កាលពីយប់មិញ កងរាជអាវុធហត្ថខេត្តតាកែវ បានចាប់ខ្លួនឧត្តមសេនីយ៍មួួយរូបដែលជាមនុស្សជំនិតរបស់លោក អាំង មាលតី ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដកចេញពីតំណែងជាផ្លូវការកាលពីថ្ងៃពុធ ចំពេលមានការចោទប្រកាន់ពីបទអំពើពុករលួយ
ដ៏ធំ។
ឧត្តមសេនីយ៍ត្រី ឡា ឡាយ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានមានប្រសាសន៍ថា កូនចៅរបស់លោកបានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាប់ខ្លួនឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី នាយសេនាធិការរងនៃកងកងទ័ពជើងគោក។
លោកបានមានប្រសាសន៍ថា “យើងបានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាប់ខ្លួន ពេជ្រ ព្រហ្មមុន្នី នៅឃុំរវៀង ស្រុកសំរោង។ ខ្ញុំមិនដឹងពីមូលហេតុទេ អស់លោកអាចសួរទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេសបាន”។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានមានប្រសាសន៍កាលពីយប់មិញថា ឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានឃាត់ខ្លួនក្រោយពីមានដីកាឃាត់ខ្លួនចេញដោយសាលាដំបូងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនគាត់នៅម៉ោងប្រហែល៦ល្ងាច ហើយយើងបាននាំខ្លួនគាត់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ គាត់ត្រូវបានចោទប្រកាន់ពីបទរារាំងការងារមន្ត្រីសាធារណៈ”។
លោក អាំង មាលតី ត្រូវបានដកចេញពីតំណែងជាផ្លូវការក្នុងថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅក្នុងសុន្ទរកថាជាសាធារណៈថា ការសូកប៉ាន់ប្រាក់ចំនួន៥លានដុល្លារប្រហែលជាបានបណ្តាលឲ្យសាលាដំបូងរាជធានីកែប្រែសេចក្តីរបស់ខ្លួនក្នុងការច្រានចោលសំណើសុំនៅក្រៅឃុំសម្រាប់ឪពុកម្តាយរបស់ឧត្តមសេនីយ៍ទោ ថោង សារ៉ាត់ ដែលជាប់ចោទថាជាមេខ្លោងនៅពីក្រោយការធ្វើឃាតឧកញ៉ា អឹុង ម៉េងជឺ កាលពីខែវិច្ឆិកា។
លោក ខេង ទីតូ បានលើកឡើងបន្ថែមនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួន ខណៈកំពុងបួងសួងនៅវត្តប្រាសាទនាងខ្មៅក្នុងស្រុកសំរោង ហើយក៏បានបង្ហោះវីដេអូរូបឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី ដែលពាក់អាវកបើកពណ៌ស និងមួកកាតិប ពណ៌ក្រហមពេលទៅដល់សាលាដំបូងរាជធានីភ្នំពេញ។
លោកបានមានប្រសាសន៍តាមទូរស័ព្ទថា “គាត់ត្រូវបានចោទប្រកាន់ពីបទរារាំងការងារមន្ត្រីសាធារណៈ និងពីបទប្រើប្រាស់ស្លាកលេខខេមរភូមិន្ទមិនត្រឹមត្រូវ”។ នៅពេលសាកសួរថា តើការចាប់ខ្លួននេះជាប់ពាក់ព័ន្ធនឹងការដោះលែងឪពុកម្តាយរបស់ ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំ ឬយ៉ាងណានោះ លោក ខេង ទីតូ បានមានប្រសាសន៍ថា “មែន” ។
ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានដក អាំង មាលតី ចេញពីតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ ពោលគឺតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពានរិះគន់លោកខ្លាំងៗចំពោះការដោះស្រាយសំណុំរឿងដ៏ក្រក្រើកមួយប្រឆាំង ថោង សារ៉ាត់ ដែលជាប់ចោទថា ជាមេខ្លោងនៅពីក្រោយករណីធ្វើឃាតឧកញ៉ា អឹុង ម៉េងជឺ។
នៅពេលសាកសួរថា តើការចាប់ខ្លួនកាលពីម្សិលមិញពាក់ព័ន្ធនឹងការដោះខ្លួនឪពុកម្តាយរបស់ ថោង សារ៉ាត់ ដែលជាប់ចោទពីបទរក្សាទុកអាវុធខុសច្បាប់ និងដែលត្រូវបានចាប់ខ្លួនឡើងវិញកាលពីថ្ងៃអាទិត្យខណៈកំពុងព្យាយាមរត់គេចខ្លួនទៅកាន់ប្រទេសវៀតណាម ក្រោយពីទទួលបានការដោះលែងនៅក្រៅឃុំកាលពីដើមខែនេះ ឬយ៉ាងណានោះ លោក ខេង ទីតូ បានឆ្លើយថា “មែន”។
អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនេះបានសរសេរនៅទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីយប់មិញថា ឧត្តមសេនីយ៍ ពេជ្រ ព្រហ្មមុន្នី ត្រូវបានចាប់ខ្លួនខណៈកំពុងបួងសួងនៅវត្តប្រាសាទនាងខ្មៅ ក្នុងស្រុកសំរោង ហើយក៏បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពឧត្តមសនីយ៍ ពេជ្រ ព្រហ្មមុន្នី ពាក់អាវកបើក និងមួកកាតឹបពណ៌ក្រហមទៅដល់សាលាដំបូងរាជធានីផងដែរ។
លោក អាំង មាលតី ដែលបានឡើងកាន់តំណែងជាប្រធានសាលាដំបូងរាជធានីកាលពីខែមេសា បានស្នើសុំឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី កាលពីខែកក្កដាឲ្យមក ”ជួយផ្តល់សន្តិសុខ និងរក្សាសណ្តាប់ធ្លាប់សាធារណៈនៅសាលាដំបូងរាជធានីភ្នំពេញ” នេះបើយោងតាមលិខិតមួយច្បាប់ដែលលោកបានផ្ញើជូនលោក មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ។
កាលពីយប់មិញ ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី បានស្ថិតនៅក្នុងសាលាដំបូងរាជធានីនៅឡើយ ហើយឧត្តមសេនីយ៍ត្រី ខេង ទីតូ បានមានប្រសាសន៍ថា លោក ពេជ្រ ព្រហ្មមុន្នី នឹងត្រូវឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅពេលព្រះរាជអាជ្ញារង លី សុផាណា បញ្ចប់ការសាកសួរគាត់។ ចំណែកឯលោក លី សុផាណា មិនអាចទាក់ទងសុំការបំភ្លឺបានទេពាក់ព័ន្ធនឹងបញ្ហានេះ៕សុខុម