32 C
Phnom Penh

​ប្រទះ​ឃើញ​សព​ជនរងគ្រោះ​ទី២​ទើ​លើ​​ដំបូល​​ ក្រោយ​គ្រោះ​​ថ្នាក់​ចរាចរណ៍​ដ៏រន្ធត់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សព​របស់​បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​ខ្ទាត​ចេញ​ពី​ខាង​ក្រោយ​ម៉ូតូ​ដែល​បុក​​ចំពី​មុខ​រថយន្ត​មួយ​គ្រឿង​នៅ​ក្នុង​ខណ្ឌ​​ជ្រោយ​ចង្វារ ​កាលពី​ព្រលប់​ថ្ងៃពុធ ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​លើ​ដំបូល​ខាង​មុខ​​ភូមិគ្រឹះ​មួយ​កាលពី​ព្រឹក​ម្សិលមិញ។

យោង​តាម​លោក យឹម សុខា នាយរង​ប៉ុស្តិ៍​សង្កាត់​ជ្រោយ​ចង្វារ​បាន​ឲ្យ​ដឹង​ថា នគរ​បាល​ដែល​ដំបូង​ឡើយ​គិត​ថា មាន​តែ​អ្នក​បើក​បរ​ម៉ូតូ​អាយុ​២២​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​ជា​ជនរង​គ្រោះ​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​បាន​ដឹង​ថា សព​របស់​បុរស​រូប​នេះ​ខ្ទាត​​​​ទៅ​ទើ​លើ​ដំបូល​នោះ​ឡើយ។ អាជ្ញាធរ​នៅ​កន្លែង​កើត​ហេតុ​ដែល​កើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​ កែវ ​ចិន្តា ក្នុង​សង្កាត់​​ជ្រោយចង្វារ​ នៅ​ម៉ោង​ប្រហែល​៦ព្រលប់​ថ្ងៃ​ពុធ​​​ ​បាន​ចាប់​ខ្លួន​អ្នក​បើក​បរ​រថយន្ត​ឈ្មោះ ហ៊ុយ សុធារិទ្ធ អាយុ​៣៦​ឆ្នាំ ប៉ុន្តែ​មិន​អាច​សង្គ្រោះ​​អាយុជីវិត​អ្នក​បើក​បរ​ម៉ូតូ​ឈ្មោះ រឿន ចាន់ថន ដែល​ស្លាប់​ដោយ​សារ​របួស​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បាន​ឡើយ​។

លោក សុខា បាន​លើក​ឡើង​ថា នៅ​ម៉ោង​​៧និង​៣០​នាទី​ព្រឹក​ម្សិលមិញ ម្ចាស់​ភូមិគ្រឹះ​បាន​​ហៅ​ទូរស័ព្ទ​ទៅ​នគរ​បាល​ដើម្បី​រាយការណ៍​​អំពី​ការ​រក​ឃើញ​សព​នៅ​លើ​ដំបូល​​ បន្ទាប់ពី​ឃើញ​មាន​ឈាម​ស្រក់​តាម​ពីដាន។

លោក​បានមាន​ប្រសាសន៍​ថា “យើង​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​កន្លែង​កើត​ហេតុ ហើយ​មិន​បាន​ឃើញ​អ្វី​ផ្សេងទៀត​ឡើយ​ ប៉ុន្តែ​នៅ​ព្រឹក​មិញ​នេះ​យើង​បាន​រក​ឃើញ​ជន​រងគ្រោះ​ម្នាក់​ទៀត​នៅ​លើ​ដំបូល​​ដែល​មាន​កម្ពស់​៣,៥០​ម៉ែត្រ​។ យើង​មិន​ដឹង​​ថា តើ​ជនរងគ្រោះ​ប៉ើង​ទៅ​ទើ​នៅ​ទីនោះ​​ដោយ​របៀប​ណាឡើយ”។

នគរ​បាល​​បាន​កំណត់​អត្តសញ្ញាណជន​រងគ្រោះ​ទី២​ថា មាន​ឈ្មោះ ស្រេង បូរិន ហើយ​ថា គ្រួសារ​របស់​ជនរងគ្រោះ​បាន​បញ្ជាក់​ថា ជនរងគ្រោះ​រូប​នេះ​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​បើក​បរ​ម៉ូតូ ដោយ​ពួកគេ​បាន​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ភោជនីយដ្ឋាន​តាសេក​១ នៅ​​ជ្រោយ​ចង្វារ។

អ្នកស្រី ស្រេង សុខន ម្ដាយ​មីង​របស់ ស្រេង បូរិន ​បាន​លើក​ឡើង​ថា ពួកគេ​ទាំងពីរ​នាក់​នេះ​​បាន​​ចេញទៅ​ក្រៅ​​ដោយ​ជិះម៉ូតូ​ជាមួយ​គ្នា​នៅ​ព្រលប់​ថ្ងៃ​កើត​ហេតុ។ បន្ទាប់ពី​ទទួល​​បាន​ដំណឹងអំព​ីគ្រោះ​ថ្នាក់​នេះ គ្រួសារ​អ្នកស្រី​បាន​ស្នើ​ឲ្យ​នគរ​បាល​តាម​រក​ក្មួយ​ប្រុស​រូប​នេះ​ដែរ។

អ្នក​ស្រី​បាន​និយាយ​ថា “យើង​ឆ្ងល់​ថា តើ​ហេតុ​អ្វី​បាន​ជា​នៅ​ពេល​​ម៉ូតូ​មួយ​ជិះ​គ្នា​២​នាក់ តែ​គេ​រក​ឃើញ​ជនរងគ្រោះ​​តែ​ម្នាក់​ទៅវិញ​។ ខ្ញុំ​មិន​បាន​គិត​ដល់​សោះ​​ថា គេ​រក​ឃើញ​ក្មួយ​របស់​ខ្ញុំ​នៅ​​លើ​ដំបូល​នោះ​”។

ម្ចាស់​ភូមិគ្រឹះ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​បាន​លើក​ឡើង​ថា គ្រួសារ​របស់​អ្នកស្រី​បាន​​ឮ​សំឡេង​ចេញពី​ដំបូល​ខាង​មុខ​ផ្ទះ​នៅ​យប់​នោះ​។ ម្ចាស់​ភូមិគ្រឹះ​រូប​នេះ​បាន​និយាយ​ថា “នៅពេល​ពាក់​កណ្ដាល​អធ្រាត្រ​​យើង​បាន​ឮ​សំឡេង​ថ្ងូរ​ចេញពី​​ដំបូល​ខាង​មុខ ប៉ុន្តែ​មិន​បាន​ចេញទៅ​មើល​ទេ ព្រោះ​យើង​គិត​ថា អាច​ជា​សំឡេង​ឆ្មា ឬ​សំឡេង​ខ្មោច”៕ ស៊ុយឈាង​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស