35 C
Phnom Penh

​​បុរស​​​ពីរ​​​នាក់​​​បង​​​ប្អូនត្រូវ​​​ជាប់​​​ពន្ធនាគារ​​​ក្រោយ​​​ពី​​​វាយ​​​នគរបាល​​​ចរាចរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ បុរស​​​ពីរ​​​នាក់​​​បង​​​ប្អូន​​​ប្រុស​​​បាន​​​​​​ចូល​​​ខ្លួន​​​ទៅ​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពត​​​ ហើយ​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​មន្ត្រី​​​សាធារណៈ​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​បើក​​​រថយន្ត​​​វែន​​​​​​ទម្លុះ​​​របាំង​​​ប៉ុស្តិ៍​​​ត្រួត​​​ពិនិត្យ​​​របស់​​​នគរ​​​បាល​​​ចរាចរ​​​នៅ​​​ក្នុង​​​ស្រុក​​​ឈូក​​​ ខេត្ត​​​កំពត​​​ ហើយ​​​បន្ទាប់មក​​​ថែម​​​ទាំង​​​បាន​​​វាយ​​​នគរបាល​​​ដែល​​​ផាក​​​ពិន័យ​​​ពួក​​​គេ​​​ទៀត​​​ផង​​​។

ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ ហង្ស សុគន្ធ​​​វឌ្ឍនា បាន​​​មាន​​​ប្រសាសន៍​​​ថា សេ តូ អាយុ​​​២៩​​​​​​ឆ្នាំ និង​​​ប្អូន​​​ប្រុស​​​ឈ្មោះ​​​ សេ យ៉ា អាយុ​​​២៦​​​ឆ្នាំ ត្រូវ​​​បាន​​​បញ្ជូន​​​ខ្លួន​​​​​​ទៅ​​​កាន់​​ពន្ធនាគារ​​​ខេត្ត​​​ បន្ទាប់ពី​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​សាក​​​សួរ​​​ពួក​​​គេ​​​​​​នៅ​​​រសៀល​​​នេះ​​​រួច​​​យើង​​​បាន​​​សម្រេច​​​ចោ​​​ទ​​​ប្រកាន់​​​ពួកគេ​​​ពី​​​បទ​​​រារាំង​​​មន្ត្រី​​​សាធារណៈ​​​តាម​​​មាត្រា​​​៥០៣​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ “។

យោង​​​តាម​​​មាត្រា​​​នេះ​​​ បង​​​ប្អូន​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ត្រូវ​​​ប្រឈម​​​ការ​​​ជាប់​​​ពន្ធនាគារ​​​ពី​​​មួយ​​​ខែ​​​ទៅ​​​បី​​​ខែ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៥០​០.០០០រៀល​​​ (ប្រហែល​​​១២៥​​​ដុល្លារ​​​)  ប្រសិន​​​បើ​​​តុលាការ​​​សម្រេច​​​ឲ្យ​​​ជាប់​​​ទោស​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​។

ទោះ​​​បី​​​ជា​​​នគរ​​​បាល​​​មិន​​​កាន់​​​ជើង​​​ខាង​​​ណា​​​​​​ក្នុង​​​បញ្ហា​​​នេះ​​​ក្តី​​​ ក៏​​​លោក ម៉ៅ ចាន់​​​ម៉ាធុរិទ្ធ ស្នង​​​ការ​​​រង​​​ខេត្ត​​​កំពត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សប្បាយ​​​ចិត្ត​​​ដែល​​​បង​​​ប្អូន​​​ប្រុស​​​ពីរ​​​នាក់​​​នេះ​​​ជាប់​​​ពន្ធនាគារ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “ជន​​​សង្ស័យ​​​ត្រូវ​​​តែ​​​ជាប់​​​គុក​​​ ពីព្រោះ​​​ពួកគេ​​​​​​វ៉ៃ​​​មន្ត្រី​​​សាធារណៈ​​​។ យើង​​​មិន​​​កាន់​​​ជើង​​​មន្ត្រី​​​របស់​​​យើង​​​ទេ​​​ យើង​​​ដោះ​​​ស្រាយ​​​ករណី​​​នេះ​​​តាម​​​ផ្លូវ​​​ច្បាប់ ហើយ​​​បើ​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​យើង​​​ប្រព្រឹត្ត​​​បទល្មើស​​​ ពួក​​​គេ​​​ក៏​​​ត្រូវ​​​ប្រឈម​​​ចំពោះ​​​មុខ​​​ច្បាប់​​​ដែរ”៕សុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស