ការវិវត្តនៃប្រាសាទព្រះវិហារពីសមរភូមិមុខទៅជាទីតាំងបេតិកភណ្ឌ
៤ឆ្នាំមុននៅខែនេះ ប្រាសាទបុរាណខ្មែរដែលមានចំណាស់ជាងមួយសហស្សវត្សរ៍ហើយនៅដាច់ស្រយាលមួយនេះបានក្លាយជាព័ត៌មានទំព័រមុខនៃកាសែតនៅក្នុងតំបន់ ក្នុងពេលដែលទាហានថៃបានបើកការវាយប្រហារប្រដាប់អាវុធមកលើកងទ័ពខ្មែរនៅឯប្រាសាទព្រះវិហារ។
នៅចុងខែកុម្ភៈឆ្នាំ២០១១ ជីវិតមនុស្សបានបាត់បង់នៅសងខាងព្រំដែននៃប្រទេសទាំងពីរ ហើយផ្នែកមួយនៃប្រាសាទនឹងរលំដួល។ រយៈពេលពីរឆ្នាំក្រោយមក ការដណ្តើមកាន់កាប់ប្រាសាទព្រះវិហារបាននាំឲ្យមានការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ដែលកាលពីខែវិច្ឆិកា ឆ្នាំ២០១៣ បានតម្កល់សាលក្រមនាឆ្នាំ១៩៦២ ដែលបានប្រកាសថា ប្រាសាទព្រះវិហារបានស្ថិតនៅក្នុងទឹកដីកម្ពុជា។
ចាប់តាំងពីពេលនោះមក ភាពតានតឹងជំុវិញប្រាសាទដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធូរស្រាល ដោយហេតុថាប្រទេសថៃបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៨ដែលចូលរួមក្នុងគណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃប្រាសាទព្រះវិហារដែលត្រូវបានបង្កើតឡើងកាលពីខែធ្នូឆ្នាំទៅមិញ។
អ្នកស្រីចៅ ស៊ុនកិរិយា ដែលជាភ្នាក់ងារទំនាក់ទំនងរបស់រដ្ឋាភិបាលកម្ពុជា ជាមួយ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា “នេះគឺ អស្ចារ្យណាស់សម្រាប់ព្រះវិហារ។ យើងកំពុងតែមានដំណើរការមិនឲ្យបញ្ហានេះពាក់ព័ន្ធនឹងរឿងនយោបាយ ហើយប្រាសាទនេះពិតជាក្លាយជាទីតាំងបេតិកភណ្ឌមួយ”។
គណៈកម្មាធិការព្រះវិហារយកគំរូតាមគណៈកម្មាធិការសម្របសម្រួលអន្តរជាតិនៃអង្គរ ដែលត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩៣ ពោលគឺភ្លាមៗបន្ទាប់ពីឧទ្យានបុរាណអង្គរនេះទទួលបានការចុះបញ្ជីនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នៅពេលនោះ ប្រទេសកម្ពុជាមិនទាន់រើខ្លួនរួចពីសង្គ្រាមនិងជម្លោះទាំងឡាយអស់រយៈពេលរាប់ទសវត្សរ៍នៅឡើយទេ ហើយក៏មិនមានធនធានដើម្បីជួសជុល ឬក៏ថែរក្សាប្រាសាទសម័យអង្គរបានដែរ។ ហេតុដូច្នះហើយ ទើបគណៈកម្មាធិការសម្របសម្រួលអន្តរជាតិត្រូវបានបង្កើតឡើងដោយមានប្រទេសជប៉ុន និងបារាំងធ្វើជាសហប្រធានដើម្បីសម្របសម្រួលការងាររបស់ក្រុមការងារកម្ពុជានិងអន្តរជាតិនៅក្នុងឧទ្យានអង្គរដោយមានជំនួយបច្ចេកទេសពីអង្គការយូណេស្កូ។
បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចម្រើនប្រសើរជាងមុន ប៉ុន្តែប្រទេសនេះនៅតែខ្វះខាតធនធានក្នុងការជួសជុលប្រាសាទព្រះវិហារនេះ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ២០០៨ ហើយនិងធ្វើឲ្យប្រាសាទមួយនេះក្លាយជាទីតាំងបេតិកភណ្ឌពិភពលោកដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរដ៏ច្រើនសន្ធឹកសន្ធាប់។
នេះជាហេតុផលដែលប្រទេសកម្ពុជាបានស្នើសំុអង្គការយូណេស្កូឲ្យបង្កើតគណៈកម្មាធិការសម្របសម្រួលអន្តរជាតិមួយផ្សេងទៀត។
ទោះបីជាទំហំនៃទីតាំងនេះ នៅដាច់ឆ្ងាយពីឧទ្យានអង្គរ ពោលគឺជាប្រាសាទមួយស្ថិតនៅលើទីតាំងមួយដែលមានទំហំ២៨គីឡូម៉ែត្រក្រឡានៅក្នុងខេត្តព្រះវិហារ បើប្រៀបធៀបនឹងប្រាសាទរាប់រយនៅក្នុងឧទ្យានមួយដែលលាតសន្ធឹងលើផ្ទៃដី៤០១គីឡូម៉ែត្រក្រឡាក៏ដោយ ក៏ការជួសជុលប្រាសាទនេះឡើងវិញជួបប្រទះនឹងការប្រឈមមុខទាំងឡាយផងដែរ គឺដោយសារតែប្រាសាទមួយនេះលាតសន្ធឹងប្រវែង៨០០ម៉ែត្រលើខ្នងភ្នំកម្ពស់៦២៥ម៉ែត្រនៅតាមជួរភ្នំដងរែក។ មានស្លាកស្នាមគ្រាប់កាំភ្លើងនៅក្នុងរចនាបថមួយចំនួនដោយសារតែមានការប៉ះទង្គិចប្រដាប់អាវុធរវាងទាហានកម្ពុជានិងទាហានថៃក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឬក៏ពីពេលដែលទ័ពខ្មែរក្រហមបានកាន់កាប់តំបន់នោះ ដែលពួកគេបានចាកចេញពីប្រាសាទនេះក្នុងឆ្នាំ១៩៩៨។
ប្រទេសចំនួនប្រាំបីបានយល់ព្រមចូលរួមចំណែកជួសជុលប្រាសាទព្រះវិហារឡើងវិញ គឺប្រទេសប៊ែលហ្ស៊ិក បារាំង ជប៉ុន កូរ៉េខាងត្បូង ថៃ និងសហរដ្ឋអាមេរិក ដោយមានប្រទេសឥណ្ឌា និងប្រទេសចិន ធ្វើជាគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស។
អ្នកជំនាញអន្តរជាតិជាច្រើនក្រុមកំពុងពិនិត្យទីតាំង និងរាយការណ៍លទ្ធផលរកឃើញរបស់ខ្លួនទៅគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស រីឯផែនការជួសជុលឡើងវិញគ្រោងធ្វើសម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ ដោយចំណាយប្រាក់ប្រមាណ១៣ទៅ១៤លានដុល្លារ។
បុរាណវត្ថុវិទូ លោក អាហ្សឺឌីន បេសាអ៊ូស (Azedine Beschaouch ជាលេខាធិការវិទ្យាសាស្ត្រនៅគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស បាននិយាយថា “ការអភិរក្សនិងការជួសជុលឡើងវិញផ្នែកខ្លះនៃគោបុរទី៥ត្រូវចាត់ទុកជាអាទិភាព”។ រចនាសម្ព័ន្ធគោបុរទី៥នៅឆ្ងាយជាងគេពីផ្នែកកណ្តាលនៃប្រាសាទ និងគោបុរទី១ ដែលភ្ញៀវទេសចរមើលឃើញនៅទីកន្លែងនោះ។ ក្រុមជួសជុលជាជនជាតិឥណ្ឌាមួយក្រុមនឹងចាប់ផ្តើមឆាប់ៗនូវការងារលើហេដ្ឋារចនាសម្ព័ន្ធនេះ ដែលស្ថិតក្នុងស្ថានភាពបន្ទាន់។
ប៉ុន្តែដូចលោក បេសាអ៊ូស បានចង្អុលបង្ហាញអ៊ីចឹង ត្រូវធ្វើការអភិវឌ្ឍទីតាំងបេតិកភណ្ឌពិភពលោកជាងធ្វើការជួសជុលប្រាសាទ។ លោកបាននិយាយថា “ការប្រឈមធំបំផុតនៅប្រាសាទព្រះវិហារគឺត្រូវរៀបចំឲ្យស្របតាមតម្រូវការមួយចំនួនក្នុងពេលតែមួយ ពោលគឺជាករណីមួយដែលសឹងតែមិនអាចធ្វើទៅរួច។
លោកបាននិយាយថា មិនត្រឹមតែគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស ត្រូវព្រាងអ្វីៗដើម្បីរៀបចំប្រាសាទឲ្យភ្ញៀវទស្សនា និងអភិវឌ្ឍវង់ទេសចរណ៍នៅនឹងកន្លែងតែម្តងប៉ុណ្ណោះទេ តែកិច្ចការនេះត្រូវធ្វើទន្ទឹមនឹងការការពារភាពដើមពិតៗនៃប្រាសាទ និងភាពត្រឹមត្រូវយូរអង្វែងរបស់ប្រាសាទ។
លោក បេសាអ៊ូស បានកត់សម្គាល់ថា លើសពីនេះ មានកត្តាដែលថា ព្រះវិហារមិនត្រឹមតែជាប្រាសាទមួយប៉ុណ្ណោះទេ។ “វាជារមណីយដ្ឋានដ៏ពិសិដ្ឋមួយសម្រាប់ប្រជាជនកម្ពុជា។ ប៉ុន្តែសំខាន់ទៅទៀតនោះ វាជាប្រាសាទបែបសាសនាដែលឧទ្ទិសដល់ព្រះសិវៈ ដែលនៅតែទទួលការគោរពបូជាដោយអ្នកកាន់សាសនាហិណ្ឌូ គឺមានន័យថា មានមនុស្សរាប់រយពាន់នាក់គោរព”។
ឯកអគ្គរដ្ឋទូតឥណ្ឌា លោក ឌីណេស ប៉ាតណិជ (Dinesh Patnaik) បានមានប្រសាសន៍ថា ប្រសិនបើជួសជុសឲ្យបានល្អត្រឹមត្រូវ ទីតាំងនេះមានសក្តានុពលដែលអាចក្លាយជាកន្លែងធម្មយាត្រាដ៏សំខាន់មួយ។ លោកបានឲ្យដឹងថា សព្វថ្ងៃនេះ មានអ្នកគោរពបូជាព្រះសិវៈប្រហែល៣៥០លាននាក់ ហើយទីតាំងធម្មយាត្រាពីរក្នុងចំណោមកន្លែងធម្មយាត្រាល្បីឈ្មោះបំផុតក្នុងតំបន់សុទ្ធតែមិនអាចទៅដល់បានទេនៅពេលខ្លះ ដោយសារតែកត្តាធាតុអាកាសនៅភ្នំហេមពាន្ត។ លោក ប៉ាតណិជ បាននិយាយថា ជួសជុសនិងរៀបចំឲ្យបានល្អត្រឹមត្រូវ ប្រាសាទព្រះវិហារអាចទាក់ទាញអ្នកធម្មយាត្រាបានយ៉ាងងាយនៅអំឡុងពេលប៉ុន្មានខែនោះ។
យ៉ាងណាក៏ដោយ ប្រាសាទព្រះវិហារធ្លាប់ជាទីសក្ការៈរាប់សតវត្សរ៍មកហើយ។
លោក ប៉ាតណិជ បាននិយាយថា ចំណែកឯប្រាសាទភាគច្រើនបំផុតនៅអង្គរជាប់ទាក់ទងជាមួយស្តេចតែមួយអង្គ តែស្តេចស្ទើរគ្រប់អង្គនាសម័យអង្គរបានយាងទៅប្រាសាទព្រះវិហារ។ លោកបាននិយាយថា “ប្រាសាទព្រះវិហារជាកន្លែងមួយដែលអ្នកទៅសុំការប្រទានពរជ័យ។ លោកអ្នកមិនអាចក្លាយជាស្តេចបានទេ ល្គឹកណាអ្នកមិនបានទទួលការប្រសិទ្ធពរពីព្រះសិវៈនៅប្រាសាទព្រះវិហារសិនទេនោះ។ ដូច្នេះហើយ ទើបស្តេចគ្រប់ព្រះអង្គត្រូវតែយាងទៅទីនោះ”។
