សហជីពធំជាងគេចំនួនបីក្នុងប្រទេសកម្ពុជាកាលពីថ្ងៃពុធបានបន្ថែមសំឡេងរបស់ខ្លួនទៅនឹងយុទ្ធនាការសាកល ដែលជំរុញរដ្ឋសមាជិកនៃស្ថាប័នគ្រប់គ្រងរបស់អង្គការពលកម្មអន្តរជាតិ (ILO) ដែលប្រទេសកម្ពុជាបានចូលរួមនាពេលថ្មីៗ កុំឲ្យលុបចោលជម្រើសធ្វើកូដកម្មដែលជាសិទ្ធិមូលដ្ឋាន។
ការអំពាវនាវនេះធ្វើឡើងមុនកិច្ចប្រជុំអង្គការពលកម្មអន្តរជាតិនៅទីក្រុងហ្សឺណែវនាចុងខែនេះ រវាងរដ្ឋាភិបាល សហជីព និងនិយោជក ស្តីពីអនុសញ្ញា៨៧របស់អង្គការពលកម្មអន្តរជាតិ ដែលរួមមានសិទ្ធិធ្វើការរៀបចំ និងសិទ្ធិបង្កើតសមាគម។
ប្រទេសកម្ពុជា ដែលបានផ្តល់សច្ចានុមតិអនុសញ្ញានេះក្នុងឆ្នាំ១៩៩៩ ទទួលបានអាសនៈប្តូរវេននៅស្ថាប័នគ្រប់គ្រងដែលមានសមាជិក៥៦នេះកាលពីខែមិថុនា ដោយផ្តល់ឲ្យខ្លួននូវសំឡេងបោះឆ្នោតមួយនៅលើគោលនយោបាយអង្គការពលកម្មអន្តរជាតិសម្រាប់រយៈពេលបីឆ្នាំបន្ទាប់។
ក្នុងពេលដែលមានកង្វល់កាន់តែខ្លាំងឡើងដែលថានិយោជកមានសំឡេងនៅអង្គការពលកម្មអន្តរជាតិចង់បន្ថយសិទ្ធិធ្វើកូដកម្មនោះ សហព័ន្ធសហជីពអន្តរជាតិ ហៅកាត់ថា ITUC បានប្រកាសយកថ្ងៃពុធ ជាថ្ងៃសកម្មភាពដើម្បីការពារសិទ្ធិនេះ។
នៅទីក្រុងភ្នំពេញ សមាជិកក្នុងស្រុករបស់ ITUC គឺសហភាពការងារកម្ពុជា សហភាពសហជីពកម្ពុជា និងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានចេញមុខរួមគ្នាជាសាធារណៈប្រកាសការគាំទ្ររបស់ខ្លួន។
អនុសញ្ញា៨៧មានចំណុចមិនដាច់ស្រេចរវាងសហជីពនិងនិយោជកជាច្រើនឆ្នាំមកហើយ បណ្តាលឲ្យមានការគិតស្មានកាន់តែខ្លាំងថា អង្គការពលកម្មអន្តរជាតិអាចបោះឆ្នោតស្នើឲ្យតុលាការអន្តរជាតិនៅក្រុងឡាអេចូលរួមធ្វើអន្តរាគមន៍។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាបានព្រមានថា ច្បាប់ការងារកម្ពុជាការពារសិទ្ធិធ្វើកូដកម្ម ដោយមានលក្ខខណ្ឌ។ ប៉ុន្តែ ប្រសិនបើអនុសញ្ញាអង្គការពលកម្មអន្តរជាតិត្រូវបញ្ជូនទៅតុលាការអន្តរជាតិ ហើយត្រូវគេបដិសេធចោលនោះ រោងចក្រនានានៅកម្ពុជាអាចប្រើវាជាលេសមួយដើម្បីកាន់តែរឹតបន្តឹងហជីពក្នុងស្រុកថែមទៀត។
លោកបាននិយាយថា “ប្រសិនបើ [អនុសញ្ញានេះ] ត្រូវគេលុបចោល វានឹងជាឧបករណ៍មួយសម្រាប់និយោជករំខានធ្វើបាបកម្មករថែមទៀត…។ សូម្បីតែច្បាប់កម្ពុជាចែងយ៉ាងច្បាស់អំពីសិទ្ធិរបស់កម្មករក៏ដោយ ក៏និយោជកនៅតែអាចកេងចំណេញពីពួកគេបាន”។
លោក ដេវីដ វែល (David Welsh) នាយកប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាពមានមូលដ្ឋាននៅអាមេរិក បាននិយាយថា វាពិបាកនិយាយជាមុននូវអ្វីដែលនឹងកើតចេញពីកិច្ចប្រជុំរបស់អង្គការពលកម្មអន្តរជាតិស្តីពីអនុសញ្ញានេះ។ “តាមពិត ប្រាកដណាស់ថា តាមគោលការណ៍ច្បាប់ទាំងអស់របស់អង្គការពលកម្មអន្តរជាតិគាំទ្រជំហរឲ្យមានសិទ្ធិធ្វើកូដកម្ម និងបានបន្ថែមទៀតថា វានឹងធ្វើឲ្យខកចិត្ត ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនយល់ព្រម។ អ្នកនាំពាក្យក្រសួងការងារមិនអាចទាក់ទងសុំការអធិប្បាយបានទេ៕ មានិត