អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បាននិយាយថា ប្រធានតុលាការក្រុងភ្នំពេញលោក អាំង មាលតី ត្រូវបានដកចេញពីតំណែងកាលពីល្ងាចថ្ងៃអង្គារ ដោយរង់ចាំការស៊ើបអង្កេតក្នុងរឿងពុករលួយដ៏រាលដាលក្នុងតុលាការនេះ ចាប់តាំងពីលោកបានធ្វើជាប្រធានតុលាការក្នុងរយៈពេលមិនដល់មួយឆ្នាំផង។
សេចក្តីសម្រេចនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់ធ្ងន់ៗលើតុលាការដែលបានដោះលែងឪពុកម្តាយរបស់ឧត្តមសេនីយ៍រត់គេចខ្លួន ថោង សារ៉ាត់ ដែលជាប់ចោទពីបទបាញ់សម្លាប់ឧកញ៉ា អឹុង ម៉េងជឺ កាលពីខែវិច្ឆិកា។
លោក ផៃ ស៊ីផាន បាននិយាយអំពីចៅក្រម មាលតី ថា “គាត់ត្រូវដកចេញដើម្បីស៊ើបអង្កេត។ មនុស្សមួយចំនួនបានចូលរួមអបអរបន្ទាប់ពីឮអំពីការដកតំណែងប្រធានតុលាការក្រុងភ្នំពេញ ហើយអ្នកទាំងនោះបានប្រាប់ខ្ញុំថា មានអំពើពុករលួយច្រើននៅទីនោះ”។
លោក ស៊ីផាន បាននិយាយថា ការដកចៅក្រម មាលតី ចេញពីមុខតំណែងគឺត្រូវធ្វើយូរមកហើយ ដោយសារលក្ខណៈគោលការណ៍ច្បាប់ប្លែករបស់ចៅក្រមរូបនេះ។
លោកបាននិយាយថា “អ្វីដែលគាត់ធ្វើ អ្វីដែលគាត់បានធ្វើ គឺយោងទៅតាមឆន្ទានុសិទ្ធិ មិនមែនយោងតាមនីតិវិធី និងមិនយោងតាមច្បាប់ទេ ឬអ្វីដែលយើងហៅថាស្មារតីនៃច្បាប់។ គ្រប់គ្នាសប្បាយណាស់ឥឡូវនេះ”។ “ខ្ញុំចង់ឲ្យករណីទាំងអស់ក្រោមការដឹកនាំរបស់គាត់នឹងត្រូវពិនិត្យឡើងវិញ ពីព្រោះខ្ញុំបានឮថា មានភាពមិនប្រក្រតីនៅទីនោះ។ ស្រង់សម្តីខ្ញុំទៅ”។
លោក ជួន ណារិន ស្នងការរងនគរបាលរាជធានីបានមានប្រសាសន៍ថា លោក តាំង ស៊ុនឡាយ អនុប្រធានតុលាការភ្នំពេញ នឹងទទួលបានការតែងតាំងនៅថ្ងៃពុធនេះឲ្យជំនួសលោក អាំង មាលតី។
ឧត្តមសេនីយ៍ត្រី ជួន ណារិន បាននិយាយថា “ខ្ញុំនឹងចូលរួមពិធីផ្ទេរតំណែងពីលោក អាំង មៀលតី ទៅលោក តាំង ស៊ុនឡាយ នៅម៉ោង២និង៣០នាទីរសៀល នៅតុលាការក្រុងភ្នំពេញ។ មន្ត្រីតុលាការបានអញ្ជើញខ្ញុំចូលរួមនៅរសៀលនេះ”។
នៅពេលទាក់ទងតាមទូរស័ព្ទ ចៅក្រម មាលតី មិនធ្វើអធិប្បាយអំពីការដករូបលោកចេញទេ។ លោក សំ ប្រជាមានិត អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលតែងតាំង មើលខុសត្រូវ និង ដាក់វិន័យចៅក្រមរបស់ប្រទេសកម្ពុជា ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានមានប្រសាសន៍ថា ក្រុមប្រឹក្សានេះកំពុងដោះស្រាយជាមួយ ចៅក្រម មាលតី។ លោក សន្តិភាព បាននិយាយថា “ករណីនេះកំពុងដំណើរការក្រោមការមើលខុសត្រូវរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម”។