ស្តេចសម័យអង្គរជាច្រើនអង្គក៏ពង្រីកប្រាសាទដែរ មូលហេតុនេះហើយដែលប្រាសាទព្រះវិហារបានចាប់ផ្តើមជាអាស្រមធ្វើពីឈើតូចល្មមក្នុងទសវត្សរ៍ឆ្នាំ៨០០ និងបានក្លាយជាទីតាំងធ្វើពីថ្មនៅសតវត្សរ៍ទី១២។
លោកស្រី អាន ឡឺមេស (Anne Lemaistre) តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជាបាននិយាយថា ចំពោះប្រជាជនកម្ពុជា កិច្ចការជួសជុលនៅប្រាសាទព្រះវិហារនឹងជាឱកាសមួយដើម្បីពិនិត្យផ្នែកមួយចំនួនផ្សេងទៀតនៃចក្រភពអង្គរដើម្បីដឹងថាជាប់ទាក់ទងគ្នាយ៉ាងណា។
លោកស្រីបាននិយាយថា “ប្រាសាទព្រះវិហារនាំយើងធ្វើដំណើរទៅដល់វត្តភូ” ដែលជាទីតាំងបុរេអង្គរដ៏ល្បីល្បាញដែលស្ថិតនៅក្នុងប្រទេសឡាវភាគខាងត្បូងនាសម័យទំនើប។ បំណែកមួយនៃលិង្គនៅវត្តភូដែលតំណាងព្រះសិវៈ ត្រូវគេជឿថា បានដាក់តម្កល់លើប្រាសាទព្រះវិហារ” ធ្វើឲ្យប្រាសាទព្រះវិហារជាទីតាំងមានទំនាក់ទំនងគ្នារវាងវត្តភូនិងអង្គរ រួមទាំងបណ្តាញផ្លូវធំល្វឹងល្វើយរបស់ចក្រភពនេះផង។
លោកស្រីបានបន្ថែមថា ទីតាំងនេះអាចត្រូវបានគេប្រើសម្រាប់មូលហេតុសន្តិសុខដើម្បីការពារចក្រភពនេះ។ ដានជាច្រើននៃការប្រើនេះអាចត្រូវរកឃើញក្នុងអំឡុងពេលធ្វើការជួសជុល។
លោក ជុច ភឿន បុរាណវិទូនិងជាប្រធានអាជ្ញាធរបាននិយាយថា ក្នុងពេលជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារ ដែលជាស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងប្រាសាទ កំពុងធ្វើឲ្យប្រាកដថា គ្មានសំណង់ណាមួយទទួលរងការខូចខាតមុនការជួសជុលដែលអាចចាប់ផ្តើមពេញលេញទេ។
បញ្ហាមួយដែលអាចពន្យារពេលការជួសជុល គឺការពិតដែលថា ប្រហែលមួយភាគបីនៃផ្លូវថ្នល់ទៅកាន់ទីតាំងនេះមិនទាន់បានស្តារជួសជុលនៅឡើយទេ។ លោក ជុច ភឿន បាននិយាយថា ប៉ុន្តែពេលជួសជុលហើយ អាជ្ញាធរមានផែនការរៀបចំបង្កើតកន្លែងចតរថយន្តមួយក្នុងតំបន់ទ្រនាប់របស់ប្រាសាទ ដើម្បីអាចដាក់ទាំងគ្រឿងឧបករណ៍ ទាំងយានយន្តរបស់ភ្ញៀវ។
លើសពីនេះទៅទៀត លោកស្រី ឡឺមេស បាននិយាយថា ភាពនៅឆ្ងាយដាច់ស្រយាលនៃប្រាសាទព្រះវិហារ ពោលគឺមានចម្ងាយ១៤០គីឡូម៉ែត្រពីក្រុងសៀមរាប និង៣២០គីឡូម៉ែត្រពីក្រុងភ្នំពេញ ប្រាសាទនេះមានសោភ័ណភាពនិងលក្ខណៈពិសេសគ្មានពីរ នឹងនៅតែជាការប្រឈមមួយនឹងខ្លួនឯងសម្រាប់ក្រុមជួសជុល”៕ រើន និង និត