27 C
Phnom Penh

អាជ្ញាធរ​ឥណ្ឌូនេស៊ី​ សង្គ្រោះ​ពលករ​ខ្មែរ​១៧​នាក់​ពីទូក​នេសាទ​ថៃ​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​​កាលពី​ម្សិល​មិញ បាន​ឲ្យ​ដឹង​ថា កាលពី​ម្សិលមិញ អាជ្ញាធរ​ឥណ្ឌូនេស៊ី​ បាន​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​ខ្មែរ​១៧​នាក់​​ ដែល​ជាប់​ជា​ទាសករ​​នៅ​លើ​ទូក​នេសាទ​ថៃពីរគ្រឿង ដែល​ធ្វើ​ការ​នេសាទ​ដោយ​​ខុសច​្បាប់​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ប្រទេស​នេះ​។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​បានមាន​ប្រសាសន៍​ថា ​បុរស​ទាំង​នេះ​បាន​​ប្រាប់​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ ពី​ដំណើរ​ដើម​ទង​នៃ​ការ​ចាញ់​បោក​គេ​ ដែល​ធ្វើ​ឲ្យ​​ពួកគេ​ធ្លាក់​ខ្លួន​ជាប់​នៅ​លើ​ទូក​ទាំង​នេះ។

លោក​បានមាន​ប្រសាសន៍​​ថា “ពួកគេ​ជា​កម្មករ​គ្មាន​លិខិត​ស្នាម​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បាន​បង់​លុយ​ឲ្យ​ខ្យល់​​​រៀបចំ​ការ​ងារ​​សំណង់​ឲ្យ​ពួកគេ ប៉ុន្តែ​មេខ្យល់​នោះ​បាន​នាំ​បុរស​ទាំង​នេះ​ទៅ​ផឹកស៊ី ហើយ​ពួកគេ​ទាំង​អស់​ក៏​បាន​សន្លប់។ នៅ​ពេល​ពួកគេ​ដឹង​ខ្លួន​ឡើង​ គឺពួកគេ​នៅ​កណ្ដាល​សមុទ្រទៅ​ហើយ​។ វា​សំណាង​ណាស់​ដែលអ្នក​នេសាទ​ខ្មែរ​យើង​​ត្រូវ​បាន​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ប្រទះឃើញ ពីព្រោះ​ពួកគេ​​ត្រូវ​បាន​​ជនជាតិ​ថៃ​ដែល​ចាប់ពួកគេ​ទៅ​ បង្ខំ​ឲ្យធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ”។

នេះ​ស​បង្ហាញ​ថា ពលករ​ខ្មែរ​ដែល​​គ្មាន​លិខិត​ស្នាម​ត្រឹម​ត្រូវងាយ​នឹង​រង​គ្រោះ​​ខ្លាំង​ណាស់​​ ដោយ​សារ​មេខ្យល់​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​លក់ពលករ​​​​ឲ្យ​ទៅ​ធ្វើការ​លើ​ទូក​​នេសាទ​ថៃ​ខុសច្បាប់រាប់ពាន់គ្រឿង​ក្នុង​នាម​ជា​ទាសករ​។

សូម​បញ្ជាក់​ថា បុរស​ខ្មែរ​២០​នាក់​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ដែន​សមុទ្រ​របស់​ឥណ្ឌូនេស៊ី​ ដដែល​នេះ​កាលពី​ខែ​វិច្ឆិកា។ បណ្ដា​អង្គការ​សិទ្ធិមនុស្ស​និយាយ​ថា ​ពេល​នេះ​ពលករ​ជាច្រើន​​ដែល​គេ​មិន​ដឹង​ចំនួន​ច្បាស់​លាស់ កំពុង​ធ្វើ​ការ​​ដូច​ជា​ទាសករ​៕ សុខុម​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស