29.3 C
Phnom Penh

កម្មការិនីបីនាក់​​​បន្ថែម​​​ទៀត​​​​​​បាន​​​ដួល​​​សន្លប់​​​ ខណៈ​​​រោង​​​ចក្រ​​​​​​នៅ​​​ខេត្ត​​​ស្វាយ​​​រៀង​​​បើក​​​ឡើង​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​ទទួល​​​បន្ទុក​​​ផ្នែក​​​ដួល​​​សន្លប់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​ បាន​​​ប្រកាស​​​ការ​​​បើក​​​ឡើង​​​វិញ​​​នូវ​​​រោង​​​ចក្រ​​​មួយ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ជា​​​ទី​​​ដែល​​​កម្មករ​​​ចំនួន​​​១០០នាក់​​​បាន​​​ដួល​​​សន្លប់​​​ក្នុង​​​​​រយៈ​​​ពេល​​​ប្រហែល​​​​​​មួយ​​​សប្តាហ៍​​​កន្លង​​​មក​​​នេះ​​ដោយសារ​​​ក្លិន​​​​​​សារធាតុ​​​គីមី​​​។ ​​​រោង​​​ចក្រ​​​នេះ​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​បើក​​​ឡើង​​​វិញ​​​ បន្ទាប់​​​ពី​​​បាន​​​​​​កែ​​​លម្អ​​​ប្រព័ន្ធ​​​ខ្យល់​​​ចេញ​​​ចូល​​​រួច​​​ ប៉ុន្តែ ក្រោយ​​​ពេល​​​បើក​​​ឡើង​​​វិញ មាន​​​កម្មការិនី​​​​​​បី​​​នាក់​​​បន្ថែម​​​ទៀត​​​បាន​​​​​​ដួល​​​សន្លប់​​​។

រោង​​​ចក្រ​​​ You Li International គ្រប់​​​គ្រង​​​ដោយ​​​ជន​​​ជាតិ​​​ចិន​​​តៃវ៉ាន់​​​ត្រូវ​​​បាន​​​បញ្ជា​​​ឲ្យ​​​បិទ​​​បន្ទាប់​​​ពី​​​កម្មករ​​​បាន​​​ដួល​​​សន្លប់​​​ជា​​​ច្រើន​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ និង​​​ថ្ងៃ​​​ច័ន្ទ​​​ ប៉ុន្តែ ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​បើក​​​ឡើង​​​វិញ​​​កាល​​​ពី​​​​​​ម្សិលមិញ​​​ ដោយសារ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​កែ​​លម្អ​​​ប្រព័ន្ធ​​​ខ្យល់​​​ចេ​​​ញ​​​ចូល​​​ឲ្យ​​​បាន​​​​​​​​​ប្រសើរ​​​ជា​​​ង​​​មុន។

លោក ពុំ សុគន្ធា តំណាង​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មក​​​ពី​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា រោង​​​ចក្រ​​​នេះ​​​បាន​​​ដាក់​​​កង្ហារ​​​ចំនួន​​​១០​​​បន្ថែម​​​ទៀត​​​ ហើយ​​​ថា អ្នក​​​​​​គ្រប់​​​គ្រង​​​​​​រោង​​​ចក្រ​​​បាន​​​ធានា​​​ជួស​​​ជុល​​​បង្គន់​​​ឡើង​​​វិញ​​​ ហើយ​​​ប្រភព​​​នៃ​​​ក្លិន​​​សារធាតុ​​​គីមី​​​​​​​​​ក៏​​​ត្រូវ​​បាន​​​បោស​​​សម្អាត​​​តាម​​​ការ​​​សន្យា​​​ផង​​​ដែរ​​​។

លោក សុគន្ធា បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពីម្សិលមិញ​​​ថា​​​ “នៅ​​​ព្រឹក​​​មិញ​​​នេះ​​​មាន​​​កម្មការិនី​​​ចំនួន​​​បី​​​នាក់​​​បន្ថែម​​​ទៀត​​​បាន​​​ដួល​​​សន្លប់​​​ ប៉ុន្តែ ពួក​​​គេ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​វិញ។ ថ្ងៃ​​​េនះ​​​ស្ថានភាព​​​គឺ​​​ប្រសើរ​​​ជាង​​​ពី​​​មុន​​​”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា​​​ “យើង​​​បាន​​​ប្រាប់​​​រោង​​​ចក្រ​​​ឲ្យ​​​ដឹង​​​ពី​​​បញ្ហា​​​មួយ​​​ចំនួន​​​ពីមុន​​​មក​​​ ប៉ុន្តែ គេ​​​មិន​​​ដែល​​​ស្តាប់​​​យើង​​​ឡើយ​​​។ ប្រសិន​​​បើ​​​ពួកគេ​​​​​​បាន​​​ធ្វើ​​​តាម​​​ ម្លេ៉ះ​​​ប្រហែល​​​ជា​​​មិន​​​មាន​​​បញ្ហា​​​កើត​​​ឡើង​​​ដូច​​​[ឥឡូវ​​​]ឡើយ​​​”។

