យោងតាមបទបញ្ជារបស់រដ្ឋាភិបាល និងមន្ត្រីក្នុងជួរគណៈកម្មការបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការមួយដែលមានសមាជិក២០រូបដើម្បីរៀបចំគម្រោងសាងសង់វិមានអនុស្សាវរីយ៍មួយក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីធានាថា កេរដំណែលរបស់លោកត្រូវបានថែរក្សាទុកច្រើនជំនាន់ទៀត។
យោងតាមលោក ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា វិមានអនុស្សាវរីយ៍គោលនយោបាយ “ឈ្នះឈ្នះ” របស់លោក ហ៊ុន សែន ដែលលោកលើកសរសើរពីការបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនឆ្នាំបន្ទាប់ពីការដួលរលំរបបខ្មែរក្រហមនោះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ១៥ហិកតា ដែលជាអំណោយរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ជាពាណិជ្ជករម្នាក់ក្នុងចំណោមពាណិជ្ជករមានទ្រព្យស្ដុកស្ដម្ភក្នុងប្រទេសកម្ពុជា។
លោក ជុច ភឿន ដែលស្ថិតក្នុងក្រុមគណៈកម្មការដើម្បីសិក្សានិងរៀបចំការសាងសង់វិមានអនុស្សាវរីយ៍នេះបានមានប្រសាសន៍ថា “ក្រុមការងារកំពុងធ្វើផែនការមេនៅឡើយ។ នឹងមានវិមានដ៏ធំមួយស្ថិតនៅចំកណ្ដាល ហើយវិមាននេះព័ទ្ធជុំវិញដោយអគារចំនួនបួន។ យើងក៏នឹងសាងសង់សួនច្បារផងដែរ”។
លោក ជុច ភឿន បានមានប្រសាសន៍ថា “វិមាននេះនឹងសាងសង់យ៉ាងតិចកម្ពស់៥០ម៉ែត្រ។ លោកបានមានប្រសាសន៍ថា យើងនឹងសាងសង់វិមានអនុស្សាវរីយ៍គោលនយោបាយឈ្នះឈ្នះនេះនៅចំកណ្ដាល ហើយនៅជាន់ក្រោមនឹងជាអគារធម្មតា ដើម្បីគាំទ្រវិមានដ៏ធំនេះ ដែលនឹងមានកម្ពស់៥០ទៅ៦០ម៉ែត្រ”។
រដ្ឋលេខាធិការរូបនេះបានមានប្រសាសន៍ថា នៅតាមជញ្ជាំងវិមាននឹងមានចម្លាក់ពណ៌នាអំពីការវិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ក្នុងរយៈពេល៣ទសវត្សរ៍ចុងក្រោយ រួមមានព្រឹត្តិការណ៍នៃការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ និងការដួលរលំរបបខ្មែរក្រហម ៧ មករា ១៩៧៩ ដែលបន្ទាប់ពីនោះវៀតណាមបានលើកបន្តុបរដ្ឋាភិបាលដែលរួមមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស។
លោក ជុច ភឿន បានមានប្រសាសន៍ថា ប៉ុន្តែវិមាននេះជា “សំខាន់ពណ៌នាអំពីថា តើគោលនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានអនុវត្តដូចម្តេចនៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាខេត្ត និងតំបន់ដែលមានវិវាទ”។
លោក ជុច ភឿន បានមានប្រសាសន៍ថា អគារដែលព័ទ្ធជុំវិញវិមានដ៏ធំនេះនឹងជាកន្លែងសម្រាប់តម្កល់ឯកសារប្រវត្តិសាស្ត្រ រូបថត និងខ្សែអាត់វីដេអូ ដោយមានកន្លែងសម្រាប់ស្រាវជ្រាវ និងភោជនីយដ្ឋានផងដែរ។ លោកបានបន្ថែមថា ការសាងសង់រំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលពីរឆ្នាំ។
យោងតាមលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលដឹកនាំគណៈកម្មការសាងសង់វិមានអនុស្សាវរីយ៍នេះបានឲ្យដឹងថា បើទោះជាការចំណាយទៅលើគម្រោងនេះមិនទាន់ត្រូវបានកំណត់ក៏ដោយ ក៏ទឹកប្រាក់ភាគច្រើននឹងបានមកពីបុគ្គលឯកជនដែរ។
ឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា ” ខ្ញុំសូមបញ្ជាក់ឲ្យបានច្បាស់ថា យើងនឹងប្រើប្រាស់ថវិការបស់រដ្ឋាភិបាលមួយភាគតូចប៉ុណ្ណោះសម្រាប់ការសាងសង់វិមានអនុស្សាវរីយ៍គោលនយោបាយឈ្នះឈ្នះនេះ”។
លោកបានបន្ថែមថា “យើងអំពាវនាវដល់សប្បុរសជន ឲ្យជួយចូលរួមចំណែកក្នុងការចំណាយនេះ ហើយខ្ញុំជឿថា អ្នកដែលស្រឡាញ់…ថែរក្សាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងភាពជាអ្នកដឹកនាំ នឹងជួយរួមចំណែកជាមិនខាន”។
បទបញ្ជាកាលពីថ្ងៃទី២២ ខែធ្នូ របស់រដ្ឋាភិបាលដោយការបង្កើតគណៈកម្មការដែលមានសមាជិក២០រូប បានហៅការសាងសង់វិមានអនុស្សាវរីយ៍នេះថាជា”ការចាំបាច់” ណាស់។
ឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា “យើងនឹងសរសេរឈ្មោះថា តើមានមនុស្សប៉ុន្មាននាក់បានបូជាជីវិតរបស់ខ្លួន…ដើម្បីបញ្ចប់សង្គ្រាមស៊ីវិល ហើយនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសព្វថ្ងៃនេះ”៕ សារុន