យ៉ាងណាក៏ដោយ លោក ស៊ីផាន បានលើកឡើងថា ការបណ្តេញចៅក្រម មាលតី ដែលកាលពីខែមេសាត្រូវបានផ្ទេរមកតុលាការក្រុងភ្នំពេញពីតុលាការខេត្តបន្ទាយមានជ័យ ដែលនៅទីនោះលោកក៏បានប្រឈមមុខនឹងបទពុករលួយក្នុងនាមលោកជាប្រធានតុលាការដែរនោះ ត្រូវបានបញ្ជាដោយលោកនាយករដ្ឋមន្ត្រី។
លោក ស៊ីផាន បាននិយាយថា “តាំងពីលោកនាយករដ្ឋមន្ត្រីបានលើកបញ្ហានៃភាពមិនប្រក្រតីក្នុងតុលាការក្រុងភ្នំពេញមក វាក៏បានកើតឡើង។ [លោក ហ៊ុន សែន] បានស្នើ គាត់បានលើករឿងនេះឡើងព្រឹកនេះ គឺឆន្ទានុសិទ្ធិនិងឯករាជ្យភាពតុលាការ”។
ក្នុងសុន្ទរកថាកាលពីព្រឹកថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានស្តីបន្ទោសតុលាការក្រុងភ្នំពេញដែលបានដោះលែងម្តាយឪពុករបស់ឧត្តមសេនីយ៍ទោ សារ៉ាត់ ដែលកំពុងរត់គេចខ្លួន ចំណែកឯអង្គរក្សបួននាក់របស់លោកកំពុងរង់ចាំការកាត់ក្តីក្នុងពន្ធនាគារជំុវិញការពាក់ព័ន្ធក្នុងឃាតកម្មលោកឧកញ៉ា អុឹង ម៉េងជឺ។
ដោយសំដៅលើឪពុកម្តាយនិងអង្គរក្សរបស់ឧត្តមសេនីយ៍ទោ សារ៉ាត់ លោក ហ៊ុន សែន បានមានប្រសាសន៍ថា “រដ្ឋាភិបាលខំធ្វើការដុតដៃដុតជើង បញ្ជាកម្លាំងតាមរកឃាតករសម្លាប់លោកឧកញ៉ា អុឹង ម៉េងជឺ ហើយនៅទីបញ្ចប់យើងចាប់បានមួយសំបុក”។
លោកបានមានប្រសាសន៍ថា “រាជរដ្ឋាភិបាលប្រឹងដុតដៃដុតជើង បញ្ជាកម្លាំងដើម្បី តាមរកឃាតករសម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ទីបំផុតយើងចាប់បានមួយសំបុក ប៉ុន្តែរឿងដែលមិនយល់ នៅត្រង់ថា ឲ្យឪពុកម្តាយរបស់មេក្លោងដែលបញ្ជាឃាតករ ដែល ជាប់ពិរុទ្ធភាពលើបទចោទនេះ ឲ្យនៅក្រៅឃំុ។ ហើយនៅក្រៅឃំុនេះ បើធ្វើត្រូវនីតិវិធី មិនអីទេ ប៉ុន្តែវាខុសនីតិវិធីទៅទៀត”។
ឪពុកម្តាយរបស់ ថោង សារ៉ាត់ ជាប់ចោទពីបទកាន់កាប់អាវុធខុសច្បាប់ មិនយូរប៉ុន្មានបន្ទាប់ពីកូនប្រុសរបស់ពួកគាត់បានលាក់ខ្លួនកាលពីខែវិច្ឆិកា ហើយអ្នកទាំងពីរត្រូវបានចាប់ខ្លួនសាជាថ្មី ពេលព្យាយាមគេចខ្លួនទៅប្រទេសវៀតណាមតាមឡានពេទ្យកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីបាននៅក្រៅឃុំកាលពីដើមខែនេះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា វាចម្លែកដែលការប្តឹងសុំនៅក្រៅឃុំរបស់ពួកគេប្តឹងទៅតុលាការកំពូលនៅថ្ងៃទី២១មករា ជាថ្ងៃដែលសាលាឧទ្ធរណ៍តម្កល់ការបដិសេធសុំនៅក្រៅឃុំរបស់តុលាការក្រុង គឺបានដកបណ្តឹងនោះភ្លាមមកវិញនៅថ្ងៃទី៥កុម្ភៈ ដោយមិនមានហេតុផលច្បាស់លាស់។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា “ល្បឿននៃការដោះស្រាយបញ្ហានេះលឿនណាស់។ លឿនរហូតធ្វើឲ្យយើងសង្ស័យ។ ខ្ញុំមិនសុខចិត្តទេ ខ្ញុំស្នើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចាត់វិធានការជាបន្ទាន់”៕មានិត