លោក ប៉ុក​​​ វណ្ណថាន ប្រធាន​​​គណៈកម្មការ​​​​​​ស្រាវ​​​ជ្រាវ និង​​​ទប់​​​ស្កាត់​​​​​​ការ​​​ដួល​​​សន្លប់​​​នៅ​​​ក្រសួង​​​ការងារ​​​​​​​​​​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ថយ​​​ចុះ​​​នៃ​​​ចំនួន​​​កម្មការិនី​​​​​​ដែល​​​ដួល​​​សន្លប់​​​ដោយ​​​សារ​​​ក្លិន​​​សារធាតុ​​​គីមី​​​កាល​​​ពី​​​ម្សិលមិញ​​​ គឺ​​​ជា​​​លទ្ធផល​​​ដែល​​​បាន​​​មក​​​ពី​​​ការ​​​កែ​​​លម្អ​​​ប្រព័ន្ធ​​​ខ្យល់​​​ចេញ​​​ចូល​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “នៅ​​​ថ្ងៃ​​​នេះ​​​បញ្ហា​​​ភាគ​​​ច្រើន​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​ហើយ” ។ លោក​​​បាន​​​​​​បន្ថែម​​​ថា លោក​​​ជឿ​​​ជាក់​​​ថា រោង​​​ចក្រ​​​នៅក្រុង​​​បាវីត​​​នេះ​​​​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ផ្តល់​​​ស​​ិទ្ធិ​​​​​​សេរីភាព។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ត​​​ថា “តំបន់​​​នេះ​​​​កំពុង​​​អភិវឌ្ឍ​​​នៅ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​សុវត្ថិភាព​​​រោង​​​ចក្រ​​​ក៏​​​នៅ​​​មាន​​​កម្រិត​​​នៅ​​​ឡើយ​​​ដែរ”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “យើង​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​​​រោង​​​ចក្រ​​​ដាក់​​​កង្ហារ​​​បន្ថែម​​​ទៀត​​​​​​​​​ ពង្រីក​​​​​​បង្អួច​​​រោង​​​ចក្រ​​​ឲ្យ​​​បាន​​​ធំ​​​ជាង​​​មុន​​​ ដើម្បី​​​ឲ្យ​​​ខ្យល់​​​ចេញ​​​​​​ចូល​​​បាន​​​ច្រើន​​​​​​ ហើយ​​​ជួស​​​ជុល​​​​​​បង្គន់​​​ដោយ​​​​​​ដាក់​​​កង្ហារ​​​បឺត​​​ខ្យល់​​​។ យើង​​​បាន​​​ប្រាប់​​​សមាជិក​​​សហជីព​​​ថា ប្រសិនបើ​​​រោង​​​ចក្រ​​​មិន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ​​​ទេ សូម​​​ជូន​​​ដំណឹង​​​មក​​​យើង​​​”។

មន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​រូប​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ថា កម្មការិនី​​​​​​ដែល​​​ដួល​​​សន្លប់​​​​​​អាច​​​ឈប់ ​​​សម្រាក​​​មួយ​​​សប្តាហ៍​​​ដោយ​​​គ្មាន​​​ការ​​​កាត់​​​ប្រាក់​​​ខែ ហើយ​​​គេរំពឹង​​​ថា ពួក​​​គេ​​​នឹង​​​អាច​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​វិញ​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កម្មករ​​​ដែល​​​ដួល​​​សន្លប់​​​​​នឹ​​​ងទទួល​​​បាន​​​ការ​​​សម្រាក​​​ដោយ​​​​​​មិន​​​ត្រូវ​​​បាន​​​កាត់​​​ប្រាក់​​​ខែ​​​ ព្រោះ​​​ថា​​​ពួក​​​គេ​​​ដួល​​​សន្លប់​​​ពេល​​​បំពេញ​​​ការ​​​ងារ​​​”។ តំណាង​​​រោង​​​ចក្រ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ឡើយ​​​៕ស៊ុយឈាង​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស