូច្នេះធ្វើឲ្យឡានក្រុមហ៊ុនខ្ញុំពិបាកប្រមូលសំរាម”។
លោក សាវី បានបន្ថែមថា គោលបំណងរបស់ក្រុមហ៊ុនស៊ីនទ្រីគឺប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យទីក្រុងស្អាត។ ប៉ុន្តែបើគ្មានការសហការពីមន្ត្រីមូលដ្ឋាននិងប្រជាពលរដ្ឋទេនោះ បញ្ហានៅតែមាន។
លោក សាវី បាននិយាយថា “ខ្ញុំមិនឃើញចំណុចណាមួយដែលនិយាយថា ក្រុមហ៊ុនស៊ីនទ្រីធ្វើការប្រមូលសំរាមមិនបានល្អនោះទេ។ វាមិនមែនបញ្ហាអ្វីថាតើក្រុមហ៊ុនវិនិយោគប៉ុន្មាននោះទេ គេមិនអាចធ្វើការបានឡើយ ប្រសិនបើគេមិនមានការសហការពីសាធារណជននិងអាជ្ញាធរមូលដ្ឋាន”។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុងបានមានប្រសាសន៍ថា លោក សាវី បានធ្វើខុស។ លោក ឌីម៉ង់ បាននិយាយថា “ក្រុមហ៊ុននឹងមានសិទ្ធិតវ៉ានៅពេលណាក្រសួងពាក់ព័ន្ធអញ្ជើញពួកគេឲ្យចូលរួម ប៉ុន្តែការបដិសេធចោលរបាយការណ៍គណៈរដ្ឋមន្ត្រីគឺជាការប្រឆាំងនឹងរដ្ឋាភិបាល”។
គណៈរដ្ឋមន្ត្រីបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីសប្តាហ៍មុនថា ខ្លួននឹងពិភាក្សាជាមួយសាលាក្រុងនិងក្រសួងបរិស្ថានមុននឹងធ្វើសេចក្តីសម្រេចបន្តទៀត។
លោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថានបានមានប្រសាសន៍ថា ក្រសួងបរិស្ថាននិងក្រសួងមហាផ្ទៃនឹងពិចារណាសំណើរបស់ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ចំណែកឯការសើរើការគ្រប់គ្រងការប្រមូលសំរាមដែលមានស្រាប់នឹងត្រូវអនុវត្តនៅឡើយ។
លោក សុភាព បានមានប្រសាសន៍ថា “ប្រសិនបើយើងឃើញថា ក្រុមហ៊ុនស៊ីនទ្រីគ្មានសមត្ថភាព…យើងនឹងជ្រើសរើសក្រុមហ៊ុនដទៃទៀតជួយប្រមូលសំរាមពួកគេ”៕រើន